គ្មានទេការពិភក្សា អំពីការបែងចែកអំណាច ។ នេះជាការលើកឡើងរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅចំពោះសកម្មជនអ្នកគាំទ្ររបស់ខ្លួនរាប់ពាន់នាក់ នៅក្នុងក្រុងបាត់ដំបងខេត្តបាត់ដំបង នៅថ្ងៃសុក្រនេះ។
លោក សម រង្ស៊ី បានប្រកាសថា លោកនឹងទៅ ចូលរួមចរចា តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រជាមួយលោក ហ៊ុន សែន នៅថ្ងៃស្អែកនេះ។ ក៏ប៉ុន្តែមេដឹកនាំ បក្សប្រឆាំងរូបនេះ បានបញ្ជាក់ថា ការជួបចរចានោះ គ្មានទេការពិភក្សា អំពីការបែងចែកអំណាចជាមួយនឹងគណបក្សកាន់អំណាចដើម្បី បង្កើតរដ្ឋាភិបាលនោះទេ ពោលគឺមានតែមួយគត់ប៉ុណ្ណោះ គឺចរចាដើម្បីបង្កើតគណៈកម្មការពិសេស ដើម្បីស៊ើបអង្កេតរកភាពមិនប្រក្រតីពេលបោះឆ្នោត។
គួរបញ្ជាក់ថា ខេត្តបាត់ដំបង ជាខេត្តចុងក្រោយហើយ ដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ ចុះជួបប្រជាពលរដ្ឋ បន្ទាប់ពីបានចុះជួបប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ដ-រាជធានីមួយចំនួន រួចមកហើយ ដូចជា ខេត្តកណ្ដាល រាជធានីភ្នំពេញ ខេត្ដសៀមរាប និងខេត្តពោធិ៍សាត់។ នៅខេត្តបាត់ដំបង គណបក្សសង្គ្រោះជាតិ បានហែក្បួន ដែលមានសមាជិក ប្រមាណ៥០០០នាក់ចូលរួម ដោយស្រែកទាមទាររកយុត្តិធម៌ និងមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ។
ដំណើរជួបប្រជាពលរដ្ឋរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ គឺមុនពេលគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣។ ជាមួយគ្នានេះដំណើររបស់លោក សម រង្ស៊ី ក៏ជាការប្រកាសអោយប្រជាពលរដ្ឋចូលរួមបាតុកម្ម បាតុកម្មដែលអះអាង ថា ធ្វើឡើងដោយសន្ដិវិធី និងអហិង្សា ដើម្បីប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោត និងទាមទារឲ្យបង្កើត គណៈកម្មការឯករាជ្យ ដោះស្រាយបញ្ហាបោះឆ្នោត។
យ៉ាងណាក៏ដោយ បាតុកម្ម លើកទី២នេះ នឹងមិនមានការប្រែប្រួលឡើយ ទោះជាមានការប្រជុំ រវាងថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ តាមការអញ្ជើញរបសព្រះមហាក្សត្រក៏ដោយ។ នេះបើតាមការឲ្យដឹង លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៣ ខែកញ្ញានេះ។(ដោយៈជា ធារិទ្ធិ)
Source from: Vayofm

Loading...
Loading...