លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំបក្សប្រឆាំងដ៏សំខាន់នៅប្រទេសមីយ៉ាន់ម៉ា បានលើកឡើង កាលពីថ្ងៃព្រហស្បត៍ថា លោក ស្រីតែម្នាក់ឯងមិនអាចដោះស្រាយវិបត្តិអំពើរហិង្សារវាង ក្រុមសហគមន៏អ្នកកាន់សាសនាព្រះពុទ្ធ និង សហគមន៏អ្នកកាន់សាសនាឥស្លាមបានឡើយ ប៉ុន្តែ ដំណោះស្រាយពិតប្រាកដនោះ គឺត្រូវបង្កើតនូវវិធានការច្បាប់។
សូមបញ្ជាក់ថា បើតាមការអះអាងនាពេលកន្លងមក មេដឹកនាំបក្សប្រឆាំងរូបនេះគ្រោងនឹងឈរឈ្មោះក្នុងតំណែងប្រធានាធិបតីសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ឆ្លើយទៅនឹងសំនួរ របស់ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញកាលពីថ្ងៃព្រហស្បត៍កន្លងទៅនោះ លោកស្រី អ៊ុង សានស៊ូជីបានអះអាងថា បញ្ហាដ៏រង្គោះ រង្គើរក្នុងប្រទេសមីយ៉ាន់ម៉ា បង្កឡើងដោយហិង្សាសាសនាគឺ រវាងសហគមន៏អ្នកកាន់សាសនាឥស្លាម និងអ្នកកាន់ព្រះពុទ្ធសាសនានោះ លោក ស្រីម្នាក់ឯងគឺមិន អាចដោះស្រាយបានឡើយ តែដំណោះស្រាយពិតប្រាកដនោះ ចាំបាច់ត្រូវបង្កើតវិធានការច្បាប់ឲ្យបានច្បាស់លាស់។
លោកស្រីបន្តថាវា ជារឿងដែលសង្គមទាំងមូលត្រូវចូលរូមដោះស្រាយទំាងអស់គ្នា។សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់អតីត ប្រធានាធិបតីនៃប្រទេសនេះ។ការចោទសួរនូវសំនួររបស់ក្រុមអ្នកសារព័ត៌មានទាក់ទងនឹងជំហរក្នុងការដោះស្រាយរបស់លោក ស្រី អ៊ុង សានស៊ូជី មេដឹកនាំបក្សប្រឆាំងនៅមីយ់ាន់ម៉ា ចំពោះបញ្ហាហិង្សាសាសនានោះ ក៏ដោយសារតែ នាពេលថ្មីៗកន្លងទៅ លោក ស្រីអ៊ុង សានស៊ូជី បានប្រកាសពីបំណងក្នុងការឈរឈ្មោះប្រកួតប្រជែងក្នុងតំណែងប្រធានាធិបតីនាពេលប៉ុន្មានឆ្នាំខាងមុខទៀត តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ម ព្រោះរដ្ឋធម្មនុញ្ញរបស់មីយ៉ាន់ម៉ា គឺជារនាំងដ៏ធំមួយសម្រាប់ការចូលរូមប្រកួតប្រជែងតំណែងប្រធានាធិបតី។
ទាក់ទងនឹងបញ្ហាអំពើរហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ាកន្លងមក ក្រុមអង្គការឃ្លាំមើលសិទ្ធមនុស្សមួយចំនួនបានធ្វើការរិះគន់ លើលោកស្រី អ៊ុង សានស៊ូជីផងដែរ ថា មានការប្រងើយតន្តើយក្នុងការចូលរូមដោះស្រាយបញ្ហា ខណៈពេលដែលលោក ស្រីកំពុងតែផ្សព្វផ្សាយពីលទ្ធិប្រជាធិបតេយ្យ និងបណ្តុះនូវសិទ្ធមនុស្សនៅប្រទេសមួយនេះ។សូមបញ្ជាក់ថា ភាពតានតឹង និង អសន្តិសុខក្នុងប្រទេសមីយ៉ាន់ម៉ាបានផ្ទុះឡើងខ្លាំងចាប់តាំងពីពេលដែលមានការវាយប្រយុទ្ធគ្នាធំៗចំនួនពីលើកកាលពីខែមិថុនា និង ខែតុលាឆ្នាំ ២០១២កន្លងទៅ ដែលកាលនោះបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស២០០នាក់បានស្លាប់ និង ផ្ទះសំបែងរបស់ជនជាតិRohingya ជាច្រើនខ្នងរងការដុតបំផ្លាញ់ចោល និង បណ្តាលឲ្យជនជាតិភាគតិចមួយនេះ បង្ខំចិត្តភៀសខ្លួនចេញពីលំនៅដ្ឋានដើម្បីគេចផុតពីការធ្វើទុកបុកម្នេញ។
ជនជាតិភាគតិច Rohingya គឺមានចំនួន៤ភាគរយនៃប្រជាជនសរុបរបស់មីយ៉ាន់ម៉ា ហើយរដ្ឋាភិបាលប្រទេសនេះមិនបានទទួលស្គាល់ជនជាតិ Rohingyaថា ជាប្រជាជនមីយ៉ាន់ម៉ាស្របច្បាប់នោះ ជាហេតុនាំឲ្យមានការរើសអើង និង បង្កជាបញ្ហាដល់ពូកគេជាញឹកញាប់។ ម្យ៉ាងវិញទៀត ជនជាតិRohingya ត្រូវបានគេទទួលស្គាល់ថា ជាក្រុមជនជាតិភាគតិចដែលទទូលរងនូវការធ្វើទុកបុកម្នេញយ៉ាងធ្ងន់ធ្ងរបំផុតក្នុងចំណោមបណ្តាជនជាតិភាគតិចដទៃទៀតនៅលើពិភពលោក៕(ដោយៈ អ៊ុន រស្មី)
Source from: Vayofm

Loading...
Loading...