សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី នឹងមានវត្តមានរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ក្រោមព្រះរាជាធិបតីភាព ព្រះបាទនរោត្តម សីហមុនី។
ការប្រជុំនេះធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រ ព្រះអង្គទ្រង់យាងនិវត្តន៍ ពីប្រទេសចិន មកកាន់ប្រទេសកម្ពុជាវិញ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា និង បន្ទាប់ពីគ្មានដំណោះស្រាយបញ្ហានយោបាយ។
លោកនាយរដ្ឋមន្ត្រីហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំសហការី០២រូប រួមមាន លោក សាយ ឈុំ និងលោក ស ខេង ចូលរួមប្រជុំ ។ដោយឡែក សម្រាប់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិញ នឹងនាំលោក កឹម សុខា និងលោកស្រី ជូឡុង សូមួរ៉ាចូលរួមប្រជុំ នាថ្ងៃស្អែកនេះ ក្នុងព្រះមហាប្រាសាទខេមរិន្ទ នាំព្រះបរមរាជវាំង។
គួរបញ្ជាក់ថា ថ្ងៃដែលព្រះមហាក្សត្រកោះអញ្ជើញថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ គឺមុនមួយថ្ងៃ នៃថ្ងៃធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិជាលើកទី២។
ការកោះប្រជុំរបស់ព្រះមហាក្សត្រ បានធ្វើអោយ អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ សាទរជាខ្លាំង ដោយសារកន្លងមក ទោះជាមានការអះអាងថា គណបក្សទាំងពីរ នឹងចចាររកដំណោះស្រាយ ប៉ុន្តែនៅតែគ្មានលទ្ធផល ខណៈពេលដែលមេដឹកនាំទាំងពីរ មិនព្រមជួបចចារគ្នា។ ដូច្នេះសង្ឈឹមចុងក្រោយ គឺវត្តមានរបស់ព្រះមហាក្សត្រ ដែលគេមើលឃើញថា អាចនឹងធ្វើអោយបញ្ហានយោបាយមានផ្លូវបញ្ចប់។(ដោយៈថា ថៃ)
Source from: Vayofm

Loading...
Loading...