រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់ជីវិតមានឈ្មោះ ឃឿន រាជ អាយុ២០ឆ្នាំ ជាកម្មករបម្រើការងារនៅក្នុងរោងចក្រកាត់ដេរ មានស្រុកកំណើតនៅភូមិក្តឿងរាយ ឃុំក្តឿងរាយ ស្រុកកញ្ចៀច ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលត្រង់ចំណុចកើតហេតុ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅយប់មុនថ្ងៃកើតហេតុ ខណៈដែលជនរងគ្រោះបានចេញពីធ្វើការ គេបានអង្គុយហូបបាយជាមួយក្រុមគ្រួសារដូចជាធម្មតា បន្ទាប់មកទើបចូលដេក ដោយបងប្អូនដេកនៅលើគ្រែ រីឯរូបគេដេកខាងក្រោមលើឥដ្ឋការ៉ូ ។ លុះដល់វេលាម៉ោងកើតហេតុខាងលើបងប្អូនក៏ដាស់ឱ្យជនរងគ្រោះក្រោករៀបចំខ្លួនទៅធ្វើការ ទើបដឹងថាជនរងគ្រោះស្លាប់ទៅហើយ។
បន្ទាប់ពីធ្វើសមត្ថកិច្ចជំនាញធ្វើការពិនិត្យរួចរាល់បានឲ្យដឹងថា ជនរងគ្រោះទំនងជាស្លាប់ដោយសារតែជំងឺគាំងបេះដូង ព្រោះនៅលើសាកសពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
Source from: watphnom-news.com

Loading...
Loading...