ខេត្ដកណ្ដាល ៖ បច្ចុប្បន្ននេះភាពអនាធិបតេយ្យ ក្នុងការធ្វើនេសាទខុសច្បាប់ ជាពិសេសការ លួចចិញ្ចឹមត្រីឆ្ដោ ត្រីរ៉ស់ នៅក្នុងស្រុកស្អាង មានការកើនឡើង យ៉ាងគគ្រឹកគគ្រេង ដោយគ្មានខ្លាចញញើត ចំពោះអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ឡើយ ។ ករណីចិញ្ចឹមត្រីឆ្ដោ ត្រីរ៉ស់នេះ បានដំណើរការដោយរលូន ក៏ព្រោះតែមានការឃុបឃិត ពីអាជ្ញាធរ និងសមត្ថកិច្ចជំនាញ តាំងពីថ្នាក់សង្កាត់ រហូតថ្នាក់ផ្នែក ឬខណ្ឌកណ្ដាលផងដែរ ។
ការចិញ្ចឹមត្រីឆ្ដោ ត្រីរ៉ស់ច្រើនជាងគេនោះ មាននៅក្នុងភូមិពោធិ៍ព្រែកស្លែង ឃុំតាលន់ ឃុំព្រែកអំបិល ឃុំព្រែកគយ ឃុំរកាខ្ពស់ ឃុំត្រើយស្លា ឃុំក្រាំយ៉ូវ នៃស្រុកស្អាង ខេត្ដកណ្ដាល ។ ចំណែកបទល្មើសនេសាទ ដូចជាការដាក់អួនក្រឡាញឹក សៃយ៉ឺន ស្បៃមុង មានរាប់សិបករណី ហើយ មាត់លូ និងរបាំងស្បៃម៉ុង រាប់ពាន់ម៉ែត្រ កំពុងធ្វើសកម្មភាព ចាប់ត្រីទាំងតូចទាំងធំ យកមកធ្វើចំណីត្រីឆ្ដោ ត្រីរ៉ស់ ក្នុងមួយថ្ងៃៗរាប់រយតោន ។
បើនិយាយពីភាពអសកម្ម របស់មន្ដ្រីជំនាញជលផល ខេត្ដកណ្ដាល ដែលមានឈ្មោះ សេង ធីម នាយផ្នែក បាសាក់ និងលោក ឃឹម ពេញ នាយសង្កាត់ជលផលស្អាង គឺមិនដែលខ្វល់ខ្វាយអ្វីទេ តាមរយៈការបណ្ដែតបណ្ដោយ ឱ្យមានការលួចលាក់ចិញ្ចឹមត្រីឆ្ដោ ត្រីរ៉ស់ និងដាក់អួនក្រឡាញឹក ស្បៃមុង ពាសពេញផ្ទៃបឹង រាប់ពាន់ម៉ែត្រយ៉ាងអនាធិបតេយ្យ បណ្ដាលឱ្យវិនាសហិនហោច មច្ឆជាតិគួរឲ្យសោកស្តាយបំផុត។
ក្រុមប្រព្រឹត្ដបទល្មើសនេសាទទាំងនោះ បានមកសុំដោះស្រាយជាមួយ មន្ដ្រីជំនាញជលផល រួចរាល់អស់ហើយ នៅពេលថ្មីៗនេះ ដោយក្រុមជំនាញជលផល បានកំណត់ឱ្យប្រជាពលរដ្ឋ ដែលលួចធ្វើសកម្មភាព ចិញ្ចឹមត្រីឆ្ដោ ត្រីរ៉ស់ទាំងអស់ ជួយបង់លុយជូនដល់ពួកគេ ក្នុងមួយស្រះ ឬមួយបែ ចាប់ពី ១៥០ទៅ២៥០ ដុល្លារ ដោយគិតទៅតាមទំហំតូចឬធំ។
នៅក្នុងស្រុកស្អាង នេះមានមិនតិចជាង ២០០ ស្រះនិងបែនោះទេ បើគិតពីចំនួនទឹកប្រាក់ គឺមិនតិចជាង៣ម៉ឺនដុល្លារទេ ក្នុងមួយរដូវៗ ដែលមន្ដ្រីជំនាញជលផលទាំងនោះ ប្រមូលបានពីអ្នក ចិញ្ចឹមត្រីឆ្តោខុសច្បាប់ ។ អ្នកចិញ្ចឹមត្រីឆ្ដោ បានលួចបង្ហើបឱ្យដឹងថា ឈ្មោះ ទេព ទូច អនុប្រធានផ្នែកជលផលបាសាក់ ជាអ្នកដើរប្រមូលលុយពីពួកគាត់ ដើម្បីចៀសផុតពីការបង្ក្រាប ដូច្នេពួកគាត់ត្រូវតែបង្ខំចិត្ដ បង់លុយទៅឱ្យ ឈ្មោះ ទេព ទូច នេះតែម្ដងទៅ កុំឲ្យមានរឿងវែងឆ្ងាយ៕ ដោយ ព្រះច័ន្ទ
Source from: watphnom-news.com

Loading...
Loading...