ខេត្តកណ្តាល ៖ ភាពអសកម្មនិងអំពើពុករលួយ នៅក្នុងពន្ធនាគារខេត្តកណ្តាល ដែលកើតមានរាប់សិបឆ្នាំមកហើយនោះ គ្មានការកែទម្រង់អ្វីទាំងអស់ គឺរឹតតែចង់ខ្លាំងលើសដើមទៅទៀត បើទោះបីជាមានការដោះដូរតំណែងលោកមួង សំអាត ដាក់ជំនួសដោយលោក ចាត ស៊ីនាង ឲ្យមកជួយកែទម្រង់យ៉ាងណាក៏ដោយ។ រឿងនេះទាមទារឲ្យលោកផ្កាយ៣ គុយ ប៊ុនសន ជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធនាគារក្រសួងមហាផ្ទៃ មេត្តាពិនិត្យមើលភាពអសកម្ម ដែលកំពុងកើតមានក្នុងពន្ធនាគារខេត្តកណ្តាលឡើងវិញផង ឲ្យស្របតាមគោលការណ៍កែទម្រង់របស់ក្រសួងមហាផ្ទៃ។
ច្រើនឆ្នាំមកហើយដែលសាច់ញាតិអ្នកទោស បានរអ៊ូរទាំអំពីការកោសរូសបង្ខំឲ្យបង់លុយ ពីសំណាក់មន្ត្រីអនុរក្សពន្ធនាគារខេត្តកណ្តាល ដែលមានជាច្រើនកន្លែង ហើយការចំណាយមានចាប់ពី ១ម៉ឺនរៀល ដល់ ៦ម៉ឺនរៀល សម្រាប់ការចូលសួរសុខទុក្ខសាច់ញាតិ ដែលជាប់ឃុំម្តងៗ។ បើមានលុយច្រើនអាចមានពេលវេលា សាកសួរសុខទុក្ខសាច់ញាតិបានយូរ តែបើមានលុយតិចឬមិនមានលុយបង់ ទៅតាមការតម្រូវរបស់មន្ត្រីអនុរក្សពន្ធនាគារ ច្បាស់ជាមិនបានចូលទៅសួរសុខទុក្ខ សាច់ញាតិរបស់ខ្លួននោះទេ ឬបានជួបត្រឹមតែ៣នាទីប៉ុណ្ណោះ។ អំពើពុករលួយនៃការកោសរូស បង្ខំឲ្យសាច់ញាតិអ្នកជាប់ឃុំបង់លុយ រៀងរាល់ពេលចូលសាកសួរសុខទុក្ខ អ្នកជាប់ឃុំបានក្លាយជារឿងសាមញ្ញ ដែលកំពុងកើតមាននៅទូទាំងប្រទេស គ្មានការកែទម្រង់នោះទេ។
មន្ត្រីអនុរក្សពន្ធនាគារខេត្តកណ្តាល ស៊ីតាមជំនាញ ហើយធ្វើអ្វីៗទៅ តាមគោលការណ៍ណែនាំរបស់លោក ចាត ស៊ីនាង ដូចជាករណីអ្នកទោស ឬអ្នកជាប់ឃុំដែលមានលុយ គឺមានឱកាសដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ និងអាចដើរហើរដោយសេរី នៅក្នុងបរិវេណពន្ធនាគារ ប៉ុន្តែសម្រាប់អ្នកទោសជាជនក្រីក្រ គ្មានលុយបង់ឲ្យអនុរក្សពន្ធនាគារ ត្រូវគេយកទៅដាក់ក្នុងបន្ទប់ ដ៏តូចចង្អៀតរកកម្រើកខ្លួនមិនរួច ហើយពេលខ្លះទៀតសឹងថា មិនបានចេញក្រៅធ្វើលំហាត់ប្រាណ ឬឃើញពន្លឺថ្ងៃផង។ ជាគោលការណ៍អ្នកទោសទាំងអស់មិនថា ជាអ្នកមានលុយ ឬអ្នកក្រទេ ត្រូវមានសិទ្ធិស្មើគ្នាមិនមានការយោគយល់ ឲ្យអ្នកទោសមានលុយទៅដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ឬត្រូវបង់លុយឲ្យអនុរក្សពន្ធនាគារដើម្បីមានកន្លែងស្នាក់នៅល្អប្រសើរធំទូលាយ ដាច់តែឯងនោះទេ។
ដូច្នេះរឿងហេតុដែលមន្ត្រី អនុរក្សពន្ធនាគារខេត្តកណ្តាល រៀបចំឲ្យមានបន្ទប់ម៉ាស៊ីនត្រជាក់ សម្រាប់អ្នកទោសដែលមានលុយ គឺជារឿងពុករលួយដ៏ធំមួយ ដែលទាមទារឲ្យថ្នាក់លើពិនិត្យមើលឡើងវិញផង។ មានភាពខុសឆ្គងមួយចំនួនទៀតដូចជា ករណីប្រើកម្លាំងអ្នកទោសឲ្យផលិតសម្លៀកបំពាក់ ដែលជាគោលការណ៍បង្រៀន ឬបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកទោស ដែលជិតផុតកំណត់ជាប់ឃុំ ផ្តល់ឱកាសឲ្យពួកគេ អាចមានជំនាញ ឬអាជីពទៅរកស៊ីក្រោយពេលចាកចេញពីពន្ធនាគារ ដែលវិស័យនេះទទួលបាននូវ ការជួយឧបត្ថម្ភពីអង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិជាច្រើន ប៉ុន្តែមានលេចឮថា ផលិតផលកាត់ដេរដែលត្រូវបាន ប្រើប្រាស់កម្លាំងអ្នកទោសនោះ មានការលួចលក់ឲ្យទៅខាងរោងចក្រ សម្រាប់នាំចេញទៅលក់នៅក្រៅប្រទេសផងដែរ។
នេះនៅមិនទាន់គិតដល់ករណីកេងប្រវ័ញ្ច របបហូបចុករបស់អ្នកទោស និងប្រាក់ឧបត្ថម្ភដល់អ្នកទោសនោះទេ គឺសុទ្ធសឹងជាអំពើពុករលួយដែលទាមទារឲ្យលោក ឱម យ៉ិនទៀង ពិនិត្យបញ្ហាអស់ទាំងនេះឡើងវិញផង មិនគួរបណ្តែតបណ្តោយឲ្យ អនុរក្សពន្ធនាគារខេត្តកណ្តាល ធ្វើអ្វីៗតាមតែអំពើចិត្តតទៅទៀតទេ។ គេមិនច្បាស់ទេថា តើលោក ចាត ស៊ីនាង ជាប្រធានពន្ធនាគារខេត្តកណ្តាល បានដឹងពីភាពអសកម្ម ដែលក្រុមមន្ត្រីអនុរក្សពន្ធនាគារខេត្តកណ្តាល កំពុងប្រព្រឹត្តឬក៏យ៉ាងណានោះទេ ប៉ុន្តែច្បាស់ណាស់ដែលថា អ្វីៗដែលមន្ត្រីថ្នាក់ក្រោមបានប្រព្រឹត្ត កើតឡើងដោយសារតែការបិទភ្នែក បិទត្រចៀកពីថ្នាក់លើនោះឯង៕
Source from: watphnom-news.com

Loading...
Loading...