លោកឧត្តមសេនីយ៍ឯក ម៉ម សំ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០២៥១២ និងមានតួនាទីជានាយកខុទ្ទកាល័យអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទដែលមានឯកឧត្តមនាយឧត្តមសេនីយ៍ប៉ុល សារឿន ជាអគ្គមេបញ្ជាការនោះ ត្រូវទទួលរងការរិះគន់ពីសំណាក់កូនចៅក្រោមឱវាទថា ប្រព្រឹត្តអំពើពុករលួយ និងបក្ខពួកនិយម ។
នាយទាហាន និងពលទាហាននៃកងយោធពលខេមរភូមិន្ទឋិតនៅក្រោមឱវាទរបស់លោកឧត្តមសេនីយ៍ឯក ម៉ម សំ បានរិះគន់មេរបស់ខ្លួនដូចតទៅ ៖
១-ថវិកាសាងសង់អគារខុទ្ទកាល័យអគ្គបញ្ជាការដ្ឋានប្រើប្រាស់អស់ចំនួនរាប់សែនដុល្លារអាមេរិក ដែលជាជំនួយរបស់វៀតណាម បែរជាសំណង់នោះគ្មានគុណភាព ។
២-ថវិកាបេឡាសង្គ្រោះរបស់ខុទ្ទកាល័យកាត់ពីទាហានរៀងរាល់ខែអស់រយៈពេល៥ឆ្នាំមកហើយ បែរជាគ្មានតួលេខចំណូល ចំណាយឲ្យបានច្បាស់លាស់ឡើយ ។
៣-រៃអង្គាសលុយកាក់ពីកូនចៅក្នុងខុទ្ទកាល័យ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។ អង្គាសលុយធ្វើរបង និងទិញដើមឈើនៅដីក្រសាំងផ្អែម ព្រមទាំងគាបសង្កត់ប្រើប្រាស់កម្លាំងពលកម្មកូនចៅយកទៅដាំដុះបម្រើឲ្យផលប្រយោជន៍ផ្ទាល់ខ្លួនថែមទៀត ។
៤-បងប្អូន កូនចៅ សែស្រឡាយលោកឧត្តមសេនីយ៍ឯក ម៉ម សំ បានឡើងបុណ្យស័ក្តិលឿន និងឡើងតួនាទីធំជាហូរហែ រីឯអ្នកផ្សេងៗទៀតស្ងាត់ឈឹងដូចចោរលួចសេះ ។
៥-លើកតម្កើងអ្នកគ្មានបទពិសោធន៍និងជាទាហានគ្មានឆ្លងកាត់សាលាតែចេះអែបអប ដូចជា លោកឧត្តមសេនីយ៍ ថោង សារ៉ាត់ ,លោកឧត្តមសេនីយ៍ មាស វណ្ណា ឲ្យធ្វើជានាយករងខុទ្ទកាល័យ ។ ដោយឡែកអ្នកមានសមត្ថភាពពិត ដូចជា លោកឧត្តមសេនីយ៍ អែម ម៉ាអូវី ,លោកឧត្តមសេនីយ៍ យៀង គឹមសូ រុញចេញទៅឆ្ងាយ ។
៦-តាំងពីមានមុខឡើងកាន់តំណែងជានាយកខុទ្ទកាល័យពេលណាមក ធ្វើឲ្យថ្នាក់ដឹកនាំធំៗក្នុងអគ្គមេបញ្ជាការដ្ឋាន ដូចជា ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន ,ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ,ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន ,ឯកឧត្តមឧត្តមសេនីយ៍ សេង វុទ្ធី និងឯកឧត្តមឧត្តមសេនីយ៍ អ៊ុក ផល្លី …។ល។ មានការអាក់អន់ស្រពន់ចិត្តនឹងគ្នា ព្រោះតែរឿងការងារក្នុងខុទ្ទកាល័យមិនមានឯកភាពផ្ទៃក្នុង ។
៧-ចូលចិត្តធ្វើរបាយការណ៍ភូតភរថ្នាក់ដឹកនាំ ដើម្បីបិទបាំងអំពើពុករលួយរបស់ខ្លួន ដូចជា ពុករលួយក្នុងរឿងដោះដូរដីពីនេះទៅនោះ បានលុយដាក់ហោប៉ៅ ជាដើម ។
៨-បន្លំឆ្នាំកំណើតផ្ទាល់ខ្លួនដើម្បីគេចវេះពីការដាក់ឲ្យចូលនិវត្តន៍ (ប្រកាសទ្រព្យសម្បត្តិនិងបំណុលឆ្នាំ២០១១ ដាក់ឆ្នាំកំណើត១៩៥៥ លុះដល់ប្រកាសទ្រព្យសម្បត្តិនិងបំណុលឆ្នាំ២០១៣ ដាក់ឆ្នាំកំណើត១៩៥៧) ។
គេហទំព័រសារព័ត៌មានដើមត្នោត មិនទាន់អាចសុំធ្វើការបភ្លឺបញ្ជាក់ពីលោកឧត្តមសេនីយ៍ ម៉ម សំ បាននៅឡើយទេ ត្រឹមថ្ងៃទី០៨ តុលានេះ ទាក់ទងនឹងការបរិហាររិះគន់ពីសំណាក់កូនចៅក្រោមឱវាទរបស់លោកឧត្តមសេនីយ៍ដូច្នេះ ។
លោក ម៉ម សំ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០២៥១២ បានឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧០៧/២៧៦ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៧ និងបានឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោ(ផ្កាយ២)ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២០៩/១៧០ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៩ ហើយមកទល់បច្ចុប្បន្នបានឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក(ផ្កាយ៣) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧១១/៦៦៩ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១១ ៕
Source from: www.dtn7.com

Loading...
Loading...