ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅ ក្បែរអាងកំពីងពួយ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ប្រមាណជិត ៨០០ ខ្នងផ្ទះ ត្រូវបានអាជ្ញាធរប្រកាសអាសន្ន ជម្លៀសចេញពីលំនៅដ្ឋាន ដើម្បីទៅរកទីទួលសុវត្ថិភាព កាលពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ បន្ទាប់ពីទឹកជំនន់ ក្នុងអាងកំពីងពួយ ឡើងហៀរចេញលើខ្នងទំនប់ និងប្រេះចំនួន ២ កន្លែង ។
លោក វ៉ាន់ សាវ៉ុន មេភូមិតាង៉ែន បានឲ្យដឹងថា នៅវេលាម៉ោង ៤ ជិតភ្លឺថ្ងៃទី៨ ខែតុលា ទឹកជំនន់បានឡើងពេញ ហៀរលើខ្នងទំនប់ នៅខាងកើតសំណង់ទីមួយ។ ពេលនោះអាជ្ញាធរ បានប្រកាសអាសន្ន និងជម្លៀស ប្រជាពលរដ្ឋដែលមានផ្ទះ រស់នៅក្នុងភូមិតាង៉ែន ក្បែរអាងកំពីងពួយមានចំនួន ៧៧១ ខ្នងផ្ទះ ស្មើនឹង ៧៧១ គ្រួសារ ឬមនុស្សចំនួន ៣៣៦២ នាក់ ចេញពីលំនៅដ្ឋាន ដើម្បីទីរកទីទួលសុវត្ថិភាពភ្លាមៗដែរ។
ក្នុងនោះអាជ្ញាធរ បានត្រៀមទីទួលសុវត្ថិភាព ចំនួនបីកន្លែង សម្រាប់ប្រជាពលរដ្ឋទាំង ៧៧១ គ្រួសារ និងសត្វពាហនៈ ទៅស្នាក់នៅរងចាំ មើលទឹកជំនន់ស្រកវិញ។ ទឹកជំនន់ដែលឡើង ក្នុងអាងកំពីងពួយ គឺដោយសារមានការបាក់ទំនប់ប៉ង់ នៅពីទិសខាងលិច និងខាងត្បូង ស្ថិតក្នុងភូមិបឹងក្រសាល និងភូមិតាង៉ែន ហើយទឹកហូរចូលមកក្នុងអាងកំពីងពួយ ទាំងទឹកស្ទឹងមកពីប៉ៃលិន មកពីសាលាក្រៅផងដែរ។
រហូតដល់រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៣ ក្រុមការងាររបស់ក្រសួង និងមន្ទីរធនធានទឹក សហការ ជាមួយអាជ្ញាធរខេត្ដបាត់ដំបង បានចុះអន្ដរាគមន៍ ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ហើយបានសម្រេច កាយប្រឡាយ ដែលមានប្រវែង ៣០ ម៉ែត្រ ជម្រៅ២,៥ ម៉ែត្រ ដើម្បីរំដោះទឹកពីអាង កំពីងពួយ ជៀសវាងទំហំទឹកធំអាចហូរ បាក់ទំនប់ដោយប្រការណាមួយ ។
ដោយសារឥទ្ធិពលនៃ ប្រព័ន្ធសម្ពាធទាប និងសម្ពាធទាបសកម្ម ក្នុងរយៈពេលប៉ុន្មានថ្ងៃ ធ្វើឱ្យមានភ្លៀង ធ្លាក់ខ្លាំងនៅតំបន់ភ្នំក្រវាញ បានហូរចាក់ទៅតាមស្ទឹងនានា ក្នុងនោះបានហូរចាក់ ទៅក្នុងស្ទឹងបវេល និងស្ទឹងមង្គលបុរី ដែលធ្វើឱ្យទឹកឡើងជោរនាច គ្រប់ស្ទឹងទាំងអស់ ហើយដើម្បីរំដោះទឹក ឲ្យជៀសផុតពីការជន់លិច លំនៅឋានប្រជាពលរដ្ឋ ក្រុមការងារក៏បានបង្វែរទឹកទាំងនោះឱ្យ ហូរចូលទៅអាងកំពីងពួយ ។
ពេលនេះទឹកដែលបានហូរធ្លាក់ប៉ុន្មានថ្ងៃ មានបរិមាណច្រើន បានហូរកាត់ទំនប់ដែលកំពុងជួសជុល ដែលមានកន្លែងខ្ពស់ និងកន្លែងទាប ហើយកន្លែងទំនប់បង្ហូរ ក៏បើកទ្វារទឹកអស់ ប៉ុន្ដែមិនអាច បាក់ទំនប់ដូចអ្វី ដែលគេសង្ស័យនោះឡើយ ។ ម្យ៉ាងវិញទៀត ដោយសារតែស្ថានភាពការបង្ហូរទឹក ចេញពីអាងកំពីងពួយ ហាក់បីដូចជា ពុំទាន់សភាពការជាក់ស្ដែង ក្រុមការងាររបស់ក្រសួង ធនធានទឹក និងអាជ្ញាធរខេត្ដបាត់ដំបង បានឯកភាពគ្នាសម្រេចបើក ខ្នងទំនប់ដែលមានបណ្ដោយ ៤០ម៉ែត្រ និងជម្រៅប្រមាណ ៣ ម៉ែត្រដើម្បីឱ្យទឹកហូរលឿន ៕
Source from: watphnom-news.com

Loading...
Loading...