ខេត្តបាត់ដំបង ៖ បុរសម្នាក់ធ្លាប់ជាប់គុក ៣ខេត្តរាប់សិបឆ្នាំពីបទលួច មិនរាងចាលពេលចេញ ពីគុកវិញបានធ្វើសកម្មភាព ចូលលួចទ្រព្យសម្បត្តិ នៅផ្ទះមួយកន្លែង ម្ចាស់ដឹងទាន់ក៏ស្រែកឆោឡោ ពេលនោះប្រជាពលរដ្ឋចេញស្ទាក់ចាប់ហើយវាយឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យកម្លាំងអាវុធហត្ថ កសាងសំណុំរឿងបញ្ជូន ទៅតុលាកាកាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣។
បុរសសង្ស័យមានឈ្មោះ សុង យ៉ន ហៅខ្មៅ អាយុ ៣៣ឆ្នាំ មានមុខរបរមិនប្រាកដ ស្នាក់នៅក្នុងភូមិថ្នល់បត់ ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ឈ្មោះ សុង យ៉ន ហៅខ្មៅ បានសារភាពថា មុនពេលកើតហេតុខ្លួនបានចេញពីគុក ហើយមកសុំផ្ទះមិត្តភ័ក្តិឈ្មោះ លៀប នៅក្បែរវត្តពោធិ៍ ក្នុងភូមិសង្កាត់រតនៈ ស្នាក់នៅតែមិនបានប៉ុន្មានយប់ផង ពួកម៉ាកដេញចេញដោយនិយាយថា គ្មានប្រាក់ទិញបាយម្ហូបឲ្យស៊ីទេ។
ប៉ុន្មានយប់ដែលមកស្នាក់នៅ ផ្ទះមិត្តភក្តិនោះឈ្មោះ សុង យ៉ន ដើររកលួចស្អីគេក៏មិនបានដែរ ដោយអត់លុយលេងល្បែង ស្រាប់តែនៅម៉ោង ២០និង៣០ នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣ នៅចំណុចក្រុមទី១៤ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ឈ្មោះ សុង យ៉ន គ្រាន់តែចូលក្នុងផ្ទះគេ មិនទាន់បានលួចស្អីផង ក៏ត្រូវម្ចាស់ទាន់ ស្រែកហៅអ្នកស្រុកមកព័ទ្ធវាយទ្រោមខ្លួន។
ឈ្មោះ សុង យ៉ន បានរៀបរាប់ទៀតថា ខ្លួនធ្លាប់ជាប់គុគនៅខេត្តពោធិ៍សាត់ ពីបទទទួលផលចោរកម្មចំនួន ៨ខែ ហើយបន្តជាប់គុក នៅខេត្តបន្ទាយមានជ័យចំនួន ១៨ខែ ពីបទលក់ចែកចាយគ្រឿងញៀន។ ពេលចុងក្រោយក៏ត្រូវជាប់គុក នៅខេត្តបាត់ដំបង ៥០ខែពីបទលួចម៉ូតូ ហើយពេលនេះ បានចូលគុកវិញទៀតហើយ៕
Source from: watphnom-news.com

Loading...
Loading...