ខេត្តបាត់ដំបង ៖ ឈ្មួញរកស៊ីឈើដុះស្លែរម្នាក់ នៅខេត្តបាត់ដំបងឈ្មោះ ចែរី បានប្រើប្រាស់រថយន្តយីឌុបភ្លៅ៥ ដឹកឈើលើសពីលិខិតអនុញ្ញាត និងមានផ្ទុកលើសទម្ងន់ ធ្លាប់រត់ការបង់លុយឲ្យសមត្ថកិច្ច គ្រប់ជាន់ថ្នាក់មិនដែលមាននរណា ហ៊ានធ្វើអ្វីគាត់នោះឡើយ ប៉ុន្តែកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ជំនាញរដ្ឋបាលព្រៃឈើ និងមន្ទីរសាធារណការ បានចុះទៅឃាត់ដើម្បីត្រួតពិនិត្យ និងផាកពិន័យនៅតាមផ្លូវលេខ៤ ត្រង់ចំណុចដេប៉ូលក់ឈើជុំសុខុន ហៅយាយម៉ាប់ ក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ចែរី ត្រូវគេស្គាល់ថា ជាឈ្មួញរកស៊ីឈើដុះស្លែ នៅតំបន់វាលវែងខេត្តពោធិ៍សាត់ និងស្រុករុក្ខគិរីខេត្តបាត់ដំបង ហើយរយៈពេល២-៣ ឆ្នាំកន្លងទៅនេះ ព្រៃឈើនៅតំបន់នោះ ត្រូវវិនាសហិនហោច ទើបចែរី ប្តូរទីតាំងទៅរកស៊ីឈើ នៅខេត្តព្រះវិហារវិញម្តង។ ចែរី ធ្លាប់ដឹកឈើក្រហម តាមរថយន្តប្រភេទយីឌុបភ្លៅ៥ មកកាន់ខេត្តមួយចំនួន ក្នុងនោះមានផ្ទុកឈើ លើសច្បាប់អនុញ្ញាតប្រហែល ៣០ ភាគរយ និងដឹកលើសទម្ងន់ដែលបណ្តាលឲ្យខូចខាតផ្លូវលំ និងផ្លូវជាតិជាច្រើនកន្លែង។
ក្រុមមន្ទីរសាធារណការបានឲ្យដឹងថា រថយន្តយីឌុបពាក់ស្លាកលេខ 3A-2365 កំពង់ចាម របស់ ចែរី ដែលមន្ត្រីជំនាញចុះទៅឃាត់ ដើម្បីត្រួតពិនិត្យ គ្រាន់តែតួរថយន្ត មានទម្ងន់ប្រហែល ៧តោន ហើយឈើនៅលើរថយន្ត ប្រហែល ៦៤ ម៉ែត្រគូបមានទម្ងន់ ៤៧ តោន តាមរយៈការវាស់ទទឹងរថយន្តមាន ២,៣០ ម៉ែត្រ កម្ពស់ ២ ម៉ែត្រនិងបណ្តោយ ១២,៨០ ម៉ែត្រ ហើយឈើទាំងនោះលើសពី ច្បាប់អនុញ្ញាតជាច្រើនម៉ែត្រគូប។
ករណីឃាត់រថយន្តយីឌុបនេះ បង្កឲ្យមានភាពចម្រូងចម្រាស រវាងមន្ត្រីសាធារណការ និងមេព្រៃផងដែរ ដោយក្រុមមន្ត្រីសាធារណការ បានសុំឲ្យផ្អាកជញ្ជូនឈើចុះពីរថយន្ត ដើម្បីយកជញ្ជីងមកថ្លឹងសិន តែមេព្រៃមិនអនុញាត ដោយនិយាយថា ចាំទម្លាក់ឈើគ្រប់ក្នុងលិខិត ទើបឲ្យមន្ត្រីសាធារណការថ្លឹង។ ប៉ុន្តែនៅពេលសួរទៅមេព្រៃថា ឈើមានច្បាប់ក្នុងលិខិតប៉ុន្មាន ?
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មិនបានឆ្លើយបញ្ញាក់ទេ ទំនងជាទទួលបានសំណែនពី ចែរី ហើយមើលទៅ ទើបព្យាយាមលាក់បាំងរឿងពិត ដូចដែល ចែរី ធ្លាប់បានអួតអាងថា រាល់ពេលដឹកឈើមានការបង់លុយ ទើបគ្មាននរណាហ៊ានរំខាន។ យ៉ាងណាក៏ដោយ ក្រុមកម្មករលើកឈើ បានឲ្យដឹងថា ឈើទាំង នោះមានជាង ៤០តោនព្រោះត្រូវប្រើគ្នា ៨នាក់ ទម្លាក់ឈើរហូតដល់ម៉ោង ៥ល្ងាចទើបអស់៕
Source from: watphnom-news.com

Loading...
Loading...