ខេត្ដកណ្ដាល ៖ មន្ដ្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីអាវុធហត្ថ ដែលទំនងជាផឹកស៊ី ស្រវឹងជោកជាំផងនោះ បានប្រដេញតាមឡាន ដឹកទំនិញមួយគ្រឿង តាំងពីម្តុំទួលក្រសាំង រហូតដល់ស្ពានលេខ ១០ ស្ថិតក្នុងឃុំព្រែកគយស្រុកស្អាង ខេត្ដកណ្ដាល ហើយបានប្រើប្រាស់កាំភ្លើងខ្លីម៉ាក K៥៤ ភ្ជង់ក្បាលបុរសម្នាក់ជាតៃកុងឡានដឹកទំនិញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៤០ នាទីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ។
មន្ត្រីអាវុធហត្ថម្នាក់នោះមានឈ្មោះ សែម សារិទ្ធ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ និងមន្ដ្រីជំនាញរដ្ឋបាលព្រៃឈើមាន ឈ្មោះ ថោង ភិនណារ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិឧត្ដម ឃុំខ្សាយ ស្រុកពាមរក៍ ខេត្ដព្រៃវែង ។ ចំណែកឯតៃកុងឡានដឹកទំនិញ ដែលរងការគំរាមកំហែងពីសំណាក់ សមត្ថកិច្ចយកកាំភ្លើងខ្លីភ្ជង់ក្បាលនោះមានឈ្មោះ ជា វីរៈ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិវាំង ឃុំជីផុច ស្រុក មេសាង ខេត្ដព្រៃវែង ។
មន្ដ្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា មន្ត្រីអាវុធហត្ថនិងមន្ដ្រីរដ្ឋបាលព្រៃឈើ បានជិះរថយន្ដ ១គ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-0727 ត្រឡប់មកពីផឹកស៊ីវិញ ក៏បានប្រទះរថយន្ដធុនធំមួយគ្រឿង ពណ៌សលាយខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 3A-4573 មានដឹកទំនិញបើកតាមបណ្ដោយផ្លូវជាតិលេខ ២១B ម្ដុំទួលក្រសាំង ហើយមន្ត្រីពីរនាក់នោះ ក៏បានបើករថយន្ដ ប្រដេញតាមឡានដឹកទំនិញខាងលើ តែដោយសារមិនមែនជារថយន្ដស៊ីរ៉ែននោះ តៃកុងឡានដឹកទំនិញ បានព្យាយាមបន្ថែមល្បឿន។
ដោយសារតែខឹងឡានដឹកទំនិញនោះមិនព្រមឈប់ មន្ត្រីពីរនាក់នេះបានព្យាយាមបើករថយន្ដ វ៉ាឡានដឹកទំនិញ ហើយបានឈប់នៅលើស្ពានលេខ១០។ ពេលនោះឡានដឹកទំនិញ ជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលទៅបុកគូទរថយន្ដ ហាយឡែនឌឺ ត្រូវចំកាងក្រោយ បណ្ដាលឱ្យធ្លាក់ទៅលើស្ពាន ។ មន្ត្រីពីរនាក់នេះខឹងសម្បាយ៉ាងខ្លាំង បានយកកាំភ្លើងខ្លី ទៅវាយកញ្ចក់ឡានដឹកទំនិញបំបែក រួចអូសក្បាលតៃកុងឡានចេញមកក្រៅ យកកាំភ្លើងភ្ជង់ក្បាល និងគំរាមបាញ់សម្លាប់។ លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានដឹកនាំកម្លាំងចុះទៅធ្វើ អន្ដរាគមន៍និងហៅភាគីទាំងសងខាង ព្រមទាំងរថយន្ដមកកាន់ អធិការដ្ឋាន នគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿង ៕
Source from: watphnom-news.com

Loading...
Loading...