ខេត្តបាត់ដំបង ៖ ពុទ្ធបរិស័ទចំណុះជើងវត្ត សុវណ្ណបុប្ផារាមថ្មគោល ហៅវត្តធម្មយុត្តិ បានចោទប្រកាន់លោកតា កែវ ឡៃ ដែលជាគណកម្មការវត្ត អំពីការគាបសង្កត់ព្រះសង្ឃ កេងប្រវ័ញ្ចបច្ច័យ និងប្រមូលសំភារៈក្នុងវត្ត ទៅលក់យកប្រាក់ដើម្បីបម្រើ ផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមានអ្នកធំ និងសម្តេចសង្ឃនៅពីក្រោយខ្នង ហើយពួកគាត់បានប្តឹងអាជ្ញាធរ ២ដងរួចមកហើយ សុំផ្លាស់ប្តូរគណកម្មការថ្មី តែមិនអាចធ្វើបានមិនដឹងជា មានរឿងអ្វីអាថ៌កំបាំងនោះទេ។
ពុទ្ធបរិស័ទបានមកជួបជុំគ្នា កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅភូមិប៉ោយយ៉ង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បានរៀបរាប់ថា ក្នុងវត្តសុវណ្ណបុប្ផារាម មានព្រះសង្ឃ ៧អង្គក្នុងនោះភិក្ខុ ២អង្គមិនគ្រប់សម្រាប់ តម្រូវការរបស់បរិស័ទជើងវត្តនោះទេ។ ដោយឡែកលោកតា កែវ ឡៃ គណកម្មការវត្តសុវណ្ណបុប្ផារាមថ្មគោល បានលុបឈ្មោះសប្បុរសជន ដែលចូលបច្ច័យកសាងរបង ខ្លោងទ្វារពីមុនដាក់ឈ្មោះអ្នកថ្មី ហើយយកប្រាក់ទុកខ្លួនឯង។
មានការរៀបរាប់ទៀតថា ភេសជ្ជៈដែលភ្ញៀវយកមកចូលបុណ្យ ក្រោយពីធ្វើបុណ្យរួចលោកតា កែវ ឡៃ បានប្រមូលចូលឃ្លាំងទុក ហើយអ្នកមកធ្វើបុណ្យបន្ទាប់ មិនបាច់ទិញ គ្រឿងភេសជ្ជៈឬសំភារៈទានធូបស្លាដកមកទេ គ្រាន់តែប្រគល់ប្រាក់ឲ្យលោកតា កែវ ឡៃ នោះគាត់និងយកសំភារៈក្នុងឃ្លាំង ដែលទុកយកមកលក់ឲ្យ។ សំភារៈខ្លះលោកតា កែវ ឡៃ បានដឹកចេញពីវត្ត យកទៅទុកនៅផ្ទះ ពេលពុទ្ធបរិស័ទចង់ទិញត្រៃ ឬស្លាដក់យកទៅវត្តផ្សេង គឺអាចទិញពីលោកតា កែវ ឡៃ ក្នុងតម្លៃសមរម្យ។
ពុទ្ធបរិស័ទបានឲ្យដឹងទៀតថា លោកតា កែវ ឡៃ មិនមានរបរអ្វីទេ គឺកិបកេងរបស់វត្ត យកទៅលក់ក្នុងតម្លៃថោកជាងគេ ពាក់កណ្តាលព្រោះគាត់ មានសំភារៈលក់ស្រាប់ មិនមែនជារបស់ទិញពីផ្សារ ដូចអាជីវករដទៃ ។ ថ្មីនេះមានការយកសពលោកតា ភួង ពីវត្តសារាយអណ្តែត មកតម្កល់ធ្វើបុណ្យនៅវត្តសុវណ្ណបុប្ផារាមថ្មគោល ក៏មានការកិបកេងប្រាក់ សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ទោះសាច់ញាតិសពទាមទារធ្វើបុណ្យ នៅភូមិកំណើតក៏មិនអនុញ្ញាតដែរ។
មិនតែប៉ុណ្ណោះឡានដឹកសពដែលជាប្រាក់ របស់ប្រជាជនចូលរួមកសាង ពេលដឹកសពថ្លៃឈ្នួលដឹក ១៥ម៉ឺនរៀល ដែលពីមុនមិនធ្លាប់យកថ្លៃដឹកនោះទេ។ កាលពីចុងខែតុលា ឆ្នាំ២០១៣ លោកតា កែវ ឡៃ បានយកប្រាក់ខ្មែរក្រដាសរាយចងកៅស៊ូ ទៅទិញមាស ៧តម្លឹងពីស្ត្រីលក់មាសម្នាក់ ហើយបានទិញដីតម្លៃ ៦ពាន់ដុល្លារនៅក្រោយ វត្តប៉ោយយ៉ង់ផងដែរ។ លោកតា កែវ ឡៃ បានបណ្តេញព្រះសង្ឃ អឿ អ៊ី ចេញពីវត្តកាលឆ្នាំ២០០៤ និងថ្មីៗនេះ បានដេញព្រះសង្ឃ សឿន រិទ្ធី ចេញពីវត្តទៀត តែត្រូវពុទ្ធបរិស័ទជំទាស់និងទាមទារ ឲ្យព្រះអង្គរគង់នៅដដែល។
ចំពោះបញ្ហាទាំងនេះ ប្រជាពលរដ្ឋពុទ្ធបរិស័ទបានប្តឹង ទៅសាលាស្រុក ២ដងហើយ តែគ្មានលទ្ធផលហើយមិនមែនពុទ្ធបរិស័ទ ចង់មានទំនាស់ជាមួយបុគ្គលនោះទេ គឺចង់ឲ្យសាសនាល្អ វត្តមានមនុស្សចូលគោរពបូជា ហើយបើកយកលុយវត្តចាយល្មមៗ ក៏ពួកគាត់មិនខឹងដែរ។ ដូច្នេះសំណូមពរឲ្យថ្នាក់លើជួយរៀបចំគណកម្មការថ្មី ដែលមានបញ្ជីចំណាយចំណូលត្រឹមត្រូវ មានអ្នកដឹងឮុនិងសូមថែម ព្រះសង្ឃឲ្យបានច្រើនជាងនេះ។
ព្រះសង្ឃ សឿន រិទ្ធី បានមានដីកាថា ព្រះអង្គមិនទាន់មានតួនាទីអ្វីទេ ជាជំនួយលោកចៅអធិការស្តីទីធ្លាប់រងគំនាបពីលោកតា កែវ ឡៃ ដែលជាគណកម្មការវត្ត ពេលបរិស័ទនិមន្តទេសនា និងនិមន្តទៅណាគាត់មិនអនុញ្ញាត ហើយបើមកគង់នៅវត្តនេះ ទោះជាចេះក៏ត្រូវតែធ្វើល្ងង់ទើបគង់បាន បើពុំដូច្នេះវេចបង្វេចចេញជាប្រញាប់ ហើយព្រះសង្ឃចំនួន ៧អង្គក្នុង ១ថ្ងៃលោកតា កែវ ឡៃ បើកប្រាក់ចង្ហាន់ ៥ពាន់រៀលបើគិតទៅ ប្រាក់នេះទិញតែទឹកឆាន់ក៏មិនគ្រប់ផង។
ទាក់ទងបញ្ហានេះលោកតា កែវ ឡៃ បានបកស្រាយថា គាត់បានកសាងវត្តតាំងពី សម័យរដ្ឋកម្ពុជាមិនដូចការចោទប្រកាន់ របស់ពុទ្ធបរិស័ទឡើយ។ ពាក់ព័ន្ធករណីនេះលោក សម ណេង អភិបាលស្រុកថ្មគោល បានឲ្យដឹងថា មិនដែលបានទទួលបណ្តឹង ពីប្រជាពលរដ្ឋទេ ហើយលោកនឹងចុះស៊ើបរឿងនេះ។ដោយឡែកលោក សួន ប៊ុនជឿន ប្រធានមន្ទីរធម្មការនិងកិច្ចសាសនា បានបញ្ជាក់ថា លោកមិនដែលបានដឹងពីបញ្ហា នៅក្នុងវត្តសុវណ្ណបុប្ផារាមថ្មគោល ទេហើយលោកនឹងសាកសួរ ទៅធម្មការស្រុកចំពោះហើយរឿងប្តូរគណកម្មការ លុះត្រាតែចៅអធិការ ធ្វើការស្នើសុំទើបប្តូរបាន៕
Source from: watphnom-news.com

Loading...
Loading...