រាជធានីភ្នំពេញ ៖ យ៉ាចហោចណាស់ មនុស្សប្រុស-ស្រី ៣នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័មក្នុង គ្រោះអគ្គិភ័យនៅហាងឌីស្កូយីហោ «ឃីក្លឹប» ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ផ្ទះលេខ ១៥៨១ ភូមិទួលរកា២សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៩និង៥០នាទី ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ហើយតាមព័ត៌មានបឋម គឺអ្នកស្លាប់ទាំង ៣នាក់នោះមានម្នាក់ជាប្រពន្ធថៅកែក្លិប ម្នាក់ទៀតជាប្អូននិងម្នាក់ទៀត ជាមេការក្នុងក្លិប។
សមត្ថកិច្ចក៏បានចេញប្រតិបត្តិការ បាញ់ទឹកទប់ស្កាត់បានទាន់ពេលវេលា មិនឲ្យឆ្លងរាលដាលទៅផ្ទះនៅក្បែរៗនោះ ប៉ុន្តែបន្ទប់ចំនួនមួយ ស្ថិតនៅហាងឌីស្កូយីហោ «ឃីក្លឹប» នោះត្រូវបានបំផ្លាញ។ ប្រភពបន្តថា អគ្គិភ័យនោះឆាបឆេះ បណ្ដាលមកពីជាងផ្សារដែក នៅប៉ែកខាងលើហើយធ្លាក់ផ្កាភ្លើងចុះក្រោម បង្កជាអគ្គិភ័យកើតឡើងតែម្ដង តែប្រភពខ្លះបានឲ្យដឹងថា អគ្គិភ័យនោះបង្កឡើង ដោយការទុស្សេខ្សែភ្លើង។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ភរិយារបស់ថៅកែក្លិប ដែលស្លាប់ក្នុងអណ្ដាតភ្លើង យ៉ាងវេទនានោះ ឈ្មោះ យឹម សុវណ្ណដេត អាយុជាង ៣០ឆ្នាំ និងប្អូនប្រុសរបស់ថៅកែឈ្មោះ ធឿន ខណៈដែលបុគ្គលិកកាន់ឃ្លាំង មិនទាន់ស្គាល់ឈ្មោះនៅឡើយ ៕
Source from: watphnom-news.com

Loading...
Loading...