រាជធានីភ្នំពេញ ៖ ស្ដ្រីម្នាក់ឈ្មោះ ហ.វ.ណ អាយុ ៣០ឆ្នាំ ជាប្រពន្ធមន្ដ្រីរាជការម្នាក់ បម្រើការងារនៅខេត្ដក្រចេះ ត្រូវបុរសវ័យក្មេងម្នាក់ឈ្មោះ យិន ទូច បាននិយាយបញ្ចុះបញ្ចូល អន្ទងឱ្យស្រឡាញ់ខ្លួន និងបានណាត់ឱ្យមកជួបគ្នា ហើយក្រោយមកបានផុងខ្លួន វេចបង្វេចចុះចោលប្ដី ថែមទាំងយកប្រាក់ចំនួន ៣១.០០០ ដុល្លារ និង ១៣លានរៀល មករួមរស់ជាមួយឈ្មោះ យិន ទូច អស់រយៈពេលជិត ១ខែ ទើបជីវិតស្នេហ៍តាមទូរស័ព្ទ ត្រូវបែកធ្លាយ ។
ជារឿងមួយគួរឱ្យហួសចិត្ដ និងនឹកស្មានមិនដល់ ដែលស្ដ្រីមានប្ដី និងមានទ្រព្យសម្បត្ដិ បែរជាធ្លាក់ក្នុងអន្លង់ស្នេហ៍ប្រុសព្រាន តាមទូរស័ព្ទ រហូតវេចបង្វេចចុះចោលប្ដី។ គេមិនដឹងស្ដ្រីឈ្មោះ ហ.វ.ណ មានរឿងអាស្រូវ ជាមួយប្ដីយ៉ាងណា ឬក៏អាចថាចាញ់ល្បិចកល តាមពាក្យលួងលោមរបស់ឈ្មោះ យិន ទូច ហើយនាង ហ.វ.ណ ធ្វើបែបនេះ ប្ដីរបស់នាងមិនដឹងទេ ស្មានតែនាងទៅផ្ទះឪពុក នៅឯខេត្ដព្រៃវែង និងដោយសារជាប់រវល់ការងារផង មិនបានខ្វល់ខ្វាយនៅពេលភរិយាចេញពី ផ្ទះបាត់ប៉ុន្មានទេ។
រឿងរ៉ាវទាំងអស់ត្រូវបានបែកធ្លាយ ដោយសារឪពុកនាង ហ.វ.ណ ពេលដែលឮកូនប្រសាប្រុស ទូរស័ព្ទប្រាប់ថា បាត់ប្រពន្ធចេញពីផ្ទះច្រើនថ្ងៃនោះ ឪពុកក៏បានស្វែងរកតាមរយៈមិត្ដភក្ដិ និងសាច់ញាតិក៏បានដឹងថា កូនស្រីកំពុងលង់ស្នេហ៍ជាមួយបុរសម្នាក់ នៅភូមិសើយ ឃុំមៀន ស្រុកអូរាំងឪ ។ ពេលបានដឹងរឿង និងបានស្គាល់អាសយដ្ឋានកូនស្រី មករស់នៅទីនោះហើយ ឪពុកបានដាក់ពាក្យបណ្ដឹងមកនគរបាលនាយកដ្ឋាន កណ្ដាលសន្ដិសុខក្រសួងមហាផ្ទៃ ដើម្បីទៅរំដោះកូនស្រី និងចាប់ខ្លួនជនកំហូចយកទៅចាត់ការតាមច្បាប់។
ជាលទ្ធផល ២នាក់បងប្អូន គឺស្ដ្រីជាបងឈ្មោះ ឃុន ណៃហឿន អាយុ ៤២ឆ្នាំ និងឈ្មោះ យិន ទូច ហៅយិត អាយុ ៣២ឆ្នាំ រស់នៅភូមិសើយ ឃុំមៀន ស្រុកអូរាំងឪ ខេត្ដកំពង់ចាម ជាកសិករធ្វើស្រែចម្ការ ត្រូវនគរបាលនាយកដ្ឋានសន្ដិសុខក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ។ ឈ្មោះ យិន ទូច បានប្រាប់តុលាការថា ពួកគេព្រមព្រៀងរួមរស់ជាមួយគ្នា ដោយអះអាងថា «ម្ហូបមកដល់មាត់ហើយ រឿងអីមិនទទួលទាន» ពោលគឺរូបគេមិនបានទៅ លួចយកភរិយាគេទេ ក៏មិនពង្រត់ពីប្ដីនាងឡើយ គឺខាងស្រីវេចបង្វេចមកដល់ផ្ទះរបស់ខ្លួន៕
Source from: watphnom-news.com

Loading...
Loading...