រាជធានីភ្នំពេញ ៖ ក្រុមចោរញីឈ្មោលមួយគូ បានធ្វើសកម្មភាព ហៅម៉ូតូឌុបជិះយកទៅប្លន់ នៅកន្លែងស្ងាត់ដោយប្រើកាំបិត ភ្ជង់ប្លន់យកម៉ូតូជិះគេចខ្លួន ដោយសុវត្ថិភាព កាលពីវេលាម៉ោង ២និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចក្រោយសាលាមត្តេយ្យ ហេឡូអាមេរិកកាំង តាមបណ្ដោយផ្លូវលេខ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា។
ជនរងគ្រោះមានឈ្មោះ ឡាក់ ឈូ ភេទប្រុស អាយុ ២៧ឆ្នាំ មានស្រុកកំណើត នៅភូមិរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មុខរបរជាអ្នករត់ម៉ូតូឌុប ហើយម៉ូតូដែលចោរប្លន់ យកទៅបាត់នោះ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ។ មុនពេលកើតហេតុ ជនរងគ្រោះបានឌុបនារីម្នាក់ និងបុរសម្នាក់ចេញពី ម្តុំស្ទឹងមានជ័យដោយពួកគេ បានឲ្យគាត់ដឹកទៅផ្ទះសំណាក់មួយកន្លែង ដោយមិនចាំឈ្មោះ នៅម្តុំខណ្ឌ ៧មករា។
ក្រោយមកស្ត្រីជាជនល្មើស បានឲ្យជនរងគ្រោះឌុប ទៅជួបនឹងបុរសពីរនាក់ទៀត និងបន្តទៅកន្លែងផ្សេងៗ ទៀតតាំងពីម៉ោង ៨យប់មកម្ល៉េះ ស្រាប់តែមកដល់ពេលកើតហេតុ ពួកគេបានឲ្យជនរងគ្រោះ ឈប់ម៉ូតូនៅកន្លែងងងឹត ក៏ធ្វើសកម្មភាពវាយនិងយកកូនកាំបិត ភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះ ហើយជិះរត់គេចខ្លួន បាត់ភ្លាមៗតែម្តង។ ជនសង្ស័យទាំង ២នាក់នោះបានហៅ ម៉ូតូឌុបរបស់ជនរងគ្រោះ ជិះស្ទើរមួយយប់ទៅហើយ តែមិននឹកស្មានថា ជាចោរប្លន់សោះ៕
Source from: watphnom-news.com

Loading...
Loading...