ខេត្តបាត់ដំបង ៖ បទភ្លេងការបន្លឺឡើង យ៉ាងគ្រលួចដើម្បីស្វាគមន៍ ញាតិមិត្តជិតឆ្ងាយ បានប្រហែល ២ម៉ោងស្រាប់តែប្រពន្ធដើម ដែលបានមើលហ្វេសប៊ុក ឃើញកូនក្រមុំថ្មីរៀបការ ជាមួយប្តីរបស់ខ្លួន ក៏បាននាំកូនតូចនិងម្តាយទៅអុកឡុកពិធីមង្គលការ កាលវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ២០១៣ នៅក្នុងភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង សុំឲ្យអាជ្ញាធរផ្អាក អាពាហ៏ពិពាហ៏ដែលមិនស្របច្បាប់ ព្រោះសំណុំរឿងលែងលះ ហើយហេតុការណ៍នេះ នាំអោយភ្ញៀវមានកាភ្ញាក់ផ្អើល រត់ជាន់ជើងគ្នា ។
ស្ដ្រីប្រពន្ធដើមឈ្មោះ គិត សិរីផល្លីកា អាយុ ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន មួយរស់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានរៀបរាប់ថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ គាត់មើលហ្វេសប៊ុក ឃើញកូនក្រមុំថ្មីឈ្មោះ ឆសជត អាយុ ១៦ឆ្នាំ បង្ហោះរូបភាព និងជូនដំណឹងរៀបការនៅថ្ងៃទី២៦ ខែវិច្ឆិកា២០១៣ នៅក្នុងភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ជាមួយប្តីខ្លួនឈ្មោះ ប៉ាង ថ្លៃថ្លា អាយុ ៣៣ឆ្នាំ ដែលមានស្រុកកំណើត នៅខេត្ដស្វាយរៀង ហើយបច្ចុប្បន្ន រស់នៅផ្ទះលេខ៨៩បេ ផ្លូវជាតិលេខ ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ស្ត្រីជាប្រពន្ធដើម បានដាក់បណ្តឹងមកអជ្ញាធរ ភូមិឃុំសុំផ្អាកមិនអោយរៀបមង្គលការ ព្រោះសំណុំរឿងលែងលះ មិនទាន់ដាច់ស្រេចកាលពីឆ្នាំ២០១០ ហើយមានទាក់ទិនជាមួយ កូនស្រីម្នាក់អាយុ ១ឆ្នាំដែលកាលនោះ ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ បានតម្រូវឱ្យបុរសជាប្ដីបង់ថ្លៃអាហារកិច្ច ៥០ដុល្លារក្នុងមួយខែ រហូតដល់អាយុ ៦ ឆ្នាំ។ លុះដល់អាយុចាប់ពី ៦ឆ្នាំ ដល់ ១៨ឆ្នាំ ត្រូវបង់ ១០០ដុល្លារក្នុងមួយខែ ។ ស្ត្រីជាប្រពន្ធដើម បានជំទាស់ចំពោះការសម្រេច របស់តុលាការ ហើយប្ដឹងទៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣។
ស្ត្រីជាប្រពន្ធដើម បានស្គាល់ទីលំនៅ កូនក្រមុំថ្មីវ័យ ១៦ឆ្នាំនិងបានដឹងពីផែនការ របស់ប្ដីខ្លួនក៏បានដាក់ពាក្យបណ្ដឹង ចាប់តាំងពីថ្នាក់ឃុំ រហូតដល់ស្នងការរដ្ឋាន នគរបាលខេត្ត អោយផ្អាកការរៀបអាពាហ៍ពិពាហ៍នោះ ជាបណ្តោះអាសន្ន។ ភាគីខាងប្តីឈ្មោះ ប៉ាង ថ្លៃថ្លា ជាវេជ្ជបណ្ឌិតឯកជនម្នាក់ បានអោយដឹងថា ខ្លួនបានលែងលះជាមួយ ប្រពន្ធដើមឈ្មោះ គិត សិរីផល្លីកា អាយុ ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជន នៅសង្កាត់ចាក់អង្រែលើ កាលពីឆ្នាំ២០១០ និងជំនុំជំរះដោយលោក ស៊ិន វិសាល ចៅក្រមនៃសាលាដំបូង រាជធានីភ្នំពេញ ដោយមានចេញសាលក្រមលេខ ៣៨(ជ) ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣។
ម្យ៉ាងវិញទៀតខាងប្រុសបានសុំច្បាប់ត្រឹមត្រូវ និងបានសួរទៅតុលាការកំពូល កាលពីម៉ោង ២និង៣០ នាទីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ តើភាគីខាងប្រុស អាចរៀបអាពាហិ៍ពិពាហ៍បានឬអត់? ខាងតុលាការកំពូលបានបញ្ជាក់ថា ដោយផ្អែកលើច្បាប់ និងហៅឈ្មោះ គិត សិរីផល្លីកា អាយុ ២៧ឆ្នាំជាប្រពន្ធដើមចំនួន ២ដងអោយមកបំភ្លឺ តែនាងមិនចូលខ្លួន ដូច្នេះអាចរៀបការជាមួយគូថ្មីបាន។ ចំណែកក្រុមគ្រួសារកូនក្រមុំថ្មី មានបំណងប្តឹងឈ្មោះ គិត សិរីផល្លីកា ដែលជាប្រពន្ធដើម ពីការអុកឡុកអាពាហ៍ពិពាហ៍នេះ នាំឲ្យប៉ះពាល់ដល់កិត្តិយស ក្រុមគ្រួសាររបស់ពួកគេ ដោយអះអាងថា មកអុកឡុកគ្មានគ្មានច្បាប់ទម្លាប់ និងសំបុត្រអត្រាកូលដ្ឋានច្បាស់លាស់។
ពាក់ព័ន្ធករណីនេះលោក នួន សាន ព្រះរាជអាជ្ញាខេត្តបាត់ដំបង បានមានប្រសាសន៍ថា ករណីប្រពន្ធដើមមកអុកឡុករោងការ នៅចំណុចភូមិបឹងអំពិលនោះ ភាគីខាងប្រុសមិនមានកំហុសខាងច្បាប់ទេ ហើយសមត្ថកិច្ចគួរតែអនុញ្ញាតិ អោយរោងការនោះដំណើរការវិញ។ ដោយផ្អែកលើអាហារកិច្ច សម្រាប់ប់ចិញ្ចឹមកូន មានតាមផ្លូវច្បាប់ ហើយបើចង់បានតម្លៃផ្តាច់សរុប ឬឡើងថ្លៃទៀតអាចតវ៉ាគ្នា ក្រោយពីរៀបការរួច៕
Source from: watphnom-news.com

Loading...
Loading...