រាជធានីភ្នំពេញ ៖ ក្រុមកម្មកររោងចក្រ អែស.អិល ប្រមាណ ២ ពាន់នាក់បានដើរដង្ហែក្បួនបាតុកម្ម ចេញពីរោងចក្រស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យ សំដៅទៅមុខផ្ទះនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីទាមទារឲ្យថៅកែរោងចក្រ អនុវត្តកិច្ចសន្យាដែលបាន ព្រមព្រៀងគ្នាកន្លងមក ឈានដល់ការប្រើអំពើហិង្សា ហើយសមត្ថកិច្ចបានបាញ់ គ្រាប់បែកផ្សែងជា ដើម្បីបំបែកហ្វូងក្រុមបាតុករ រហូតដល់វេលាម៉ោង ១២ និង ៣០នាទី ទើបសភាពការណ៍ ស្ងប់ស្ងាត់ទៅវិញ ដោយមានការចាប់ឃុំខ្លួនប្រជាពលរដ្ឋជាង ៣០នាក់ ។
សាក្សីបានឲ្យដឹងថា សមត្ថកិច្ចបានបាញ់រះ ទៅលើហ្វូងបាតុករជាច្រើនគ្រាប់ បណ្ដាលឲ្យកម្មករ ២នាក់របួសធ្ងន់នៅខាងមុខវត្តស្ទឹងមានជ័យ និងស្លាប់ស្ត្រីអ្នកលក់បាយម្នាក់ ដោយសារត្រូវគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច។ ចំណែកឯបាតុករជាច្រើននាក់ផ្សេងទៀត ក៏រងរបួសធ្ងន់ ដោយសារសមត្ថកិច្ចវាយបង្ក្រាប។ ក្រុមសមត្ថកិច្ចបានដាក់ពង្រាយ កងកម្លាំងរាប់រយនាក់ និងឡានទឹកជាច្រើនគ្រឿង នៅម្ដុំវត្តស្ទឹងមានជ័យ ដើម្បីរារាំងមិនឲ្យក្រុមកម្មករ ដើរដង្ហែក្បួនទៅមុខ និងបានបង្ក្រាបក្រុមបាតុករ ដោយបាញ់ទឹក ចំណែកក្រុមបាតុករ ក៏តបតទៅវិញដោយមាន ការគប់ដុំថ្មដាក់សមត្ថកិច្ច។
ការប៉ះទង្គិចគ្នារវាងក្រុមបាតុករ និងសមត្ថកិច្ច មានស្ថានភាពធ្ងន់ធ្ងរ រហូតដល់បាតុករបានដុតឡានសមត្ថកិច្ចមួយគ្រឿង និងម៉ូតូ ២គ្រឿង។ អំពើហិង្សាផ្ទុះឡើងនៅម្តុំស្ទឹងមានជ័យ រវាងសមត្ថកិច្ចនិងកម្មកររោងចក្រ SL បានឈានដល់ការបាញ់គ្រាប់ពិតត្រូវពលរដ្ឋ ៣នាក់ឲ្យរបួសធ្ងន់ ក្នុងនោះមានអ្នករត់ម៉ូតូឌុបម្នាក់ អ្នកលក់បាយម្នាក់ដែលក្រោយមកបានស្លាប់ និងកម្មករម្នាក់។ ជនរងគ្រោះទាំង ៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីធ្វើការជួយសង្គ្រោះជាបន្ទាន់ ហើយក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកឃ្លាំមើលផ្សេងទៀត ក៏បានចុះទៅពិនិត្យអ្នករងគ្រោះទាំងនោះ និងនៅកន្លែងកើតហេតុដែរ។
កន្លងមកភាគីពាក់ព័ន្ធ រួមមានក្រសួងការងារ តំណាងកម្មករ និងសហជីព បានប្រជុំសម្រេច ៥ចំណុច តាមការស្នើសុំរបស់កម្មកររួចហើយ គឺទី១ តាមការសម្រេចរបស់រដ្ឋាភិបាល គឺបញ្ជាឲ្យថៅកែរោងចក្រដកលោក មាស សុត្ថា ប្រធានរដ្ឋបាល ចេញពីតួនាទីចាត់ចែងកិច្ចការរដ្ឋបាលនៅរោងចក្រ។ ទី២ ដកមន្ត្រីសមត្ថកិច្ច និងមន្ត្រីកងរាជអាវុធហត្ថចេញពីបរិវេណរោងចក្រ។ ទី៣ រោងចក្រមិនត្រូវផ្លាស់ប្ដូរវេនធ្វើការ គឺមានន័យថា ត្រូវរក្សាការងារ ៣វេនដដែល។ ទី៤ ក្រុមហ៊ុនត្រូវដករាល់បណ្ដឹងទាំងអស់ទៅលើកម្មករ និងបញ្ឈប់ធ្វើទុក្ខបុកម្នេញទៅលើកម្មករទៀត និងទី៥ កម្មករស្នើសុំឲ្យរោងចក្រផ្ដល់ប្រាក់ ៥០ភាគរយដល់ពួកគេនៅពេលធ្វើបាតុកម្ម។
ប៉ុន្តែការសម្រេចនោះ នៅមិនទាន់ត្រូវបានអនុវត្ត ក្នុងរោងចក្រនៅឡើយ ជាពិសេសលោក មាស សុត្ថា ដែលកម្មករស្នើសុំ ឲ្យឈប់ពីតួនាទីក្នុងរោងចក្រ នៅតែមានវត្តមាននៅឡើយ រហូតដល់សព្វថ្ងៃនេះ។ មកដល់នឹងពេលនេះ មានរយៈពេលមិនតិចជាង ៣ខែនោះទេ ដែលក្រុមកម្មករបានធ្វើកូដកម្ម ប៉ុន្ដែពុំ ទាន់មានដំណោះស្រាយសមស្របណាមួយ រវាងថៅកែរោងចក្រ ជាមួយកម្មករនោះទេ ហើយ បាតុភាពនេះ កើតឡើងដោយសារតែ ខាងថៅកែរោងចក្រ មិនអនុវត្តន៍តាមកិច្ចព្រមព្រៀង នៃដំណោះស្រាយ៕
Source from: watphnom-news.com

Loading...
Loading...