ឯកឧត្តម កែវ រតនៈ អាយុ៤០ឆ្នាំ ត្រូវបានតែងតាំងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៨/៩៨៧ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៨។
ក្រោយមក ឯកឧត្តម កែវ រតនៈ ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាអាណត្តិទី៤ មានឋានៈស្មើរដ្ឋលេខាធិការបន្ថែមលើមុខងារជាអគ្គនាយកអគ្គិសនីកម្ពុជា ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៨/១១១០ ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៨។
នាសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កន្លងមក ឯកឧត្តម កែវ រតនៈ បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិគណបក្សប្រជាជនកម្ពុជាលំដាប់លេខរៀងទី២ នៅមណ្ឌលខេត្តពោធិ៍សាត់។ តាមលទ្ធផលឆ្នោតដែលប្រកាសដោយ គ.ជ.ប គឺឯកឧត្តម កែវ រតនៈ ត្រូវបានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រ ប៉ុន្តែឯកឧត្តមរូបនេះបានដកខ្លួនថយ ដោយសុខចិត្តនៅបន្តកាន់តំណែងកន្លែងខ្លាញ់ជាមេអគ្គិសនីកម្ពុជាតទៅទៀត ដ្បិតចំណូលបានមកពីក្រុមហ៊ុនអគ្គិសនីកម្ពុជា «EDC» សម្រាប់ដាក់ចូលហោប៉ៅ ក៏មិនតិចតួចឡើយ។
ឥឡូវនេះ ឯកឧត្តម កែវ រតនៈ ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាអាណត្តិទី៥សាជាថ្មីមានឋានៈស្មើរដ្ឋលេខាធិការបន្ថែមលើមុខងារជាអគ្គនាយកអគ្គិសនីកម្ពុជា តែមិនទទួលប្រាក់បៀវត្សរ៍ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/១០០៦ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា មានមន្ត្រីភាគច្រើនដែលមានឋានៈជាឯកឧត្តមរួចហើយនៅតែចង់ធ្វើជាទីប្រឹក្សានាយករដ្ឋមន្ត្រីបន្ថែមទៀត ទោះបីមិនទទួលប្រាក់ខែក៏ដោយ ព្រោះបានធ្វើជាទីប្រឹក្សាបុរសខ្លាំងអាចនឹងទទួលបាននូវឥទ្ធិពលអំណាចរឹតតែខ្លាំង ធ្វើឲ្យមន្ត្រីផ្សេងៗទៀតបាក់បបខ្លបខ្លាច ហើយក៏អាចយកអំណាចនេះទៅធ្វើអាជីវកម្មផ្សេងៗ ដើម្បីប្រមូលយកផលប្រយោជន៍ផងដែរ៕
Source from: www.dtn7.com

Loading...
Loading...