ឯកឧត្តម ឌិត មុន្ទី មានឆ្នាំកំណើតចំនួន២ខុសៗគ្នា គឺនៅក្នុងក្របខ័ណ្ឌចៅក្រមដាក់ថ្ងៃខែឆ្នាំកំណើតថា «ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៤៤» តែនៅក្នុងក្របខ័ណ្ឌជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានអត្តលេខ១២០ «ជាមេធាវីសុំនៅក្រៅបញ្ជីគណៈមេធាវី» ដាក់ថ្ងៃខែឆ្នាំកំណើតថា «ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៤១»។ ដូច្នេះ ឯកឧត្តម ឌិត មុន្ទី អាចមានអាយុគម្រប់៧២ឆ្នាំ ហើយ គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ។
ក្រៅពីមានតួនាទីជាប្រធានតុលាការកំពូលផង ជាចៅក្រមជំនុំជម្រះផង «ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ» គឺឯកឧត្តម ឌិត មុន្ទី មានមុខងារជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងជាប្រធានក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមានមុខការដាក់ទោសវិន័យទៅលើចៅក្រមទូទាំងប្រទេស ដែលប្រព្រឹត្តខុសឆ្គងពេលបំពេញការងារ។
លើសពីនេះឯកឧត្តម ឌិត មុន្ទី ក៏ធ្លាប់កាន់តួនាទីជាសហប្រធានក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ ប៉ុន្តែក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ដែលបង្កើតឡើងដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០២/១៥៨ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០២ និងព្រះរាជក្រឹត្យលេខនស/រកត/០៨០៩/៧៦៩ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០០៩នោះ ត្រូវបានរំលាយចោលវិញហើយ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/៩៥៦ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣។
ទោះបីមានអាយុគម្រប់៧២ឆ្នាំ ហើយក៏ដោយ ក៏ឯកឧត្តម ឌិត មុន្ទី មិនត្រូវបានដាក់ឲ្យចូលនិវត្តន៍ស្របតាមមាត្រា១នៃព្រះរាជក្រឹត្យលេខនស/រកត/០៩០៥/៤០៣ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០០៥ ដែលបានចែងថា «ត្រូវបានដាក់ឲ្យចូលនិវត្តន៍ចៅក្រម និងព្រះរាជអាជ្ញាដែលមានអាយុចាប់ពី៦០ឆ្នាំ ឡើងទៅ» នោះឡើយ ផ្ទុយទៅវិញឯកឧត្តម ឌិត មុន្ទី ត្រូវបានអនុញ្ញាតឲ្យនៅបន្តបម្រើការងារតទៅទៀត ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១១/៦៩៤ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១។
ឋានៈនៅក្នុងជីវភាពនយោបាយគឺឯកឧត្តម ឌិត មុន្ទី ជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
សរុបសេចក្តីមក នៅថ្ងៃនេះគឺជាថ្ងៃខួបកំណើតគម្រប់៧២ឆ្នាំ របស់ឯកឧត្តម ឌិត មុន្ទី ប៉ុន្តែឯកឧត្តមមិនទាន់ត្រូវបានដាក់ឲ្យចូលនិវត្តន៍នៅក្នុងក្របខ័ណ្ឌចៅក្រមឡើយ ហើយក៏មិនអាចដឹងថា ឯកឧត្តម នឹងបន្តកាងារក្នុងតួនាទីជាប្រធានតុលាការកំពូលដល់ពេលណានោះទេ៕
Source from: www.dtn7.com

Loading...
Loading...