ខេត្តសៀមរាប ៖ មិនដឹងថាមេឈ្មួញឈ្មោះ អៀ ឆៃយិន មានឥទ្ធិពលអំណាច ឬយ័ន្តអ្វីពិសេសនោះទេ ទើបអាចធ្វើសកម្មភាព រកស៊ីដឹកជញ្ជូនឈើគ្រញូងខុសច្បាប់ តាមរថយន្តទំនើបៗ ពីខេត្តឧត្តរមានជ័យ ចូលមកខេត្តសៀមរាបយ៉ាងអនាធិបតេយ្យ យកមកស្តុកនិងលក់ចែកចាយ តាមរោងសិប្បកម្ម ដេប៉ូ និងបន្តដឹកជញ្ជូនយកមកលក់នៅភ្នំពេញ មិនដែលមានការបង្ក្រាបទេ ហើយយូរៗម្តងគេសង្កេតឃើញសមត្ថកិច្ចចុះមកឆែកឆេរ បង្ក្រាបឃ្លាំងស្តុកឈើខុសច្បាប់ នៅកណ្តាលក្រុងសៀមរាប ក៏មិនដែលប៉ះពាល់ទីតាំងស្តុកឈើខុសច្បាប់របស់ឈ្មោះ អៀ ឆៃយិន ។
ករណីនេះនាំឲ្យមន្ត្រីតូចតាចមួយចំនួនសង្ស័យថា ជំនាញរដ្ឋបាលព្រៃឈើ របស់លោក ឈាង តុលា ក៏ដូចជាមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងខេត្តសៀមរាប ទទួលបានផលប្រយោជន៍ជាប់ជាប្រចាំ ពីការដឹកជញ្ជូនឈើខុសច្បាប់ របស់មេឈ្មួញ អៀ ឆៃយិន ទើបធ្វើមិនដឹងមិនឮ ពីភាពអនាធិបតេយ្យនៃការដឹកជញ្ជូនឈើ ផ្គើនបទបញ្ជាលេខ០១។ ជាទៀងទាត់មេឈ្មួញ អៀ ឆៃយិន បានប្រើប្រាស់រថយន្ត បាឡែន ធុនដ្រា និងឡិចស៊ីស ដឹកជញ្ជូនឈើគ្រញូង មកពីខេត្តឧត្តរមានជ័យ ឆ្លងកាត់ស្រុកអន្លង់វែង ចូលមកស្រុកវ៉ារិន ខេត្តសៀមរាប ក្នុងមួយរថយន្តៗផ្ទុកឈើគ្រញូង មិនតិចជាង ១តោននោះទេ។
អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ដែលប្រចាំការតាមដងផ្លូវ ច្រើនស្អេកស្កះ មិនដែលហ៊ានប៉ះពាល់ ការដឹកជញ្ជូនឈើរបស់មេឈ្មួញ អៀ ឆៃយិន នោះទេ ព្រោះរាល់ការដឹកជញ្ជូនឈើ សុទ្ធតែមានការជូនដំណឹងជាមុន ហើយយូរៗម្តងគេសង្កេតឃើញ មេឈ្មួញ អៀ ឆៃយិន លោតឆ័ត្រក៏ត្រូវសមត្ថកិច្ច ដែលដាក់ប៉ុស្តិ៍ជជុះតាមដងផ្លូវ ប្រដេញឲ្យចូលបង់លុយ។ ជាក់ស្តែង កាលពីវេលាម៉ោង១០និង២០ នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះ រថយន្តកាមរីបាឡែន ពណ៌ស្ករ របស់មេឈ្មួញ អៀ ឆៃយិន ដឹកឈើគ្រញូងជាង ១តោន ត្រូវបាននគរបាល ស្រុកវ៉ារិន ប្រដេញចាប់បាន។
មេឈ្មួញ អៀ ឆៃយិន មិនដែលក្រែងញញើត សមត្ថកិច្ចឬមន្ត្រីជំនាញណាម្នាក់ទេ ហើយជាទៀងទាត់នៅពេលរថយន្តដឹកឈើរបស់ពួកគេ ត្រូវបានសមត្ថកិច្ចបង្ក្រាប តាមដងផ្លូវក្រោមហេតុផលដឹកឈើលោតឆ័ត្រ ឬចរចាថ្លៃសេវាមិនត្រូវគ្នា គេតែងតែឃើញមេឈ្មួញ អៀ ឆៃយិន ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីសម្រុះសម្រួល តាមរយៈការបង់លុយឲ្យទៅ មន្ត្រីនិងសមត្ថកិច្ចទាំងនោះ។ ជាធម្មតាក្បួនរថយន្តដឹកឈើគ្រញូង របស់មេឈ្មួញ អៀ ឆៃយិន ចេញពីស្រុកអន្លង់វែង ចូលខេត្តសៀមរាប ឆ្លងកាត់ផ្លូវជាតិលេខ៦៧ ម្តងៗមានមិនតិចជាង៥គ្រឿងនោះទេ ។
មេឈ្មួញ អៀ ឆៃយិន ក៏បានបើករថយន្តទំនើប របស់ខ្លួនតាមក្បួនឡានដឹកឈើ ដើម្បីយកលុយទៅបង់ជូនមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ទៅតាមការចរចាគ្នា។ ការដឹកជញ្ជូនឈើខុសច្បាប់ របស់មេឈ្មួញ អៀ ឆៃយិន ពីខេត្តឧត្តរមានជ័យ ចូលខេត្តសៀមរាប យ៉ាងគគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ គ្មាននរណាហ៊ានប៉ះពាល់ ក៏ព្រោះតែមេឈ្មួញ អៀ ឆៃយិន បានទំនាក់ទំនង បង់លុយជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់ជាន់ថ្នាក់រួចរាល់អស់ហើយ ដែលទាមទារឲ្យលោក ឃឹម ប៊ុនសុង ជាអភិបាលខេត្តសៀមរាប មេត្តាពិនិត្យមើលបញ្ហានេះ ឡើងវិញផង៕
Source from: watphnom-news.com

Loading...
Loading...