រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿង ដែលបើកលឿនដូចហោះ បានជ្រុលទៅបុកម៉ូតូ យ៉ាងពេញទំហឹង ដែលកំពុងបើកសៀរប្រុងឆ្លងផ្លូវ បណ្តាលឲ្យបុរស ៣នាក់ ប៉ើងខ្ទាតរដូករណែលពេញផ្លូវ រងរបួសធ្ងន់កាលពីវេលាម៉ោង ៨និង១០ យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
មុនពេលកើតហេតុ ជនរងគ្រោះទាំង ៣នាក់ជិះម៉ូតូមួយគ្រឿង ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ជនរងគ្រោះបានបើកម៉ូតូសៀរ ប្រុងឆ្លងផ្លូវមកខាងឆ្វេងដៃ ដល់ជិតពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿង បើកលឿនដូចព្យុះ ជ្រុលមកបុកម៉ូតូលាន់ដូចរន្ទះ បណ្តាលឲ្យជនរងគ្រោះទាំង ៣នាក់ ខ្ទាតចេញពីម៉ូតូ ផ្លោងទៅលើដងផ្លូវ រងរបួសធ្ងន់ទាំង ៣នាក់។ ចំណែកឯអ្នកបើករថយន្តបង្កវិញ ត្រូវបានប្រជាពលរដ្ឋ ក្របួចជាប់ហើយប្រគល់ ទៅឲ្យនគរបាលចាត់ការ ទៅតាមផ្លូវច្បាប់។
ជនរងគ្រោះទាំង ៣នាក់ពុំត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគីវីវ៉ាពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ ៤៣១៧ ចំណែកឯរថយន្តបង្កវិញ ជាប្រភេទរថយន្តរត់ឈ្នួលតួរីស ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២ដេ ១៦៥២ អ្នកបើកបរមានឈ្មោះ ឆាត វិបុល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិតាទ្រូ ឃុំម៉ារាម ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា គាត់បើកបរលឿនក៏ព្រោះតែប្រញាប់ ទៅមើលប្អូនដែលមានជំងឺខ្យល់គរ នៅម្តុំពេទ្យលោកសង្ឃ៕
Source from: watphnom-news.com

Loading...
Loading...