ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ឈ្មោះ ឡាយ សុផល ភេទប្រុស អាយុ ៣៤ឆ្នាំ មានមុខរបរជាកសិករ រស់នៅក្នុង ភូមិអូរឬស្សីលើ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវជាប្តីស្ត្រីរងគ្រោះ ដែលបានស្លាប់ ដោយការសម្រាលកូននៅក្នុងគ្លីនិកប្រសិទ្ធ ក្រុងប៉ោយប៉ែត បានមកដល់ទីស្នាក់ការ សមាគមការពារ អ្នកសារព័ត៌មានជាយដែន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ដោយបានសំណូមពរ ឲ្យជួយធ្វើការចុះផ្សាយព័ត៌មានពិត ដើម្បីជួយរកយុត្តិធម៌ ដល់រូបគាត់ដែលជាជនរងគ្រោះក្រីក្រម្នាក់ផង ព្រោះតែគាត់បានដាក់ពាក្យបណ្តឹង ចូលទៅតុលាការ ខេត្តបន្ទាយមានជ័យ តាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ រហូតមកដល់ពេលនេះ នៅតែមិនទាន់មានដំណោះស្រាយ សមស្របនៅឡើយទេ។
បើតាមឈ្មោះ ឡាយ សុផល ជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ប្រពន្ធរបស់គាត់មានឈ្មោះ ហួង ស្រីភួង អាយុ ៣៦ឆ្នាំ មានផ្ទៃពោះគ្រប់ខែ ហើយបាននាំយកមក សម្រាលកូននៅក្នុង គ្លីនិកឯកជនដែលមានយីហោ ប្រសិទ្ធ មានទីតាំងនៅម្តុំព្រះវិហារចាម ក្នុងភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ហើយមុនពេលស្លាប់ មួយថ្ងៃ គឺនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៣ ក្រោយពីចូលមកដល់ក្នុង គ្លីនិកឯកជន ប្រសិទ្ធ នោះ ខាងក្រុមគ្រូពេទ្យ បានដាក់ព្យួរសេរ៉ូមឲ្យប្រពន្ធរបស់គាត់។ បន្ទាប់មកទៀត មិនដឹងជាក្រុមគ្រូពេទ្យធ្វើអ្វី ខុសប្រក្រតីនោះទេ ដោយបានប្រាប់ថា ប្រពន្ធរបស់គាត់ ប្រកាច់ និងហូរឈាមច្រើន តាមទ្វារមាស ត្រូវបញ្ជូនបន្តជាបន្ទាន់ទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ តែម្តងទៅ ។
ក្រុមគ្រួសារស្ត្រីរងគ្រោះបានបញ្ជាក់ទៀតថា ពេលមកដល់មន្ទីរពេទ្យបង្អែកមង្គលបុរី ក្រុមគ្រូពេទ្យជួយសង្គ្រោះ បានតែទារកម្នាក់ប៉ុណ្ណោះ ចំណែកប្រពន្ធរបស់គាត់ នៅតែបន្តហូរឈាមតាមទ្វារមាស រហូតដល់ស្លាប់ បាត់បង់ជីវិតតែម្តង។ បុរសជាប្តីស្ត្រីរងគ្រោះ បានបន្តទៀតថា ក្រោយពីប្រពន្ធរបស់គាត់ បានស្លាប់បាត់បង់ជីវិតរួចមក គាត់បានដាក់ពាក្យប្តឹង អ្នកគ្រូពេទ្យឆ្មបម្នាក់ឈ្មោះ តែ ដារី ជាម្ចាស់គ្លីនិកប្រសិទ្ធ នោះដើម្បីទាមទារសំណងជំងឺចិត្តចំនួន ២ម៉ឺនដុល្លារ និងសូមឲ្យចាត់ការឈ្មោះ តែ ដារី ទៅតាមផ្លូវច្បាប់ ។
ឈ្មោះឡាយ សុផល បានដាក់ពាក្យបណ្តឹង ចូលតុលាការតាំងពីថ្ងៃទី១៥ ខែមករា រហូតមកដល់ពេលនេះ មានរយពេលជិតមួយឆ្នាំហើយ មិនទាន់មានដំណោះស្រាយ នៅឡើយទេ ព្រោះតែគាត់ ជាជនរងគ្រោះក្រីក្រ។ ឈ្មោះ ឡាយ សុផល បានសំណូមពរដល់ ថ្នាក់ដឹកនាំតុលាការខេត្តបន្ទាយមានជ័យ ដែលគេមានជំនឿទុកចិត្តថា ជាស្ថាប័នតុលាការគំរូ សម្រាប់ទូទាំងប្រទេសនោះ មេត្តាជួយរករកយុត្តិធម៌ ដល់រូបគាត់ជាជនរងគ្រោះក្រីក្រ ឲ្យមានតម្លាភាពផង ។ ជុំវិញបញ្ហាខាងលើនេះ ម្ចាស់គ្លីនិក ប្រសិទ្ធ ដែលរងការចោទប្រកាន់នេះ មិនទាន់អាចសុំការបំភ្លឺបានឡើយ៕ ដោយ ចិន្តា
Source from: watphnom-news.com

Loading...
Loading...