ប្រទេសថៃ ៖ យ៉ាងណាក៏ដោយលោកស្រី យីងឡាក់ បានអះអាងជាថ្មី កាលពីម្សិលមិញថា លោកស្រីនឹងមិនព្រមរំលាយសភា ឬចុះចេញពីតំណែងជាដាច់ខាត។ លោកស្រី បានសម្រេចចិត្តបន្តកំណត់ ឲ្យមានវិធានការសុខបន្ទាន់ ក្នុងក្រុងបាងកក និងបណ្តាតំបន់ជិតខាងមួយចំនួនទៀត។ វិធានការបែបនេះត្រូវបានគេដឹងថា ផ្តល់សិទ្ធិឲ្យពួកអាជ្ញាធរថៃ ក្នុងការបង្កើតបំរាមគោចរកំណត់ឲ្យមានប៉ុស្តិ៍ត្រួតពិនិត្យ និងរឹតបន្តឹងបន្ថែមទៀត ចំពោះចលនាបាតុកម្មនានា។
បន្ទាប់ក្រុមបាតុករប្រឆាំងរាជរដ្ឋាភិបាលថៃរាប់ម៉ឺននាក់ បាននាំគ្នាឡោមព័ន្ធបណ្តាក្រសួងសំខាន់ៗក្នុងរាជធានីបាងកក និងបណ្តាស្ថាប័នរដ្ឋមួយចំនួនទៀត ក្នុងបំណងបន្តទាមទារទម្លាក់លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ា់ត់ត្រា ចេញពីតំណែង ដោយពួកគេប្រកាន់ជំហរថា រាជរដ្ឋាភិបាលបច្ចុប្បន្ន គឺស្ថិតក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីនស៊ីណាវ៉ាត់ត្រា ដែលជាទណ្ឌិតត្រូវបានកាត់ទោសកំបាំងមុខ ឲ្យជាប់គុកពីរឆ្នាំ ពីបទប្រើអំណាចបំពានច្បាប់ និងប្រព្រឹត្តិអំពើពុករលួយ។ នេះបើយោងតាមគេហទំព័ររបស់ប្រទេសថៃ The Nation ដែលបានបានចុះផ្សាយកាលពីម្សិលមិញនេះ។
យ៉ាងហោចណាស់ មានបាតុករប្រមាណ២ម៉ឺននាក់ មកពីទូទាំងប្រទេសបានជួបជុំគ្នានៅទីតាំងច្រើនជាង១០កន្លែង ស្ថិតក្នុងក្រុងបាងកក កាលពីម្សិលមិញ ដោយពួកគេបានកាន់កាប់អគារ និងបរិវេណជុំវិញក្រសួងការបរទេសថៃ ក្រសួងហិរញ្ញវត្ថុ ទីស្នាក់ការយោធា និងបណ្តាស្ថានីយទូរទស្សន៍នានា។ មានបាតុករច្រើនជាង១ពាន់នាក់នៅតែបន្តអង្គុយនៅខាងក្នុងអគារក្រសួង ហិរញ្ញវត្ថុ និងទីតាំងជុំវិញក្រសួងទៀងផង។
ពួកបាតុករកំពុងទាមទារឲ្យលោកស្រី យីងឡាក់ ចុះចេញពីតំណែងដោយពួកគេចោទប្រកាន់ថា លោកស្រីគឺជាអាយ៉ងរបស់បងប្រុសលោកស្រី គឺលោកអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ដែលធ្លាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច កាលពីឆ្នាំ២០០៦ ហើយលោកត្រូវបានតុលាការកាត់ទោសឲ្យជាប់គុកចំនួនពីរឆ្នាំ ពីបទពុករលួយនិងប្រើអំណាចបំពានច្បាប់។ បច្ចុប្បន្នទណ្ឌិតរូបនេះកំពុងនិរទេសខ្លួននៅក្រៅប្រទេស។
មេដឹកនាំបាតុករ និងជាអតីតសមាជិកសភា ខាងគណបក្សប្រឆាំង ទើបលាឈប់ពីតំណែង លោក ស៊ូថេប ធឿស៊ូបាន បានប្រកាសថា រូបលោកនឹងមិនព្រមបញ្ឈប់បាតុកម្មជាដាច់ខាត លុះត្រាណាលោកស្រី យីងឡាក់ ចុះចេញពីតំណែង ឬមានការរំលាយសភាចោល៕
Source from: watphnom-news.com

Loading...
Loading...