ខេត្ដកំពង់ឆ្នាំង ៖ ច្រើនឆ្នាំមកហើយដែល អំពើពុករលួយក្នុងអង្គភាព មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង មិនត្រូវបានដោះស្រាយ បើទោះបីជាមានពាក្យបណ្តឹង ដាក់ជូនអង្គភាព ប្រឆាំងអំពើពុករលួយរួចហើយក៏ដោយ រហូតមកដល់ពេលនេះបុគ្គលិកមន្ដ្រីរាជការនៅក្នុងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្ដកំពង់ឆ្នាំង ចំនួន ៤៧ រូបបានធ្វើរបាយការណ៍ ផ្ញើជូនលោករដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន ជុំវិញភាពមិនប្រក្រតី ការរំលោភបំពានលើច្បាប់ ស្ដីពីសហលក្ខន្ដិកៈ មន្ដ្រីរាជការស៊ីវិលនិងរឿងអាស្រូវ ជុំវិញការប្រព្រឹត្ដអំពើពុករលួយ, បក្ខពួកនិយម និងការរំលោភបំពានលើសិទ្ធិនារី ក្រោមការគ្រប់គ្រងដោយលោក ង៉ាន ណានី ដែលជាប្រធានមន្ទីរ កសិកម្មខេត្តកំពង់ឆ្នាំង ។
នៅក្នុងរបាយការណ៍ដែលមានកម្រាស់ ៨ទំព័រ របស់មន្ដ្រីគ្រប់ជាន់ថ្នាក់ក្នុងមន្ទីរ បានលើកឡើងពីភាពមិនប្រក្រតី និងអំពើពុករលួយចំនួន ៧ចំណុចដែលបានរៀបរាប់យ៉ាងលម្អិត ជូនលោករដ្ឋមន្ដ្រី ក្រសួងកសិកម្ម សុំឲ្យមានចំណាត់ការដោះស្រាយ ។ របាយការណ៍បានបញ្ជាក់ នូវភាពមិនប្រក្រតីជុំវិញការ គ្រប់គ្រង របស់លោក ង៉ាន ណានី ទី១-ការរំលោភបំពានលើច្បាប់សហលក្ខន្ដិកៈ មន្ដ្រីរាជការស៊ីវិល ទី២-ការកិបកេង ប្រេងឥន្ធនៈ ទី៣-ការកិបកេងថវិកា តាមរយៈការលក់ចេញពូជស្រូវ អន់គុណភាព និងទិញស្រូវពូជថ្មីបញ្ចូលឃ្លាំងវិញ ទី៤-ការជំរិតទារប្រាក់ពីមន្ដ្រីតាមរយៈ ការតែងតាំង ឬដំឡើងឋានៈ ទី៥-ការប្រមូលថវិកាពីមន្ដ្រី កាន់គំរោងផ្ដាសាយ បក្សី ទី៦-ការដកថវិកាពីបេឡាករមន្ទីរ ដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួននិង ទី៧- ការប្រមាថមាក់ងាយលើស្ដ្រីភេទ ជាមន្ដ្រីក្រោមឱវាទ ។
របាយការណ៍បានលើកឡើងថា អំពើពុករលួយរបស់លោក ង៉ាន ណានី កន្លងទៅក្រុមការងារ របស់ក្រសួងកសិកម្ម ក្នុងសម័យលោករដ្ឋមន្ដ្រី ច័ន្ទ សារុនបានចុះមកសាកសួរ ស្រាវជ្រាវ និងប្រមូលឯកសារពាក់ព័ន្ធមួយចំនួនធំ ខណៈដែលមន្ដ្រីក្រោមឱវាទ បានប្ដឹងទៅក្រសួង និងប្ដឹងទៅអង្គភាព ប្រឆាំងអំពើពុករលួយ ប៉ុន្ដែមកដល់ពេលនេះ បែរជាស្ងាត់សូន្យឈឹងមិន ទាន់មានដំណោះស្រាយណាមួយឡើយ ទើបលោក ង៉ាន ណានី កាន់តែប្រព្រឹត្ដ អំពើពុករលួយ ផ្គើនដល់មន្ដ្រីក្រោមឱវាទ និងមិនខ្លាចរអាទៅលើចំណាត់ការរបស់ថ្នាក់លើ ។
ចំពោះបញ្ហាពូជស្រូវ ក៏ជាចំណុចរសើប និងជាបញ្ហាប្រឈមរបស់លោក ង៉ាន ណានី ដោយបច្ចុប្បន្នអង្គភាពមន្ទីរកសិកម្មខេត្ដកំពង់ឆ្នាំង ពុំមានសន្និធិស្រូវពូជ ត្រៀមបម្រុងក្នុងឃ្លាំងទេ ដោយមន្ដ្រី បញ្ជាក់ថា រៀងរាល់ឆ្នាំ ក្រសួងកសិកម្ម តែងតែប្រគល់ថវិកាឱ្យមកមន្ទីរ ទិញពូជស្រូវត្រៀមបម្រុង សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ពេលជួបគ្រោះមហន្ដរាយផ្សេងៗចំនួន ១០០តោន ប៉ុន្ដែដោយសារការឃុបឃិត ជាមួយឈ្មួញ និងការមិនអើពើចំពោះ គោលនយោបាយរាជរដ្ឋាភិបាល ធ្វើឱ្យការលក់ចេញស្រូវពូជស្រូវអន់គុណភាព និងការប្ដូរទិញស្រូវពូជថ្មីបញ្ចូលមកក្នុង សន្និធិវិញ ជួបនូវបញ្ហារាំងស្ទះមួយចំនួន គឺពេលអ្នកម៉ៅការផលិតពូជកំពុងផលិត ពូជត្រូវលោក ង៉ាន ណានី រារាំងតាមរូបភាពផ្សេងៗ មិនឱ្យអ្នកបច្ចេកទេសចុះទៅពិនិត្យស្រែ និងណែនាំបច្ចេកទេសដល់ អ្នកផលិតទេ លុះពេលប្រមូលផលស្រូវ បញ្ចូលឃ្លាំង ត្រូវបានគណៈកម្មការ ជាពិសេសអ្នកបច្ចេកទេស មិនទទួលស្គាល់គុណភាព ព្រោះស្រូវ នេះគឺជាស្រូវដែលអ្នកម៉ៅការផលិត ដើរទិញស្រូវចំណីចម្រុះ មកធ្វើជាស្រូវពូជតែប៉ុណ្ណោះ ។
លើសពីនេះទៀត លោក ង៉ាន ណានី បានបើកថវិកាទៅឱ្យអ្នកម៉ៅការផលិត ពុំមានការឯកភាពពីគណៈកម្មការ ឬតាមកិច្ចសន្យាទេ ដោយសារតែខ្លួនដើរ តួជាប្រធានមន្ទីរផង ជាប្រធានគណៈកម្មការផង ជាប្រធានគណនេយ្យ និងជាបេឡាទៀតផង តាមរូបភាពដែលលោកប្រធានមន្ទីរ ង៉ាន ណានី កាន់កាប់លុយដោយខ្លួនឯងសម្រាប់រឿង ស្រូវពូជនេះ ។ ដោយការមិនទទួលស្គាល់គុណភាពស្រូវនេះ ក្រសួងក៏បានចាត់ ក្រុមការងារឱ្យចុះមកសម្របសម្រួល និងធ្វើការផលិតសាជាថ្មី នារដូវប្រាំងខាងមុខនេះ ដោយកំណត់ឱ្យអ្នកម៉ៅការ ផលិតស្រូវគោរពនូវកិច្ចសន្យា និង អនុវត្ដតាមលក្ខខណ្ឌបច្ចេកទេសឱ្យបាន ត្រឹមត្រូវ និងកំណត់ឱ្យអ្នកម៉ៅការផលិត បង្វិលថវិកាចំនួន ៧០ភាគរយមកមន្ទីរវិញ។
តែផ្ទុយទៅវិញ ក្រោយពីការចុះកិច្ចសន្យាបន្ថែមរួចមក អ្នកម៉ៅការផលិត នៅតែពុំព្រមអនុវត្ដតាមកិច្ចសន្យានោះទេ រហូតនាំឲ្យសមាជិកគណៈកម្មការស្រូវពូជ របស់មន្ទីរកសិកម្មខេត្ដ បដិសេធពុំទទួលស្គាល់អ្នកម៉ៅការផលិតនេះ ទៀតទេ។ ចំពោះបញ្ហានេះលោក ង៉ាន ណានី ពុំបានអើពើឬមានវិធានការ ណាមួយឱ្យបានសមស្របឡើយ ថែមទាំង រកលេសនេះលេសនោះ ជួយដល់អ្នកផលិតទៀតផង ទង្វើនេះមានន័យថា លោក ង៉ាន ណានី នៅតែពុំគិតគូរដល់ប្រជាជនរងគ្រោះ ក៏ដូចជាការមិនយកចិត្ដទុកដាក់ អនុវត្ដគោលការណ៍របស់ក្រសួង ។
មន្ដ្រីបានបញ្ជាក់ទៀតថា ក្រៅពីបញ្ហាស្រូវពូជនេះ លោក ង៉ាន ណានី ក៏បានប្រព្រឹត្ដអំពើខុសឆ្គងជាច្រើនទៀតដូចជា ការរំលោភបំពានលើច្បាប់សហលក្ខន្ដិកៈ មន្ដ្រីរាជការស៊ីវិល ដែលការងារនេះ លោក ង៉ាន ណានី បានយកសិទ្ធិអំណាច របស់ខ្លួនគាបសង្កត់លើមន្ដ្រីរាជការ ក្រោមឱវាទ ជាអាទិ៍ ៖ ការបង្កកការដំឡើង កាំប្រាក់បៀវត្សរ៍មន្ដ្រីរាជការនៅ ក្នុងអង្គភាពមួយចំនួនអស់រយៈពេល ៤ទៅ៥ ឆ្នាំ ដោយគិតថា មន្ដ្រីទាំងនោះជាអ្នកប្រឆាំងនឹងខ្លួន ។ ផ្ទុយទៅវិញ លោក ង៉ាន ណានី បានដំឡើងកាំបៀវត្សរ៍ដល់មន្ដ្រីមួយចំនួន ដែលធ្វើការនៅក្រៅអង្គភាពជាច្រើនឆ្នាំ រហូតមកទល់បច្ចុប្បន្ននេះ បានប្រគល់ប្រាក់ បៀវត្សរ៍ទាំងអស់រៀងរាល់ខែជូនដល់ លោក ង៉ាន ណានី ។
មិនថាក្នុងអង្គភាព ឬក្រៅអង្គភាពនោះទេ លោក ង៉ាន ណានី តែងតែឆ្លៀតឱកាស ប្រព្រឹត្ដអំពើពុករលួយ ជាក់ស្ដែងកន្លងទៅនេះ បានបញ្ចេញប្រេង អន្ដរាគមន៍ជួយសង្គ្រោះប្រជាកសិករ ដែលជួបគ្រោះរាំងស្ងួត ប៉ុន្ដែប្រេងទាំង នោះមិនបានធ្លាក់ដល់ដៃប្រជាកសិករទេ គឺភាគច្រើនឋិតនៅក្នុងដៃលោកប្រធាន មន្ទីរគ្រប់គ្រងខ្លួនឯង ដែលមានមួយភាគតូចបំផុតត្រូវបានលោក ង៉ាន ណានី ផ្ដល់ទៅប្រធានការិយាល័យកសិកម្មស្រុក និងតាមឃុំ សម្រាប់ជាមធ្យោបាយធ្វើ ឯកសារក្លែងក្លាយទូទាត់ត្រឡប់មកមន្ទីរវិញ ដើម្បីឱ្យត្រូវនឹងនីតិវិធីច្បាប់តែ ប៉ុណ្ណោះ ដែលរឿងទាំងអស់នេះសូម្បីតែ លោកអភិបាលស្រុក ឬប្រធានភូមិក៏មិនបានដឹងដែរ ។
ថ្មីៗនេះ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ ការិយាល័យនីតិកម្មបានទទួល ដំណឹងពីអាជីវករលក់ជីគីមីថា មានគេដឹកនិងលក់ជីក្លែងក្លាយ(ជីក្បាលក្របី) ហើយក៏សហការជាមួយអាជីវករនាំគ្នា ស្ទាក់ចាប់បានរថយន្ដដឹកជី ១គ្រឿងដែល ផ្ទុកជីប្រមាណ ១តោននៅលើកំណាត់ផ្លូវ ជាតិលេខ៥ ហើយក៏នាំទាំងរថយន្ដនិងជី មកទុកនៅការិយាល័យនីតិកម្ម ស្រាប់តែនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ មិនដឹងជាឈ្មួញនិយាយត្រូវគ្នា ជាមួយលោកប្រធានមន្ទីរ ង៉ាន ណានី ឬបែបណាណោះទេ បែរជាមានការដោះលែងរថយន្ដ ដែលជាវត្ថុតាងមធ្យោបាយដឹកជញ្ជូន ជីខុសច្បាប់ឱ្យទៅម្ចាស់វិញ ទុកតែជីសម្រាប់បន្ដនីតិវិធីប៉ុណ្ណោះ ។
នៅក្នុងរបាយការណ៍ដែលមានចំនួន ៨ ទំព័ររបស់មន្ដ្រីចំនួន ៤៧រូប ក៏បានសង្ឃឹមថា លោករដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន អាចនឹងមានចំណាត់ការស៊ើបអង្កេត ដើម្បីផ្ដល់យុត្ដិធម៌ជូនមន្ដ្រីក្រោមឱវាទ ពីព្រោះកន្លងទៅថ្នាក់លើបានចាត់ ឱ្យក្រុមស្រាវជ្រាវចុះពិនិត្យ ប៉ុន្ដែលទ្ធផលបានត្រឹម មកប្រមូលឯកសារមួយចំនួន រួចក៏បាត់ដំណឹងសូន្យឈឹង(សម័យលោករដ្ឋ មន្ដ្រី ច័ន្ទ សារុន) ដោយមន្ដ្រីរិះគន់ថា បញ្ហានេះអាចជាប់ពាក់ព័ន្ធទៅនឹងអំពើសូកប៉ាន់ណាមួយ ពីប្រធានមន្ទីរ ប៉ុន្ដែមន្ដ្រីក្រោមឱវាទ នៅតែមានសុច្ឆន្ទៈធ្វើរបាយការណ៍ជូនលោករដ្ឋមន្ដ្រី អ៊ុក រ៉ាប៊ុន អំពីភាពមិនប្រក្រតីដែលកើតមានតាំងពី លោក ង៉ាន ណានី មកកាន់តំណែងរហូត មកទល់នឹងបច្ចុប្បន្ននេះ ដែលធ្វើឱ្យបុគ្គលិកក្រោមឱវាទ បែកបាក់សាមគ្គីផ្ទៃក្នុង និងមានជម្លោះបែកផ្សែង ៕
Source from: watphnom-news.com

Loading...
Loading...