រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពី ខ្យល់ព្យុះឈ្មោះ ក្រសា ដែលកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង នឹងធ្វើដំណើរដល់ឆ្នេរសមុទ្រ ប្រទេសវៀតណាមភាគកណ្តាល និងមានឥទ្ធិពលធ្វើឲ្យខេត្តមួយចំនួន នៅក្នុងប្រទេសកម្ពុជាមាន ភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរចាប់ពីថ្ងៃទី០៦ដល់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ។
យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី០១ ខែវិច្ឆិកា ចុះហត្ថលេខាដោយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា បន្ទាប់ពីធ្វើការព្យាករណ៍ និងតាមដានបានបង្ហាញឲ្យឃើញថា ខ្យល់ព្យុះឈ្មោះ ក្រសា បានកំពុងស្ថិតនៅក្នុង សមុទ្រចិនខាងត្បូង ហើយវានឹងធ្វើដំណើរដល់ឆ្នេរសមុទ្រប្រទេសវៀតណាម ភាគកណ្តាលនៅថ្ងៃ ទី០៤ ខែវិច្ឆិកា នឹងត្រូវថយឥទ្ធិពល មកជាវិសម្ពាធវិញ។
សេចក្តីជូនដំណឹងដដែលបន្តថា នៅថ្ងៃទី០៨ ខែវិច្ឆិកា នឹងមានវិសម្ពាធថ្មីមួយទៀត ធ្វើដំណើរកាត់លើផ្ទៃសមុទ្រ ភាគខាងត្បូងជ្រោយឥណ្ឌូចិន។ ស្ថានភាពបាតុភូតអាកាសធាតុទាំងពីរនេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា អាចនឹងបង្កឲ្យប្រទេសកម្ពុជា មានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ចាប់ពី ថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា នៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពតកែប និងខេត្តព្រះសីហនុ។
សេចក្តីប្រកាសលើកឡើងថា ដោយឡែកចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ក៏នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅរាជធានី ភ្នំពេញ ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ កណ្តាល ស្វាយរៀង ព្រៃវែង តាកែវ កំពត កែប និងខេត្តព្រះសីហនុ។ ក្រសួង ធនធានទឹក និងឧតុនិយមអំពាវនាវ ឲ្យមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ មានការប្រុងប្រយ័ត្នពិសេសអ្នកនេសាទ និងអ្នកធ្វើដំណើរតាមផ្លូវសមុទ្រ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ៕
Source from: watphnom-news.com

Loading...
Loading...