ស្រវឹងជោកជាំបើកឡានទំនើប ទៅបុករបងផ្ទះនិងទូ ATM របស់ធនាគារអេស៊ីលីដា
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ដស៊េរីទំនើប ក្នុងល្បឿនលឿនដូចហោះ រួចជ្រុលចង្កួតទៅបុក របងផ្ទះប្រជាពលរដ្ឋ និងកន្លែងដកលុយ ATM របស់ធនាគារអេស៊ីលីដា កាលពីវេលាម៉ោង ២និង១០ នាទីយប់ ឈានចូលថ្ងៃទី២៧ ខែធ្នូឆ្នាំ ២០១៣ នៅមុខធនាគារអេស៊ីលីដា ស្ថិតតាម បណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ បណ្ដាលឲ្យបែកបាក់ ខ្ទេចខ្ទី ហើយរថយន្ដបង្កហេតុ បានព្យាយាមបើករត់គេច មកដល់សាលាខណ្ឌឫស្សីកែវ ទើបសមត្ថកិច្ច តាមចាប់បាន។
សន្ដិសុខយាម ធនាគារអេស៊ីលីដា ខាងលើបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានអង្គុយយាមនៅខាងមុខធនាគារ ក៏ស្រាប់តែឃើញ រថយន្ដស៊េរីទំនើបមួយគ្រឿង ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ ២M-៦៨៩១ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនដូចហោះ ក្នុងទិសដៅពីជើងទៅត្បូង ហើយក៏ជ្រុលសង្កូតទៅបុក របងផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យបាក់ ហើយរថយន្ដនេះមិនទាន់អស់ល្បឿនក៏ ជ្រុលទៅបុក កន្លែងដកលុយ ATM របស់ធនាគារអេស៊ីលីដា ធ្លាយចូលខាងក្នុងទៀត ។
បន្ទាប់មករថយន្ដបង្ក បានព្យាយាមថយក្រោយ ហើយបើករត់គេច ហួសពីកន្លែងកើតហេតុ ប្រហែលជា ១គីឡូម៉ែត្រ ក៏ត្រូវសមត្ថកិច្ច ដែលកំពុងជិះម៉ូតូល្បាត ឃើញរថយន្ដនេះបែកកង់ និងមានស្ថានភាពខ្ទេចខាងមុខ និងបែកកញ្ចក់ផងនោះ កើតមានការសង្ស័យ ក៏ឃាត់សួរនាំទើបដឹងថា រថយន្ដនេះទើបនឹងបុករបងផ្ទះ និងកន្លែងដកលុយ ATM ហើយសមត្ថកិច្ចក៏ បានធ្វើឃាត់រថយន្ដ និងអ្នកបើកបរដែលស្ថិត ក្នុងស្ថានភាពស្រវឹងជោកជាំ តែម្ដងទៅ៕
Source from: watphnom-news.com

Loading...
Loading...