មន្ត្រីយោធាផ្កាយ២ ម្នាក់ ជិះម៉ូតូបុកគ្នាលាន់ដូចរន្ទះ ស្លាប់ពេលបញ្ជូនដល់គ្លីនិកចាក់អង្រែ
ខេត្តកណ្តាល ៖ មន្ត្រីយោធាពាក់ផ្កាយ២ នៅបញ្ជាការដ្ឋានកងអង្គរក្ស បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍គ្រោះថ្នាក់ ម៉ូតូបុកម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែករាំង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង ២២និង១០នាទី យប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ ខណៈដែលរថយន្តសង្គ្រោះ ដឹកទៅដល់គ្លីនិកចាក់អង្រែ ។
ជនរងគ្រោះដែលបានបាត់បង់ជីវិតមានឈ្មោះ សន់ ចាន់តារ៉ា ភេទប្រុស អាយុ ៤៨ឆ្នាំ ជាមន្ត្រីយោធា បម្រើការងារនៅ បញ្ជាការដ្ឋានកងអង្គរក្ស មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ មានទីលំនៅផ្ទះលេខ២៤ H2 សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ។ ចំណែកភាគីម្ខាងទៀតឈ្មោះ ស៊ា រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ ម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AW-០៣៤៤ មានទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាងខេត្តកណ្តាល។
សាក្សីបានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AW-០៣៤៤ ធ្វើដំណើរពីជើងទៅត្បូង ហើយបានបុកជាមួយម៉ូតូសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលធ្វើដំណើរ ក្នុងទិសដៅស្របគ្នា តែបត់ត្រឡប់ក្រោយ ពេញមួយទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ នៅកន្លែងកើតហេតុ ។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បើតាមមន្ត្រីជំនាញផ្នែកវាស់វែង បានបញ្ជាក់ថា អ្នកបើកម៉ូតសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បានបត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ចំណែកឯអ្នកបើកម៉ូតូសេ១២៥ ដែលមានពាក់ស្លាកលេខ ភ្នំពេញ ១AW-០៣៤៤ បើកក្នុងល្បឿនយ៉ាងលឿន ៕
Source from: watphnom-news.com

Loading...
Loading...