ក្រុងប៉ោយប៉ែត ៖ កម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានប្រគល់ម៉ូតូម៉ាកស្កូពី ពណ៌ស លាយផ្កាឈូក មួយគ្រឿង ជូនម្ចាស់ដើមវិញ កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ នេះ បន្ទាប់ពីម៉ូតូមួយគ្រឿងនេះ ត្រូវបានចោរលួច កាលពីយប់ថ្ងៃទី១ ខែធ្នូ នៅចំណុចផ្សារយួន ស្ថិតនៅក្នុងភូមិក្បាលស្ពាន។
បន្ទាប់មកជនសង្ស័យ បានយកម៉ូតូនេះ មកប្លុងចោល នៅម្តុំវត្តថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ សមត្ថកិច្ចបន្តទៀតថា ក្រោយពីបានទទួល ពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចបានបើកការស្រាវជ្រាវ រកឃើញម៉ូតូមួយគ្រឿងនេះ នៅវេលាម៉ោង ៦ព្រឹកថ្ងៃទី២ ខែធ្នូ ហើយបានយកមករក្សាទុក នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ជាបណ្តោះអាសន្ន រងចាំស្រាវរកជនរងគ្រោះ ដែលជាម្ចាស់មកទទួលយកទៅវិញ។
លោកវរសេនីយ៍ទោ ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយពីបានស្រាវជ្រាវ រកការពិតហើយនោះ កម្លាំងជំនាញរបស់លោក បានរៀបចំប្រគល់ម៉ូតូមួយគ្រឿងនេះ ឲ្យទៅម្ចាស់គេវិញ ដែលមានឈ្មោះ រិន ចាន់រ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី៥ ខែធ្នូ នេះផងដែរ ៕ ដោយចិន្តា
Source from: watphnom-news.com

Loading...
Loading...