នៅរាជធានីភ្នំពេញ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី "ដនសស" ត្រូវបានផ្លាស់ប្តូរអស់ចំនួន៣នាក់មកហើយ គឺលោក ស៊ិន សុខ, លោក ឈួន សុធី និងចុងក្រោយថ្មីៗនេះ លោក ឆាយ ឫទ្ធិសែន ប៉ុន្តែនៅខេត្តព្រះសីហនុ គឺលោក សូ សុខ ឬ លូ គឹមសុខ ត្រូវជាបងប្អូនបង្កើតឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដែលជាប្រធានមន្ទីរដនសសខេត្តនោះ ហាក់ឋិតនៅកាន់អំណាចដុះស្លែក្លាយជាស្តេចត្រាញ់ មិនផ្លាស់ប្តូរទៅណាសោះ ទោះបីលោកប្រធានមន្ទីរដនសសរូបនេះ ទទួលរងការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋថា ជាប់សង្ស័យនិងការប្រព្រឹត្តអំពើពុករលួយរាប់ឆ្នាំមកហើយក៏ដោយ ។
ការចេញប័ណ្ណកម្មសិទ្ធិត្រួតជាន់លើគ្នា ដែលបង្កឲ្យមានវិវាទដីធ្លី ការចេញប័ណ្ណកម្មសិទ្ធិលើដីសាធារណៈ ដូចជា ដីចំណីសមុទ្រ ដីចំណីអូរ និងដីព្រៃលិចទឹក ។ល។ ដែលកម្មសិទ្ធិករបានចំណាយលុយអស់ជាច្រើនរួចហើយ តែត្រូវបានរាជរដ្ឋាភិបាលនិរាករណ៍ប័ណ្ណកម្មសិទ្ធិដែលចេញដោយមន្ទីរ ដនសស ខេត្តព្រះសីហនុចោលនោះ បានក្លាយជាកំហឹងដ៏ក្តៅងំឋិតនៅក្នុងដួងចិត្តរបស់ជនរងគ្រោះ ពីព្រោះលុយកាក់បានចំណាយឲ្យមន្ត្រីសុរិយោដីអស់ទៅហើយ រីឯដីធ្លីបែរជាត្រូវបានបាត់បង់ ឬធ្លាក់ក្នុងរឿងរ៉ាវជម្លោះដីធ្លី ទៅវិញ ។
ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ មានការចាប់អារម្មណ៍ថា ឯកឧត្តម លូ គឹមឈន់ ធ្វើជាអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុក៏ដុះស្លែ កើបលុយកាក់ក្លាយជាសេដ្ឋី មានលុយចាយមិនអស់ រីឯលោក សូ សុខ ឬលូ គឹមសុខ ដែលជាបងប្អូនបង្កើតនឹងគ្នាក៏ធ្វើជាប្រធានមន្ទីរ ដនសស ខេត្តព្រះសីហនុដុះស្លែដែរ ជាហេតុនាំឲ្យអំពើពុករលួយបានកើតមានក្នុងមន្ទីរដនសសខេត្តមានលក្ខណៈជាប្រព័ន្ធតែម្តង ។
មជ្ឈដ្ឋានមន្ទីរបម្រើការងារនៅខេត្តព្រះសីហនុបានលើកឡើងថា មូលហេតុដែលនាំឲ្យឯកឧត្តម លូ គឹមឈន់ អាចធ្វើជាអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងលោក លូ គឹមសុខ ឬ សូ សុខ អាចធ្វើជាប្រធានមន្ទីរ ដនសស ខេត្តព្រះសីហនុ ដុះស្លែបាន គឺដោយសារបុរសទាំង២នាក់បងប្អូនគ្នានេះចះជួយផ្តល់លុយកាក់ទ្រទ្រង់ដល់គណបក្សប្រជាជនកម្ពុជា និងចេះមានសិល្បៈជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សុទ្ធតែមានឋានៈជាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដូចជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ឹម ឈុនលឹម សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ដូច្នេះហើយ ទើបឯកឧត្តម លូ គឹមឈន់ អាចក្លាយជាស្តេចត្រាញ់ខាងកំពង់ផែ និងលោក សូ សុខ ហៅ លូ គឹមសុខ ក្លាយជាស្តេចត្រាញ់ខាងសំណង់ និងសុរិយោដី មានន័យថា ក្នុងខេត្តព្រះសីហនុទាំងមូលគ្មានអ្នកចេះខាងផ្នែកសំណង់ និងសុរិយោដី ជាងលោក សូ សុខ ទេ ហើយខាងផ្នែកកំពង់ផែក៏គ្មានអ្នកចេះដូចឯកឧត្តម លូ គឹមឈន់ ដែរ ៕
Source from: www.dtn7.com

Loading...
Loading...