គិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ គឺរយៈពេលមួយខែគត់ ដែលឡើងកាន់កាប់មុខតំណែងជាប្រធានរដ្ឋសភានីតិកាលទី៥ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានទីប្រឹក្សាចំនួន៨០នាក់ "ក្នុងនោះឋានៈស្មើទេសរដ្ឋមន្ត្រីចំនួន៤នាក់, ឋានៈស្មើរដ្ឋមន្ត្រីចំនួន១៧នាក់, ឋានៈស្មើរដ្ឋលេខាធិការចំនួន៤៨នាក់ និងឋានៈស្មើអនុរដ្ឋលេខាធិការចំនួន១១នាក់" និងជំនួយការចំនួន៣នាក់ មានឋានៈស្មើអគ្គនាយក ។
រីឯឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភានីតិកាលទី៥ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ មានទីប្រឹក្សាចំនួន៤១នាក់ គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣ "ក្នុងនោះឋានៈស្មើរដ្ឋមន្ត្រីចំនួន១៤នាក់, ឋានៈស្មើរដ្ឋលេខាធិការចំនួន១៣នាក់, ឋានៈស្មើអនុរដ្ឋលេខាធិការចំនួន១៣នាក់ និងឋានៈស្មើអគ្គនាយកចំនួន១នាក់" ។
ដោយឡែក លោកជំទាវ ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភានីតិកាលទី៥ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល មានទីប្រឹក្សាចំនួន១៥នាក់ គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ "ក្នុងនោះឋានៈស្មើរដ្ឋមន្ត្រីចំនួន៣នាក់, ឋានៈស្មើរដ្ឋលេខាធិការចំនួន៧នាក់ និងឋានៈស្មើអនុរដ្ឋលេខាធិការចំនួន៥នាក់" និងមានជំនួយការចំនួន១៦នាក់ មានឋានៈស្មើអគ្គនាយក ។
សរុបទីប្រឹក្សារបស់ថ្នាក់ដឹកនាំរដ្ឋសភានីតិកាលទី៥ទាំងប្រធាន ទាំងអនុប្រធានទី១ ទាំងអនុប្រធានទី២ រយៈពេលត្រឹមប្រមាណ១ខែមានចំនួន១៣៦នាក់ "ក្នុងនោះឋានៈស្មើទេសរដ្ឋមន្ត្រីចំនួន៤នាក់, ឋានៈស្មើរដ្ឋមន្ត្រីចំនួន៣៤នាក់, ឋានៈស្មើរដ្ឋលេខាធិការចំនួន៦៨នាក់, ឋានៈស្មើអនុរដ្ឋលេខាធិការចំនួន២៩នាក់ និងឋានៈស្មើអគ្គនាយកចំនួន១នាក់" និងមានជំនួយការចំនួន១៩នាក់ មានឋានៈស្មើអគ្គនាយក ។
លើសពីនេះ រដ្ឋសភានីតិកាលទី៥មានទីប្រឹក្សាជាន់ខ្ពស់របស់ខ្លួនចំនួន២៩នាក់ទៀត គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ ដែលមានឋានៈស្មើរដ្ឋមន្ត្រី ។
គួររំលឹកជូនដែរថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងក្នុងនាមជាប្រធានរដ្ឋសភានីតិកាលទី៤កន្លងមក គឺមានទីប្រឹក្សាផ្ទាល់ខ្លួនសម្តេចម្នាក់ឯងរហូតដល់ចំនួន២៤៨នាក់ ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានធ្វើការព្យាករណ៍ទុកជាមុនថា ទីប្រឹក្សាថ្នាក់ដឹកនាំរបស់រដ្ឋសភានីតិកាលទី៥អាចនឹងមានការកើនឡើងទៀត មិនមែនបញ្ចប់ត្រឹមចំនួនប៉ុណ្ណឹងទេ ហើយថវិកាជាតិក៏ត្រូវចំណាយបន្ថែមទៅលើអស់លោកមានឋានៈជាទីប្រឹក្សាទាំងនោះដែរ ក្រោមរូបមន្ត"សិល្បៈនៃការចែករំលែក" របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានរហស្សនាមថា "បុរសខ្លាំង" ។
ក្រុមអ្នករិះគន់ដើម្បីស្ថាបនាបានលើកឡើងដែរថា ទីប្រឹក្សារបស់ថ្នាក់ដឹកនាំរដ្ឋសភាមានច្រើនគគោកទៅហើយ ហេតុអ្វីចាំបាច់តម្រូវឲ្យមានទីប្រឹក្សាជាន់ខ្ពស់របស់រដ្ឋសភាធ្វើអ្វីទៀត នាំឲ្យខាតបង់ថវិកាជាតិឥតប្រយោជន៍ និងបានផលប្រយោជន៍ត្រឹមបក្ខពួកគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាចប៉ុណ្ណោះ ៕
Source from: www.dtn7.com

Loading...
Loading...