ត្រៀមប្រារព្ធទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយលើកទី១១ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ខាងមុខ ហើយដែលព្រះរាជាណាចក្រកម្ពុជាបានរៀបចំប្រារព្ធពិធីនេះជាគម្រប់លើកទី៣នោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាសារលិខិតមួយ ដោយសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៣ប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយដោយគ្មានងាករេ ដើម្បីគាស់រំលើងយកចេញនូវឧបសគ្គដល់ការអភិវឌ្ឍ ដល់ដំណើរសេដ្ឋកិច្ច ដល់កិច្ចប្រឹងប្រែងនៃការកាត់បន្ថយភាពក្រីក្រ ។
ជាមួយនឹងការលើកឡើងថា អំពើពុករលួយក៏ជាមូលហេតុចម្បងមួយដែលនាំឲ្យមានភាពអយុត្តិធម៌សង្គមនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានបញ្ជាក់នៅក្នុងសារលិខិតរបស់សម្តេចដែរថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីរៀបចំខ្លឹមសារមេរៀនប្រឆាំងអំពើពុករលួយសម្រាប់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សិស្ស និស្សិត ដែលកម្មវិធីនេះអាចនឹងចាប់ផ្តើមបាននាបវេសនកាលឆ្នាំសិក្សា២០១៤-២០១៥ខាងមុខ ដើម្បីឲ្យទំពាំងស្នងឫស្សីរបស់យើងលូតលាស់ដោយមានចរន្តទឹកចិត្តស្រឡាញ់សុចរិតភាព និងស្អប់ខ្ពើមនូវអំពើពុករលួយ ។ សម្តេចក៏បានសង្កត់ធ្ងន់ដែរថា គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ វិស័យឯកជន និងប្រជាជន មហាជនរបស់យើង ក៏ដូចជារូបសម្តេច នឹងគាំទ្រដល់សកម្មភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលប្រតិបត្តិច្បាប់ដោយគ្មានការលើកលែង ។
ខ្លឹមសារចុងក្រោយនៃសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ក្រោមពាក្យស្លោក"រួមគ្នាប្រឆាំងអំពើពុករលួយ" សម្រាប់ឆ្នាំ២០១៤ខាងមុខ សម្តេចចង់ឃើញយើងទាំងអស់គ្នាបន្តរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយឲ្យបានខ្លាំងក្លាថែមទៀត ហើយសូមគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ វិស័យឯកជន ប្រជាជន មហាជនទាំងអស់ គាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាល ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់យើងបន្តទៀត រហូតដល់សម្តេចបំណងចុងក្រោយរបស់យើង គឺសង្គមស្អាតស្អំ បវរ រុងរឿង ៕
Source from: www.dtn7.com

Loading...
Loading...