សម្ពាធនៃការទាមទារតវ៉ា ទាំងអ្នកគាំទ្របក្សប្រឆាំង ទាំងកម្មករកាន់តែគាបសង្កត់មកលើរាជរដ្ឋាភិបាលបុរសខ្លាំង
បន្ថែមពីលើកម្លាំងប្រជាពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិ នាំគ្នាធ្វើបាតុកម្មរាល់ថ្ងៃទាមទារឲ្យមានការបោះឆ្នោតសាជាថ្មីឡើងវិញនោះ គឺក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក៏លេចចេញមានកម្លាំងកម្មករ កម្មការិនីបម្រើការងារក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា បាននាំគ្នាធ្វើកូដកម្ម និងបាតុកម្មរួមជាមួយគណបក្សនយោបាយប្រឆាំងថែមទៀត ដើម្បីទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន១៦០ដុល្លារអាមេរិកក្នុង១ខែនៅឆ្នាំ២០១៤ខាងមុខ ខណៈដែលគណៈកម្មការប្រឹក្សាការងារសម្រេចផ្តល់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិត សម្រាប់ឆ្នាំ២០១៤ត្រឹម៩៥ដុល្លារអាមេរិកក្នុង១ខែប៉ុណ្ណោះ ។
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣កន្លងមក គណៈកម្មការប្រឹក្សាការងារ(LAC)អាណត្តិទី៨ បានប្រជុំសម្រេចផ្តល់ប្រាក់ឈ្នួលអប្បបរមាដល់កម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងចំនួន៩៥ដុល្លារអាមេរិកក្នុង១ខែ (ដំឡើងបាន១៥ដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០១៤ និងផ្តល់ចំនួន១៦០ដុល្លារអាមេរិកក្នុង១ខែសម្រាប់ឆ្នាំ២០១៨ខាងមុខ ចំពោះកម្មករ និយោជិតពេញសិទ្ធិ ។
ការសម្រេចរបស់គណៈកម្មការប្រឹក្សាការងារនេះទទួលបានការគាំទ្រពីសហជីពមួយចំនួន ដែលទម្លាប់ដង្ហែតាមរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា និងសហជីពមួយចំនួនទៀតបានប្រកាសមិនអាចទទួលយកបាន ដោយទាមទារឲ្យមានការផ្តល់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិត ចំនួន១៦០ដុល្លារអាមេរិកក្នុង១ខែសម្រាប់ឆ្នាំ២០១៤ មិនមែនរង់ចាំដល់ឆ្នាំ២០១៨ខាងមុខឡើយ ។
តាមការអញ្ជើញរបស់ឯកឧត្តម អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញានោះ តំណាងសហជីព និងសមាគមចំនួន៦ បានចូលរួមប្រជុំនៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិភាក្សាអំពីការតវ៉ាទាមទាររបស់សហជីព និងសមាគមទាំង៦នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣នេះ ស្នើសុំឲ្យមានការផ្តល់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករ កម្មការិនីឲ្យបានចំនួន១៦០ដុល្លារអាមេរិកក្នុង១ខែ ប៉ុន្តែមិនទទួលបានលទ្ធផលអ្វីទេ គឺបានត្រឹមកំណត់កាលបរិចេ្ឆទប្រជុំពិភាក្សាសាជាថ្មីនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ខាងមុខ ខណៈដែលក្រុមសហជីព និងសមាគមទាំង៦មិនព្រមឯកភាពប្រកាសឲ្យកម្មករ កម្មការិនីបញ្ឈប់ការធ្វើកូដកម្មវិលត្រឡប់ចូលបម្រើការងារវិញតាមការស្នើសុំរបស់ក្រសួងឡើយ ។
សហជីព និងសមាគមទាំង៦ដែលទាមទារឲ្យមានការផ្តល់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិត ចំនួន១៦០ដុល្លារអាមេរិកក្នុង១ខែនោះ រួមមាន ៖ ១-សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា, ២-សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរ, ៣-សម្ព័ន្ធសហជីពចលនាកម្មករ, ៤-សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា, ៥-សហព័ន្ធសហជីពកម្ពុជា និង៦-សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ។
សូមបញ្ជាក់ជូនថា យោងតាមការសម្រេចរបស់គណៈកម្មការប្រឹក្សាការងារដែលផ្តល់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករ កម្មការិនី ចំនួន៩៥ដុល្លារអាមេរិកក្នុង១ខែសម្រាប់ឆ្នាំ២០១៤នោះ គឺកម្មករម្នាក់ដែលបម្រើការងារបានរយៈពេល៥ឆ្នាំ នឹងត្រូវទទួលប្រាក់ប្រចាំខែសរុបចំនួន១១៧ដុល្លារអាមេរិកក្នុង១ខែ (ក្នុងនោះប្រាក់ឈ្នួលអប្បបរមាចំនួន៩៥ដុល្លារអាមេរិក និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត រួមមាន ៖ -ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារអាមេរិក, -ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ដុល្លារអាមេរិក, -ប្រាក់រង្វាន់អតីតភាពការងារចំនួន៥ដុល្លារអាមេរិក) ។ ដូច្នេះ បើកម្មករចង់បានប្រាក់ប្រចាំខែច្រើនជាងនេះទៀត លុះត្រាតែស្ម័គ្រចិត្តធ្វើការថែមម៉ោង ។
ក្រុមអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា តាមការកត់សម្គាល់ជាក់ស្តែង គឺប្រាក់ខែកម្មករ និយោជិតនៅកម្ពុជាឡើងមិនទាន់ និងមិនមានតុល្យភាពទៅនឹងតម្លៃទំនិញសព្វសារពើដែលកើនឡើងស្រឺតៗនៅលើទីផ្សារបច្ចុប្បន្ននេះឡើយ ។
មជ្ឈដ្ឋានអ្នកវិភាគនយោបាយឯករាជ្យនៅកម្ពុជា បានលើកឡើងថា សម្ពាធនៃការតវ៉ាទាមទារ ទាំងអ្នកគាំទ្រគណបក្សនយោបាយប្រឆាំង ទាំងកម្មករ បាននិងកំពុងនាំគ្នាធ្វើបាតុកម្មគាបសង្កត់មកលើរាជរដ្ឋាភិបាលបុរសខ្លាំង ឬគណបក្សនយោបាយកាន់កាប់អំណាចកាន់តែខ្លាំងឡើងៗហើយ ខណៈដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានត្រឹមត្រៀមទប់ទល់ប៉ុណ្ណោះ ក្នុងស្ថានភាពបច្ចុប្បន្ននេះ ៕
Source from: www.dtn7.com

Loading...
Loading...