លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ តម្រូវឲ្យក្រុមអ្នករកស៊ី បង់លុយថ្លៃដឹកជញ្ជូន និងពិឃាតសត្វ តាមរបៀបពុករលួយ
ខេត្តព្រះវិហារ ៖ រឿងអាស្រូវពុករលួយ របស់ក្រុមមន្ត្រី មន្ទីរកសិកម្មខេត្តព្រះវិហារ គឺជារឿងដែលមិនអាចលាក់បាំង តទៅទៀតបានទេ ព្រោះក្រុមអាជីវករមួយចំនួន ចាប់ផ្តើមលាតត្រដាង មុខមាត់របស់ក្រុមមន្ត្រីពុករលួយ ទាំងនោះហើយ។ ដូច្នេះលោក អ៊ុក រ៉ាប៊ុន ដែលជារដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មិនត្រូវបណ្តោយឱ្យកូនចៅ ក្រោមឱវាទប្រព្រឹត្តអំពើពុករលួយ ស្រេចតែអំពើចិត្តតទៅទៀតទេ ហើយលោក អ៊ុំ ម៉ារ៉ា ដែលជាអភិបាល ខេត្តព្រះវិហារ កុំនៅសម្ងំស្ងៀមតទៅទៀត ក្នុងខណៈដែលអំពើពុករលួយ របស់មន្ត្រីមន្ទីរកសិកម្ម ត្រូវបានលាតត្រដាង ជាសាធារណៈ ព្រោះមន្ត្រីពុករលួយទាំងនោះ កំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ផលប្រយោជន៍អាជីវករ និងប្រជាពលរដ្ឋ។
ក្រុមអាជីវករមួយចំនួន បានរិះគន់មន្ត្រីមន្ទីរកសិកម្ម និងពេទ្យសត្វ នៅក្នុងខេត្តព្រះវិហារ ថា បានដាក់ការគាបសង្កត់ ទៅលើការនាំចូលសត្វ ដើម្បីសម្លាប់ធ្វើម្ហូប ផ្គត់ផ្គង់ទីផ្សារ ដោយតម្រូវឱ្យបង់លុយជា ច្រើនម៉ឺនរៀល។ ការគាបសង្កត់ឱ្យប្រជាពលរដ្ឋ និងអាជីវករបង់ប្រាក់នោះ គឺចាប់តាំងពីការធ្វើច្បាប់ អនុញ្ញាតឱ្យដឹកជញ្ជូនសត្វ ច្បាប់ធ្វើអាជីវកម្មប្រចាំថ្ងៃ បង់ថ្លៃពន្ធអាករ និងថ្លៃទឹកប៊ិច ដល់មន្ត្រីជាអ្នកស៊ីញ៉េ។ ក្រុមអាជីវករបានទទូចសុំឲ្យ មានការស៊ើបអង្កេត ទៅលើមន្ត្រីមន្ទីរកសិកម្ម និងពេទ្យសត្វមួយចំនួន ដែលពាក់ព័ន្ធនឹងការគាបសង្កត់ អាជីវករឱ្យបង់លុយ ជាច្រើនម៉ឺនរៀល មិនសមរម្យតាមច្បាប់កំណត់ ហើយតាមរយៈលិខិតនោះ គឺបានលាតត្រដាង អំពើពុករលួយ របស់មន្ត្រីមន្ទីរកសិកម្ម និងក្រុមមន្ត្រីពេទ្យសត្វ ជាសាធារណៈ។
ខ្លឹមសារនៅក្នុងលិខិតអនាមឹកនោះ បានសរសេរថា នៅពេលដែលដឹកជញ្ជូន សត្វគោ ក្របី ឬជ្រូក ចូលទៅកន្លែងសត្តឃាតម្តងៗ គឺត្រូវបង់លុយចំនួន ២០ម៉ឺនរៀល ទៅឱ្យប្រធាន មន្ទីរកសិកម្ម ខេត្តព្រះវិហារ បង់លុយចំនួន ២៥ម៉ឺនរៀល ទៅឱ្យលោក វ៉េង ហុងលីម ព្រមទាំងបង់លុយចំនួន ៤ម៉ឺនរៀលទៀត ថ្លៃត្រួតពិនិត្យសត្វ ឡើងឡាន។ ជាងនេះទៅទៀត មានថ្លៃទឹកប៊ិចសម្រាប់ មន្ត្រីសរសេរច្បាប់អនុញ្ញាតចំនួន ៤ម៉ឺនរៀល ថ្លៃទឹកប៊ិចមន្ត្រីសរសេរ ប័ណ្ណទទួលចំនួន ១ម៉ឺនរៀលនិងថ្លៃទឹក ថ្នាំបោះត្រា ២ម៉ឺនរៀលជាដើម។ ប្រការនេះបានធ្វើឱ្យ ក្រុមអាជីវករប្រឈមនឹង ការលំបាកយ៉ាងខ្លាំង ក្នុងការដឹកសត្វ ជ្រូក គោ ក្របី ចូលទៅក្នុងទីសត្តឃាត ព្រោះស្ទើរតែគ្មានប្រាក់ចំណេញ យកទៅដោះស្រាយជីវភាព ប្រចាំថ្ងៃនោះទេ ។
ទាក់ទងនឹងបញ្ហានេះ ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារឈ្មោះ ពឹង ទ្រីដា បាននិយាយថា ខ្លួនមិនដឹងអំពីលិខិតអនាមឹក ដែលរិះគន់អំពើពុករលួយ របស់មន្ត្រី មន្ទីរកសិកម្មនោះទេ។ ទោះជាយ៉ាងណាប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារ រូបនេះសន្យាថា នឹងមានការស្រាវជ្រាវ ក្រែងមន្ត្រីណាមួយប្រព្រឹត្តមិនល្អ ដូចក្នុងលិខិតអនាមឹកមែន។ ក៏ប៉ុន្តែមជ្ឈដ្ឋាន ប្រជាពលរដ្ឋខេត្តព្រះវិហារ បានលើកឡើងថាលោក ពឹង ទ្រីដា ជាអ្នកដឹងច្បាស់ជាងគេ រឿងមន្ត្រីមន្ទីរកសិកម្ម ប្រព្រឹត្តអំពើពុករលួយ ព្រោះបើគាត់មិនបើកដៃទេ គឺមន្ត្រីក្រោមឱវាទ មិនហ៊ានធ្វើអ្វីស្រេចតែអំពើចិត្ត របស់ពួកគេ នោះឡើយ។ ដូច្នេះអភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា គួរតែពិនិត្យមើល បញ្ហានេះផង ព្រោះការកែទម្រង់ស៊ីជម្រៅ ត្រូវតែលុបបំបាត់ អំពើពុករលួយនៅក្នុងមន្ទីរ អង្គភាពរដ្ឋ ប្រកបដោយប្រសិទ្ធភាព មិនត្រូវបណ្តោយឱ្យកើតមាន រាលដាលទៀតឡើយ។
លិខិតអនាមឹក បានលាតត្រដាងទៀតថា មិនត្រឹមតែក្រុមមន្ត្រីមន្ទីរ កសិកម្ម និងពេទ្យសត្វប៉ុណ្ណោះទេ ដែលគាបសង្កត់ អាជីវករឱ្យបង់លុយច្រើនម៉ឺនរៀល នៅពេលដឹកជញ្ជូនសត្វម្តងៗ។ សូម្បីតែគេយកសត្វជ្រូក មួយក្បាលទៅសម្លាប់ នៅកន្លែងសត្តឃាត ក៏ត្រូវបង់លុយឱ្យម្ចាស់កុងស៊ីចំនួន ៨០០០រៀល បង់ឱ្យនគរបាលចំនួន ១០០០រៀល បង់ឱ្យមេឃុំចំនួន ៣០០០រៀល ព្រមទាំងបង់ពន្ធអាករប្រចាំថ្ងៃ ទៅឱ្យពេទ្យសត្វ ១៥០០រៀលទៀត។ នេះជាអំពើពុករលួយ ដែលមានលក្ខណៈជាប្រព័ន្ធ ហើយរដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ ត្រូវចាត់វិធានការស៊ើបអង្កេត ជាបន្ទាន់ដើម្បីទប់ស្កាត់ កុំឱ្យមានភាពអនាធិបតេយ្យតទៅទៀត។ ជាពិសេសលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ គួរហ៊ានទទួលស្គាល់ការពិត មិនត្រូវបិទបាំងអំពើពុករលួយ របស់ខ្លួនតទៅទៀតឡើយ ព្រោះក្រុមអាជីវករដឹកជញ្ជូនសត្វ មិនអាចអត់ធ្មត់បានទៀតទេ៕
Source from: watphnom-news.com

Loading...
Loading...