ខេត្តកំពង់ធំ ៖ ព្រះសង្ឃមួយអង្គ ត្រូវបានព្រះអនុគណស្រុកស្ទោង និងធម្មការស្រុក ចាប់ផ្សឹកបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ជាប់ពាក់ព័ន្ធករណី លួចបច្ច័យព្រះចៅអធិការវត្ត ផាន់ញើម កាលពីវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣។
ព្រះសង្ឃជាប់សង្ស័យ មានព្រះនាម ឆាំ យ៉ា គង់នៅវត្តសិរីមង្គល ស្ថិតភូមិបាតត់ ឃុំគោគធ្លក ស្រុកជីក្រែងខេត្តសៀមរាប ជាប់ពាក់ព័ន្ធនិងករណីលួចបច្ច័យ ព្រះចៅអធិការវត្តផាន់ញើម ព្រះនាម ឃុន ឈាន ព្រះជន្ម ៨៤ព្រះវស្សា ចំនួន ៣លាន២ សែនរៀល ដែលព្រះអង្គនិមន្តមកពីវត្ត ហើយមកគង់នៅវត្តព្រះនាង ដើម្បីទិញគ្រឿងសំណង់ យកទៅកសាងវត្ត។
ជនសង្ស័យឈ្មោះ ឆាំ យ៉ា បានសារភាពថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ខ្លួនត្រូវបានអ្នកស្រុកនិមន្ត ឲ្យមកទេសនានៅក្នុង កម្មវិធីបុណ្យមួយ នៅស្រុកស្ទោង ក៏បានជិះរថយន្ត មកពីខេត្តសៀមរាប ចុះនៅស្រុកស្ទោង ហើយជិះម៉ូតូឌុប ទៅសុំស្នាក់នៅ ក្នុងវត្តព្រះនាង រងចាំទៅទេសនា ក៏បានជួបនិងព្រះអង្គ ៣អង្គទៀត។
នៅពេលល្ងាចខ្លួនក៏បាន និយាយជជែកគ្នាលេង ស្រាប់តែបានឃើញ ព្រះចៅអធិការវត្តផាន់ញើម ហូតលុយចេញពីថង់យាមមួយដុំធំ រួចក៏ដាក់ចូលទៅក្នុងថង់យាមវិញ ទើបនៅវេលាទៀបភ្លឺថ្ងៃទី២២ ខែធ្នូ ខ្លួនក៏បានប្រើល្បិច ទៅសុំខ្ចីដែកកេះ ពីព្រះចៅអធិការ រួចក៏ឆ្លៀតឱកាស លួចយកថង់យាម ដែលមានលុយ យកទៅលាក់ទុកនៅ ក្បែរចេតិយ៍ ខាងត្បូងព្រះវិហារ។
ពេលដឹងថាបាត់បច្ច័យ ដែលត្រូវទិញគ្រៀងសំណង់ ក៏ផ្អើលឆោឡោពេញវត្ត នាំគ្នាដើររកក៏ប្រទះឃើញបច្ច័យ ដែលបាត់នោះមកវិញ ហើយក៏នាំគ្នាចាប់ព្រះសង្ឃកំហូចនេះ ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ សមត្ថកិច្ចបានសួរនាំ និងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅកាន់តុលាការដើម្បី ចាត់ការតាមផ្លូវច្បាប់៕
Source from: watphnom-news.com

Loading...
Loading...