ខេត្តកណ្តាល ៖ ស្រះចិញ្ចឹមត្រីឆ្តោខុសច្បាប់ ទាំងតូចទាំងធំ រាប់រយកន្លែងនៅ ទូទាំងស្រុកស្អាង ស្រុកកោះធំ និងនៅកណ្តាលក្រុងតាខ្មៅ គេមិនដែលឃើញ ជំនាញជលផល របស់លោក សេង ធីម ហ៊ានហើបមាត់ម្តងណាឡើយដោយគ្រាន់តែកោះហៅ ក្រុមឈ្មួញរកស៊ីចិញ្ចឹមត្រីឆ្តោ ខុសច្បាប់មកផឹកកាហ្វេ ឬច្រៀងខារ៉ាអូខេ ដើម្បីសុំការយោគយល់ គឺចប់រឿងទៅហើយ។ ចង់ក្រុមឈ្មួញចិញ្ចឹមត្រីឆ្តោ ក្នុងមួយស្រះៗមិនតិចជាង ១០ម៉ឺនក្បាល ក៏លោក សេង ធីម មិនខ្វល់ ហើយបើទោះបីជាមានបទល្មើសនេសាទ នៃការដាក់សៃយ៉ឺន ស្បៃមុង តាមបឹងបួទន្លេ ដើម្បីចាប់ត្រីតូចៗ យកទៅធ្វើជានុយ ចិញ្ចឹមត្រីឆ្តោខុសច្បាប់ ក្នុងមួយថ្ងៃៗជាច្រើនតោន ក៏សុទ្ធសឹងជាប្រយោជន៍ដែលលោក សេង ធីម កំពុងប្រមូលយកទៅ ច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងរំភើយ។
ប្រជាពលរដ្ឋបានលើកឡើងថា ចាប់ពីព្រះអាទិត្យលិចបាត់ មានរថយន្តដឹកជញ្ជូនត្រីធុនធំចំណុះ ៥តោនឬ ៣តោន បើកបរឆ្លងកាត់ក្រុងតាខ្មៅ សឹងខូងផ្លូវទៅហើយ មិនដឹងជាលោក សេង ធីម ដែលចាត់តាំងកូនចៅ ឲ្យប្រចាំការតាមដងផ្លូវ ប្រមូលលុយពីការដឹកជញ្ជូនត្រីទាំង នោះ បានប៉ុន្មានលានរៀលទេ ក្នុងមួយយប់ៗ ព្រោះគេដឹងថា ត្រីដែលក្រុមឈ្មួញដឹកជញ្ជូន យ៉ាងគគ្រឹកគគ្រេងក្នុងមួយថ្ងៃៗ រាប់សិបឡានឆ្លងកាត់ក្រុងតាខ្មៅ យកមកកាន់យឿច្បារអំពៅ ដើម្បីលក់ចែកចាយលើទីផ្សារ សុទ្ធតែជាប្រភេទត្រីឆ្តោ និងត្រីរ៉ស់ដែលបានមកពី ការចិញ្ចឹមខុសច្បាប់ និងនាំចូលពីស្រុកយួន។ ក្រសួងកសិកម្មបាន ហាមដាច់ឃាត់ដាច់ខាត ក្នុងការចិញ្ចឹមត្រីឆ្តោ ត្រីរ៉ស់ ដែលជាប្រភេទត្រី ស៊ីកូនត្រីជាអាហារ ហើយក៏មានការហាមឃាត់ដាច់ខាត មិនឲ្យនាំចូលត្រីឆ្តោមកពីក្រៅប្រទេស ដូច្នេះក្រុមឈ្មួញដែលអាច ប្រមូលទិញត្រីឆ្តោក្នុងស្រុក ក៏ដូចជានាំចូលតាមច្រកជ្រៃធំ សុទ្ធតែបានបង់លុយជូនលោក សេង ធីម ទើបអ្វីៗដំណើរការ ដោយរលូនល្អ។
និយាយពីអំពើពុករលួយ របស់លោក សេង ធីម គេតែងតែនឹកឃើញ ដល់មន្ត្រីយោធាពាក់ស័ក្តិ ៥ម្នាក់ ឈ្មោះ ផាំង គីម ដែលជាមេឈ្មួញ រកស៊ីចិញ្ចឹមត្រីឆ្តោ ធំជាងគេនៅក្នុងស្រុកស្អាង និងជាអ្នកប្រមូលទិញត្រី ដែលប្រជាពលរដ្ឋ ចិញ្ចឹមដោយខុសច្បាប់ នៅទូទាំងខេត្តកណ្តាលដើម្បីយកមកលក់ ចែកចាយនៅក្នុង រាជធានីភ្នំពេញ។ ដូចដែលប្រជាពលរដ្ឋមួយចំនួន បានបង្ហើបឲ្យដឹងថា លោក ផាំង គីម សឹងតែក្លាយជា ធនាគារផ្គត់ផ្គង់បែងចែកប្រាក់ ឲ្យជំនាញជលផលរបស់លោក សេង ធីម មិនដែលខ្វះចន្លោះ ទើបគាត់មានបុព្វសិទ្ធិធំធេង ក្នុងការនាំចូលត្រីខុសច្បាប់ មកពីស្រុកយួន និងប្រមូលទិញត្រីឆ្តោ ដែលពលរដ្ឋនិងឈ្មួញធំៗ ចិញ្ចឹមតាមស្រះតាមបែ ហើយត្រង់ចំណុចនេះ គេយល់ឃើញថា ប្រសិនបើគ្មានអ្នកប្រមូលទិញត្រីឆ្តោទេនោះ ក៏គ្មានអ្នកចិញ្ចឹមត្រីឆ្តោខុសច្បាប់ បំផ្លាញធនធានមច្ឆជាតិ យ៉ាងពេញបន្ទុកនោះដែរ។
គេមិនដែលឃើញលោក ផៃ ប៊ុនឈឿន ជាអភិបាលខេត្តកណ្តាល ហ៊ានហើបមាត់ពី ភាពអនាធិបតេយ្យ របស់លោក សេង ធីម ដែលឃុបឃិតឲ្យលោក ផាំង គីម រកស៊ីចិញ្ចឹមត្រីឆ្តោខុសច្បាប់ និងប្រមូលទិញត្រី ពីតាមបែតាមស្រះដឹកជញ្ជូន មកចែកចាយនៅ រាជធានីភ្នំពេញ យ៉ាងអនាធិបតេយ្យនោះទេ បើទោះបីជាឡាន ដឹកត្រីរបស់មេឈ្មួញ ផាំង គីម បើកបរឆ្លងកាត់មុខសាលាខេត្តកណ្តាល បង្កសំឡេងរំខាន បែបណាក៏ដោយ។ ប្រជាពលរដ្ឋបានអះអាងទៀតថា ឡានដឹកត្រីរបស់មេឈ្មួញ ផាំង គីម មានបំពាក់ម៉ាស៊ីនគោយន្ត ២ទៅ ៣គ្រឿង ដើម្បីផ្តល់អុកស៊ីហ្សែន ដល់ត្រីឆ្តោ នៅក្នុងធុង ដើម្បីរក្សាគុណភាព លក់បានថ្លៃកុំឲ្យងាប់តាមផ្លូវ ហើយរថយន្តដឹកត្រី របស់លោក ផាំង គីម មួយគ្រឿងមានសំឡេងរំខាន ខ្លាំងជាងរូឡូកិនដីធុនធំ បើកទៅដល់កន្លែងណា មានសំឡេងរំខាន ញ័ររញ្ជួយដល់ទីនោះ ព្រោះសំឡេងរោទ៍នៃម៉ាស៊ីនឡាន ដែលផ្ទុកត្រីលើសទម្ងន់ ក៏ដូចជាម៉ាស៊ីនគោយន្ត ផ្តល់ខ្យល់អុកស៊ីហ្សែន បានរោទ៍ព្រមៗគ្នា៕
Source from: watphnom-news.com

Loading...
Loading...