ក្រុងប៉េកាំង ៖ ជាមួយបម្រាមដ៏តឹងតែង គ្រប់គ្រួសារទាំងអស់ នៅក្នុងប្រទេសចិន អាចសម្រាលបុត្រ បានតែមួយគត់ ទោះជាមានកូនប្រុស ឬកូនស្រីក៏ដោយ ដែលនាំឲ្យគ្រួសារខ្លះ ជ្រើសរើសយកការសម្រាលកូន បែបធម្មជាតិនៅឯមន្ទីរពេទ្យ លំដាប់ខ្ពស់ ចំណាយប្រាក់យ៉ាងច្រើន ក៏ព្រោះតែក្នុងមួយជីវិតពួកគេ អាចបង្កើតកូន បានតែម្នាក់គត់ ហើយក្នុងនិន្នាការ ផ្គាប់ចិត្តស្វាមី បានជម្រុញឲ្យ ស្ត្រីជនជាតិចិនកាន់តែច្រើន បានងាកមកប្រសូតបុត្រ ដោយវិធីសាស្ត្រវះកាត់ទៅវិញ។
ចំនួនស្ត្រីដែលសម្រាលកូន ដោយការវះកាត់បានកើនឡើង ស្ទើរ ៣ដងនា ១០ឆ្នាំចុងក្រោយនេះ ដោយសារកាលពីឆ្នាំ២០០១ គេឃើញមានស្ត្រីប្រមាណ ២០ភាគរយប៉ុណ្ណោះ ឆ្លងទន្លេដោយវះកាត់ ខណៈដែលនៅឆ្នាំ២០១១ អត្រាសម្រាល ដោយវះកាត់បាន កើនឡើងដល់ ៥០ភាគរយ។ យោងតាមរបាយការណ៍ពីអង្គការសុខភាពពិភពលោក អត្រាកើតកូនដោយវះកាត់ មានការកើនឡើងខ្ពស់ គួរឲ្យកត់សម្គាល់ នៅបណ្ដាប្រទេសអាស៊ី។
វេជ្ជបណ្ឌិតជំនាញបានឲ្យដឹងថា ការសម្រាលដោយវះកាត់ អាចត្រូវបានអនុវត្តក្នុងករណីចាំបាច់ ពេលមាតា និងទារកមានស្ថានភាព សុខភាពដែលពិបាក នឹងឆ្លងទន្លេតាមបែបធម្មជាតិប៉ុណ្ណោះ។ ប៉ុន្តែអត្រាស្ត្រីសម្រាល ដោយវះកាត់នៅប្រទេសចិន គឺខ្ពស់ខ្លាំងណាស់ ហើយនេះដោយសារតែ មន្ទីរពេទ្យអាចរកចំណូលបានច្រើន ពីសេវាបង្កើតកូនបែបនេះ ពោលគឺការកើតកូនដោយវះកាត់ មានតម្លៃខ្ពស់ជាងការសម្រាល តាមបែបធម្មជាតិដល់ទៅ ៣ដងឯណោះ។
ម្យ៉ាងវិញទៀត គោលនយោបាយ«កូនទោល» នៅចិន បានធ្វើឲ្យឪពុកម្ដាយ ហ៊ានចំណាយលុយយ៉ាងច្រើន ក្នុងការបង្កើតកូនតែម្ដង ក្នុងមួយជីវិត ហើយស្ត្រីមួយចំនួនជឿថា ការកើតកូនបែបធម្មជាតិ អាចធ្វើឲ្យជីវិតផ្លូវភេទ មានការថមថយ។ ដោយសារតែស្ត្រី នៅប្រទេសចិនមួយចំនួន មានការពឹងផ្អែកទាំងស្រុង លើចំណូលរបស់ស្វាមី ដូច្នេះហើយទើបពួកគេ មិនចង់ឲ្យទ្វារមាសធំទូលាយ ដែលជាឧបសគ្គផ្ដល់ការសប្បាយ ពេលរួមដំណេក ជាមួយស្វាមី។
កត្តានេះហើយដែលធ្វើឲ្យ ស្ត្រីជនជាតិចិនទាំងនោះ ជ្រើសរើសការឆ្លងទន្លេ ដោយវះកាត់ ដើម្បីរក្សាទីល្អាងរបស់ខ្លួន ឲ្យនៅតឹងណែន ផ្គាប់ចិត្តស្វាមី។ បច្ចុប្បន្នរដ្ឋាភិបាលចិន បានចេញយុទ្ធនាការ លើកកម្ពស់ការសម្រាលបុត្រ តាមបែបធម្មជាតិ ប៉ុន្តែការអនុវត្តហាក់ពុំទាន់ មានប្រសិទ្ធភាពនៅឡើយទេ។ដើម្បីជំរុញឲ្យស្ត្រីងាកមក រកការឆ្លងទន្លេតាមទ្វារមាស មន្ទីរពេទ្យមួយចំនួន បានផ្ដល់សេវាសម្រាលបុត្រ ក្នុងអាងទឹក និងវគ្គបង្រៀនមាតា ពីវិធីកាត់បន្ថយការឈឺចាប់ ពេលឆ្លងទន្លេផងដែរ៕
Source from: watphnom-news.com

Loading...
Loading...