ខេត្ដឧត្ដរមានជ័យ ៖ គ្រាន់តែរឿងចតរថយន្ដក្បែរគ្នា ក្លាយជាជម្លោះ រហូតមានការផ្ទុះអាវុធ និងបើករថយន្តបំបុក បណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកាលពីវេលាម៉ោង ១២និង៤០ នាទីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ នៅកន្លែងលក់បបរស ស្ថិតនៅក្នុងភូមិអូរចិញ្ចៀន ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយជនបង្កត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ភ្លាមៗផងដែរ ។
មុនពេលកើតហេតុ គេឃើញបុរស ៣នាក់ជិះរថយន្ដម៉ាក កាមរីស្វិត ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2B3385 ឈប់ចតដើម្បីផឹកស្រាបៀរ នៅកន្លែងលក់បបរស ។ មួយសន្ទុះក្រោយមក គេឃើញរថយន្ដមួយគ្រឿង ម៉ាកឡង់គ្រីស័រ បានមកឈប់ជិតរថយន្ដកាមរី ក្នុងគោលបំណងទិញបបរស គាប់ជួនពេលនោះក្រុមជន ៣នាក់ដែលជាម្ចាស់រថយន្ដកាមរីបានស្រែកថា ម្ដេចក៏មិនបុករថយន្ដតែម្ដង ?
ពេលនោះក៏មានជម្លោះពាក្យសំដី រហូតមានការវាយតប់ និងផ្ទុះអាវុធ ២គ្រាប់ តែមិនបណ្ដាលឱ្យ នរណាម្នាក់រងរបួសឡើយ ។ បន្ទាប់មកមកក្រុមជន ៣នាក់ដែលជិះរថយន្ដកាមរី ក៏ឡើងជិះរថយន្ដបំណងគេចខ្លួន តែត្រូវអ្នកបើករថយន្ដ ឡង់គ្រីស័របើកបុក ហើយបុរសម្នាក់ ដែលជាគ្នីគ្នា របស់រថយន្ដឡង់គ្រីស័របានឱនរើសដុំថ្ម និងស្រែកថាឯងបុកឱ្យងាប់តែម្ដងទៅ។
ពេលនោះរថយន្ដឡង់គ្រីស័រ ក៏បើកបុករថយន្ដកាមរី ពីចំហៀងយ៉ាងពេញទំហឹង បណ្ដាលឱ្យអ្នកបើករថយន្ដកាមរី ខ្ទាតទៅបុកបង្គោលប៉ាណូស្រាបៀរ ហើយស្លាប់ភ្លាមៗតែម្តង។ ជនរងគ្រោះដែលស្លាប់ ឈ្មោះ ហៀប អាយុជាង ៣០ឆ្នាំ ជាកម្មករបើករថយន្ដ កាមរីជាមួយ ឈ្មោះ មួន សុខ ហៅតុ ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជាកម្មករអ្នកទាំង២ ស្នាក់នៅ ភូមិអភិវឌ្ឍន៍ ឃុំ-ស្រុក អន្លង់វែង ខេត្ដឧត្ដរមានជ័យ ជាកូនចៅលោក លី ចាន់ធា ជាទាហានវរៈ៤១៥ កងពលតូច៤១៕
Source from: watphnom-news.com

Loading...
Loading...