ខេត្តកំពង់ឆ្នាំង ៖ គ្រួសារដ៏ក្រីក្រមួយ ដែលមានបុរសជាប្តី ប្រកបរបរជីកជន្លេនលក់ យកលុយមកផ្គត់ផ្គង់ ជីវភាពប្រចាំថ្ងៃ ត្រូវបានប្រពន្ធប្រទះឃើញ ដេកបែកពពុះមាត់ ស្លាប់នៅក្នុងអង្រឹង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៣ នៅក្រោមផ្ទះរបស់ខ្លួន ក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យស្ត្រីជាប្រពន្ធ និងកូនតូចៗចំនួន ៥នាក់រស់កំព្រា គ្មានទីពឹងអាស្រ័យ។
បុរសដ៏កម្សត់មានឈ្មោះ ស៊ឹម រឿន អាយុ ៣៥ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ាញ ណាត អាយុ ៣២ឆ្នាំ និងមានកូនតូចៗ ៥នាក់រស់នៅក្នុងបន្ទុក។ ស្ត្រីជាប្រពន្ធ បានអោយដឹងថា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ប្តីរបស់គាត់បានប្រាប់ថា មិនស្រួលខ្លួន និងបានដេញគាត់ អោយទៅជីកជន្លេន ដើម្បីយកមកលក់ ទិញអង្ករ ដាំបាយ អោយកូនហូប។ នៅពេលគាត់ចេញទៅជីកជន្លេន ប្តីរបស់គាត់បានដេក នៅលើអង្រឹងក្រោមផ្ទះ ហើយពេលត្រលប់មកវិញ ឃើញប្តីដេកបែកពពុះមាត់ ស្លាប់បាត់ទៅហើយ។
ស្ត្រីជាប្រពន្ធនិងកូន គ្មានមុខរបរអ្វីពិតប្រាកដទេ រស់នៅសង្ឃឹមទៅលើប្តី ដើរជីកជន្លេនលក់ យកលុយទិញអង្ករច្រកឆ្នាំង តែពេលនេះគ្មានអ្វី ពឹងអាស្រ័យទៀតទេ។ ចំពោះការធ្វើបុណ្យសពប្តី ក៏ស្ត្រីជាប្រពន្ធគ្មានលុយមួយរៀល បានលោកមេឃុំជួយឧបត្ថម្ភ អង្ករចំនួន ៦០គីឡូក្រាម និងលុយចំនួន ១០ម៉ឺនរៀល ហើយសប្បុរសជន បានជួយឧបត្ថម្ភលុយចំនួន ១០ ម៉ឺនរៀលផងដែរ។ ស្ត្រីដ៏អភ័ព្វក៏បានអំពាវនាវ ដល់សប្បុរសជន មេត្តាជួយឧបត្ថម្ភ ដល់ក្រុមគ្រួសារគាត់ផង ពីព្រោះសព្វថ្ងៃនេះ ជួបការលំបាកខ្វះខាតយ៉ាងខ្លាំង៕
Source from: watphnom-news.com

Loading...
Loading...