មេដឹកនាំគណបក្សប្រឆាំងជាប់សង្ស័យពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋឬអំពើបង្កឲ្យមានភាពវឹកវរនិងត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺ
កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ម្សិលមិញនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក ហៀង សុភក្ត្រ ជាព្រះរាជអាជ្ញារង បានចេញដីកាកោះឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ជាប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ឲ្យចូលខ្លួនទៅបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមបណ្តឹងចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។
អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកំណត់កាលបរិចេ្ឆទឲ្យឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ចូលខ្លួនទៅបំភ្លឺតុលាការ ដើម្បីឆ្លើយដោះបន្ទុកនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង១០ព្រឹក (ចំពោះឯកឧត្តម សម រង្ស៊ី) និងវេលាម៉ោង០៩ព្រឹក(ចំពោះឯកឧត្តម កឹម សុខា) ។
ប្រភពព័ត៌មានពីមន្ត្រីដែលស្និទ្ធនឹងរាជរដ្ឋាភិបាល បានឲ្យដឹងថា ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ដែលជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរដាក់ពាក្យបណ្តឹងទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ បង្កើតបានជាសំណុំរឿងព្រហ្មទណ្ឌលេខ១៥ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានហេតុការណ៍ប៉ះទង្គិចហិង្សារវាងអ្នកតវ៉ា និងសមត្ថកិច្ចប្រដាប់អាវុធ នៅសួនឧស្សាហកម្មកាណាឌីយ៉ា និងសួនវឌ្ឍនៈ កាលពីថ្ងៃទី០២-០៣ ខែមករា ឆ្នាំ២០១៤ បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ៕
Source from: www.dtn7.com

Loading...
Loading...