បុរសខ្លាំងប្រើកណ្តាប់ដៃដែកបន្ថយឥទ្ធិពលសម្រែកទាមទារ”ហ៊ុន សែន អើយ ចុះចេញទៅ ! “ តាមដងផ្លូវដោយបោសសម្អាតពីទីលានប្រជាធិបតេយ្យជាមុន
ទីលានប្រជាធិបតេយ្យដែលជាកន្លែងជួបជុំដ៏ធំរបស់បាតុករនៅរាជធានីភ្នំពេញ ដឹកនាំដោយគណបក្សសង្គ្រោះជាតិ ដើម្បីអាចដង្ហែក្បួនចេញ និងចូលធ្វើមហាបាតុកម្មតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញនោះ ត្រូវបានអាជ្ញាធរបណ្តេញចេញ និងបោសសម្អាតអស់ហើយ នៅវេលាព្រឹកនាថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤នេះ បន្ទាប់ពីសាលារាជធានីភ្នំពេញបានសម្រេចមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបន្តធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងដង្ហែក្បួនបាតុកម្មនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤តទៅរួចមក តាមលិខិតលេខ០៥ឆត.ចសម ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ ។
ការណ៍ដែលអាជ្ញាធររាជធានីភ្នំពេញសម្រេចមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបន្តធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងដង្ហែក្បួននៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញទៀតនោះ គឺអាជ្ញាធរបានលើកហេតុផលថា "កន្លងមក និងជាពិសេសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សកម្មភាពអុជអាល ញុះញង់នានាបាននាំទៅដល់ការបង្កឲ្យមានអំពើហិង្សា បាត់បង់អាយុជីវិត ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ ការបិទផ្លូវសាធារណៈ និងការអុកឡុក រំខានជាបន្តបន្ទាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ។ ទន្ទឹមនឹងនេះ បាតុករមួយចំនួនដែលចេញពីទីលានប្រជាធិបតេយ្យ ដោយរួមទាំងព្រះសង្ឃខ្លះផង ក៏បានធ្វើសកម្មភាពខុសច្បាប់ និងអុកឡុកតាមដងផ្លូវ តាមរោងចក្រ និងតាមស្ថាប័នរដ្ឋនានា ដោយមិនមានការគ្រប់គ្រង និងទទួលខុសត្រូវពីសំណាក់អ្នកដឹកនាំបាតុកម្មឡើយ ។ " ។
យោងតាមហេតុផលលើកឡើងរបស់សាលារាជធានីភ្នំពេញ តាមស្មារតីលិខិតលេខ០៥ឆត.ចសម ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ ដែលបានសម្រេចមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបន្តធ្វើបាតុកម្ម និងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ គឺបានបង្ហាញឲ្យឃើញថា ការប៉ះទង្គិចដោយហិង្សារវាងអ្នកតវ៉ា និងសមត្ថកិច្ចប្រដាប់អាវុធ កាលពីថ្ងៃទី០២-០៣ ខែមករា ឆ្នាំ២០១៤ នៅរោងចក្រយ៉ាងជីង និងរោងចក្រនៅសួនឧស្សាហកម្មកាណាឌីយ៉ា និងសួនវឌ្ឍនៈ បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ក្លាយជា"ដើមចមនៃមូលហេតុ" នាំឲ្យអាជ្ញាធរសម្រេចមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបន្តធ្វើបាតុកម្មតទៅទៀត ដោយអាជ្ញាធរធ្វើការចោទប្រកាន់ថា មនុស្សដែលត្រូវបង្ក្រាបនោះមិនមែនផ្តើមចេញពីកម្មករ កម្មការិនីទេ ជាក្រុមជនអនាធិបតេយ្យ ។
ក្រៅពីមានកម្មវត្ថុទាមទារឲ្យមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥សាជាថ្មីឡើងវិញ ដោយគណបក្សសង្គ្រោះជាតិយល់ឃើញថា ការបោះឆ្នោតមានភាពមិនប្រក្រតីនោះ គឺការដង្ហែក្បួនបាតុកម្មនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ អស់រយៈពេលជាច្រើនថ្ងៃកន្លងមក ក្រុមបាតុករបានសប្បាយចិត្ត និងធូរទ្រូងយ៉ាងច្រើន ដោយពួកគេមានឱកាសរិះកន់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាបុរសខ្លាំងនៃកម្ពុជា និងបានស្រែកទាមទារពេញៗមាត់ថា "ហ៊ុន សែន អើយចុះចេញទៅ!" លាន់ឮកក្រើករាជធានីភ្នំពេញ ខណៈដែលការដង្ហែក្បួនបាតុកម្ម និងការស្នាក់នៅរបស់ក្រុមបាតុករនៅលើទីលានប្រជាធិបតេយ្យនេះ មិនទទួលរងការបង្ក្រាបពីសំណាក់អាជ្ញាធរឡើយនាពេលកន្លងមក ទោះបីអាជ្ញាធរបានហាមឃាត់ ឬមិនអនុញ្ញាតក៏ដោយ ។
ឥឡូវនេះ សម្រែកទាមទារ "ហ៊ុន សែន អើយចុះចេញទៅ!" នឹងលែងបានឮសូរចេញពីមាត់ក្រុមបាតុកររាប់ពាន់ រាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យ និងនៅតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញដូចមុនទៀតឡើយ ហើយបើមានឡើងវិញក៏មិនដឹងជាពេលណាដែរ ឬក៏អាចរង់ចាំដល់ថ្ងៃឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ក៏មិនដឹង ។
នេះគឺជាលទ្ធផលនៃការសម្រេចចិត្តលើកទី១ ដែលបុរសខ្លាំងប្រើកណ្តាប់ដៃដែក "តាមរយៈបាតដៃទី៣" ដើម្បីកាត់បន្ថយឥទ្ធិពល ឬលុបបំបាត់សម្រែកទាមទារ "ហ៊ុន សែន អើយចុះចេញទៅ !" នៅតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ ដោយបុរសខ្លាំងធ្វើការបោសសម្អាតចេញពីទីលានប្រជាធិបតេយ្យ ជាកន្លែងប្រមូលផ្តុំជួបជុំក្រុមបាតុករដឹកនាំដោយគណបក្សសង្គ្រោះជាតិជាមុន ៕
Source from: www.dtn7.com

Loading...
Loading...