អ្នកតវ៉ាមិនញញើតនឹងប្រឆាំង រីឯបុរសខ្លាំងមិនរួញរានឹងធ្វើការបង្ក្រាប ! ទីបំផុត ឈាមខ្មែរហូរ…!
កាលពីរាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣កន្លងទៅ កម្លាំងសមត្ថកិច្ចប្រដាប់អាវុធ បានធ្វើសកម្មភាពបាញ់ប្រហារ និងវាយដំទៅលើប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានអាកាសក្បាលថ្នល់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យយុវជនម្នាក់ស្លាប់បាត់បង់ជីវិត និងរងរបួស ព្រមទាំងមានការចាប់ខ្លួនជាច្រើននាក់ទៀត ដែលរហូតមកទល់នឹងពេលនេះគ្មានអ្នកចេញមុខទទួលខុសត្រូវតាមផ្លូវច្បាប់ឡើយ គឺបានត្រឹមបន្សល់ទុកនូវក្តីឈឺចាប់ទាំងអយុត្តិធម៌ ធ្លាក់មកលើសាច់ញាតិ ក្រុមគ្រួសាររបស់អ្នកស្លាប់ និងអ្នករងរបួសតែប៉ុណ្ណោះ ។
រំលងបានរយៈពេលប្រមាណជិត២ខែក្រោយមក គឺនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ កងកម្លាំងសមត្ថកិច្ចប្រដាប់អាវុធ ក៏បានធ្វើសកម្មភាពបាញ់ប្រហារទៅលើក្រុមកម្មករ កម្មការិនីរោងចក្រ S L នៅចំណុចមុខវត្តស្ទឹងមានជ័យ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ខណៈដែលពួកគេមានបំណងដង្ហែក្បួនបាតុកម្មឆ្ពោះទៅលំនៅឋាននាយករដ្ឋមន្ត្រី តវ៉ាទាមទារឲ្យមានការជួយអន្តរាគមន៍ដោះស្រាយលក្ខខណ្ឌការងារនៅក្នុងរោងចក្រ បណ្តាលឲ្យមានជនស៊ីវិលស្លាប់ និងរងរបួសជាច្រើននាក់ ព្រមទាំងខូចខាតទ្រព្យសម្ភារៈមួយចំនួនថែមទៀត ។
លុះរំលងពេលជិត២ខែបន្តមកទៀត គឺនៅថ្ងៃទី០២-០៣ ខែមករា ឆ្នាំ២០១៤ កងកម្លាំងសមត្ថកិច្ចប្រដាប់អាវុធ បានធ្វើសកម្មភាពបង្ក្រាបយ៉ាងសាហាវទៅលើថ្នាក់ដឹកនាំសហជីព សកម្មជនសហជីព និងកម្មករ កម្មការិនីរោងចក្រយ៉ាងជីង ឋិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងរោងចក្រក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្តោយផ្លូវចោមចៅ រាជធានីភ្នំពេញ បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ព្រមទាំងមានការចាប់ខ្លួនជាច្រើននាក់ទៀត ដោយសមត្ថកិច្ចចោទប្រកាន់ក្រុមបាតុករតវ៉ាទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាទាំងនោះថា ជាក្រុមជនអនាធិបតេយ្យ ។
ពាក់ព័ន្ធនឹងការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិតសម្រាប់ឆ្នាំ២០១៤នេះ គឺក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឯកឧត្តម អ៊ិត សំហេង ជារដ្ឋមន្ត្រី បានចោទប្រកាន់ថា មានសហជីពចំនួន៥ និងសមាគមចំនួន១នៅតែបន្តដឹកនាំធ្វើបាតុកម្ម ដែលបានបង្កឲ្យមានអំពើហិង្សា បិទផ្លូវ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនតាមតំបន់រោងចក្រ សហគ្រាស ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិយាកាសវិនិយោគនៅកម្ពុជា បន្ទាប់ពីក្រសួងបានសម្រេចផ្តល់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិតចំនួន១០០ដុល្លារអាមេរិកក្នុង១ខែ និងកំណត់ឲ្យកម្មករ និយោជិតដែលធ្វើកូដកម្ម បាតុកម្ម ចូលធ្វើការវិញតាមការកំណត់នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤រួចមក ។
ដោយចលនានៃការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិតឲ្យស្មើនឹងចំនួន១៦០ដុល្លារអាមេរិកក្នុង១ខែ របស់សហជីពតំណាងកម្មករមួយចំនួននាពេលនេះ ស្របនិងដំណាលគ្នាជាមួយនឹងសកម្មភាពនៃការដឹកនាំធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំងនោះ ទើបក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានរដ្ឋមន្ត្រីជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាផង បានផ្តោតអារម្មណ៍ និងអំពាវនាវដល់គណបក្សសង្គ្រោះជាតិ សហជីពចំនួន៥ និងសមាគមចំនួន១ បពា្ឈប់ជាបន្ទាន់នូវសកម្មភាពញុះញង់កម្មករដែលជាសកម្មភាពបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួន និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមច្បាប់ចំពោះជនដៃដល់ និងវែកមុខជនដែលនៅពីក្រោយខ្នង ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។
ឆ្លងកាត់ការផ្ទុះអំពើហិង្សាជាច្រើនលើកច្រើនសារវាងកម្លាំងសមត្ថកិច្ចប្រដាប់អាវុធ និងក្រុមបាតុករ រហូតបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសនោះ មានសំណួរត្រូវចោទសួរថា តើនរណាជាអ្នកទទួលខុសត្រូវ ? តើបង្កឡើងដោយក្រុមជនអនាធិបតេយ្យ ដូចអាជ្ញាធរចោទប្រកាន់ដែរឬទេ ឬក៏ជាក្រុមបាតុករដែលជាកម្មករ កម្មការិនីខ្មែរពិតប្រាកដមែន ? ទាំងនេះគឺជាចំណុចសំខាន់ដែលតម្រូវឲ្យភាគីពាក់ព័ន្ធចូលរួមសហការអង្កេតស្រាវជ្រាវឲ្យបានល្អិតល្អន់ ជៀសវាងការរុញទម្លាក់ដាក់គ្នាទៅវិញទៅមក រួចហើយបិទសំណុំរឿងចោលទុកឲ្យក្រុមគ្រួសារសាច់ញាតិអ្នកស្លាប់ និងអ្នករងរបួសទទួលរងអំពើអយុត្តិធម៌ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ក្នុងព្រំដែននៃការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលមានអ្នកទទួលខុសត្រូវច្បាស់លាស់នោះ គឺរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាច និងជាអ្នកគ្រប់គ្រងបញ្ជាទៅលើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានចុះកិច្ចសន្យាជាមួយគ្នាកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដោយព្រមព្រៀងឲ្យក្រុមបាតុករ និងក្រុមសមត្ថកិច្ចបពា្ឈប់នូវការប្រើអំពើហិង្សាតាមរូបភាពណាក៏ដោយ ដូចជាការគប់ដុំថ្ម និងការប្រើប្រាស់អាវុធ ដែលបណ្តាលឲ្យភាគីទាំងសងខាងទទួលរងរបួស ឬបាត់បង់ជីវិត…។ល។ ផ្ទុយទៅវិញ បាតុករដែលជាបងប្អូនកម្មករ កម្មការិនីធ្វើសកម្មភាពតវ៉ាទាមទារឲ្យមានលក្ខខណ្ឌការងារល្អប្រសើរ ឬការដំឡើងប្រាក់ឈ្នួលអប្បបរមា ក៏ត្រូវតែមានអ្នកចេញមុខទទួលខុសត្រូវច្បាស់លាស់ ដើម្បីងាយស្រួលដល់ការការពារក្រុមបាតុករទាំងអស់គ្នា ដុំឲ្យមានបញ្ហារងរបួស និងស្លាប់បាត់បង់ជីវិតជាយថាហេតុគួរឲ្យសោកស្តាយទាំងអយុត្តិធម៌ ក្នុងពេលប៉ះទង្គិចហិង្សាជាមួយសមត្ថកិច្ច ពីព្រោះស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្ន គឺ"អ្នកតវ៉ាមិនញញើតនឹងប្រឆាំង រីឯបុរសខ្លាំងដែលជានាយករដ្ឋមន្ត្រី និងជាអ្នកគ្រប់គ្រង បញ្ជាលើកងកម្លាំងប្រដាប់អាវុធក៏មិនរួញរានឹងធ្វើការបង្ក្រាបដែរ តែទីបំផុត ឈាមខ្មែរហូរ…!!!" ៕
Source from: www.dtn7.com

Loading...
Loading...