ក្រសួងការងារនឹងកោះប្រជុំសហជីពចំនួន៥នៅថ្ងៃទី០៨ខែមករា ដោះស្រាយករណីតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមា
តាមការប្រកាសជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ម្សិលមិញនេះ បានឲ្យដឹងថា ក្រសួងនឹងធ្វើការកោះប្រជុំសហជីពចំនួន៥នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង១៥និង៣០នាទីរសៀលខាងមុខ ដើម្បីធ្វើការដោះស្រាយទៅលើករណីតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិតចំនួន១៦០ដុល្លារអាមេរិកក្នុង១ខែ និងក្នុងករណីដែលក្រសួងបានចោទប្រកាន់ថា សហជីពទាំង៥នេះបានបន្តដឹកនាំធ្វើបាតុកម្ម និងបានបង្កឲ្យមានអំពើហិង្សា បិទផ្លូវ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនតាមតំបន់រោងចក្រ សហគ្រាស ។
សហជីពចំនួន៥ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងត្រូវកោះអញ្ជើញឲ្យមកចូលរួមប្រជុំដោះស្រាយជាមួយក្រសួងនោះ រួមមាន ៖ ១-សហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដឹកនាំដោយលោក អាត់ ធន់, ២-សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា ដឹកនាំដោយលោកស្រី ម៉ម ញឹម, ៣-សម្ព័ន្ធសហជីពចលនាកម្មករ ដឹកនាំដោយលោក ប៉ាវ ស៊ីណា, ៤-សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ជា មុនី និង៥-សម្ព័ន្ធសហជីពកម្ពុជា ដឹកនាំដោយលោកស្រី យ៉ាង សោភ័ណ្ឌ ។
គេមិនទាន់ដឹងថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំពិចារណាទៅលើការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិតបន្តទៅទៀត តាមការទាមទាររបស់សហជីពទាំង៥នៅក្នុងកិច្ចប្រជុំខាងមុខនោះ ឬក៏ប្រជុំលើកឡើងអំពីវិធានការព្រមានទៅលើសហជីពទាំង៥ដូចដែលក្រសួងបានចោទប្រកាន់ថា សហជីពទាំង៥នេះនៅតែបន្តដឹកនាំធ្វើបាតុកម្ម និងបានបង្កឲ្យមានអំពើហិង្សា បិទផ្លូវ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនតាមតំបន់រោងចក្រ សហគ្រាស កាលពីថ្ងៃទី០២-០៣ ខែមករា ឆ្នាំ២០១៤នោះ ឬយ៉ាងណានៅឡើយទេ ៕
Source from: www.dtn7.com

Loading...
Loading...