អាជ្ញាធររាជធានីភ្នំពេញចាត់ទុកមនុស្សដែលសមត្ថកិច្ចប្រដាប់អាវុធបង្ក្រាបរយៈពេល២ថ្ងៃនេះ គឺជាក្រុមជនអនាធិបតេយ្យ
នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤នេះ សាលារាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនមួយ ដោយចាត់ទុកមនុស្សដែលសមត្ថកិច្ចប្រដាប់អាវុធបង្ក្រាបរយៈពេល២ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី០២-០៣ ខែមករា ឆ្នាំ២០១៤ ជាក្រុមជនអនាធិបតេយ្យដែលបានដើរបង្កការអុកឡុក ញុះញង់អូសទាញ និងប្រើអំពើហិង្សាទៅលើកម្មករ កម្មការិនីនៅតាមរោងចក្រ សហគ្រាស និងបិទផ្លូវសាធារណៈមួយចំនួនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
សេចក្តីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា សកម្មភាពបង្កការអុកឡុក ញុះញង់ អូសទាញ ប្រើអំពើហិង្សា និងបិទផ្លូវសាធារណៈនេះ បានឈានរហូតដល់មានការប៉ះទង្គិចជាមួយកងកម្លាំងមានសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសការការពារផលប្រយោជន៍ស្របច្បាប់ជូនកម្មករ កម្មការិនី ក៏ដូចជាការពារទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិឯកជន ។ ការប៉ះទង្គិចនេះបានកើតឡើងចំនួន២លើកនាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ នៅរោងចក្រយ៉ាងជីង ក្នុងខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យមានរងរបួសទាំងកងកម្លាំងមានសមត្ថកិច្ច ទាំងក្រុមអនាធិបតេយ្យមួយចំនួន ។ ក្នុងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនដៃដល់ចំនួន១០នាក់ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ។ ទន្ទឹមនោះ នារាត្រីថ្ងៃទី០២ និងព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ឋិតនៅតាមបណ្តោយផ្លូវចោមចៅ ក្រុមអនាធិបតេយ្យបានប្រើប្រាស់អំពើហិង្សា ដោយបិទផ្លូវ ដុតបំផ្លាញទ្រព្យសម្បត្តិឯកជន គំរាមកំហែងដល់អ្នកវិនិយោគ ដែលឋិតក្នុងបុរីសួនកាណាឌីយ៉ា និងបុរីសួនវឌ្ឍនៈ ព្រមទាំងគំរាមដុតបំផ្លាញរោងចក្រនៅក្នុងតំបន់នោះថែមទៀត ។ ឋិតក្នុងស្ថានភាពប្រកបដោយហានិភ័យខ្ពស់បែបនេះ បានចាប់បង្ខំឲ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការបំបែកក្រុមអនាធិបតេយ្យបង្កហិង្សាទាំងនោះ រហូតនាំឲ្យមានការប៉ះទង្គិចគ្នា បណ្តាលឲ្យមានការរងរបួសដល់សមត្ថកិច្ច និងក្រុមជនអនាធិបតេយ្យមួយចំនួន ។
សាលារាជធានីភ្នំពេញបានអះអាងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា សកម្មភាពហិង្សាទាំងនេះមិនមែនផ្តើមចេញពីកម្មករ កម្មការិនីរបស់យើងទេ ធាតុពិតមានការឆ្លៀតឱកាសរបស់មជ្ឈដ្ឋានពីខាងក្រៅ ពិសេសអ្នកនយោបាយ ឆ្លៀតប្រើប្រាស់ឆន្ទៈរបស់កម្មករ កម្មការិនី ដើម្បីអុជអាល ញុះញង់ បង្កើតឲ្យមានភាពវឹកវរ ចលាចល និងអំពើហិង្សា ប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់កម្មករ កម្មការិនី អ្នកវិនិយោគ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ។
ជាមួយគ្នានេះដែរ សាលារាជធានីភ្នំពេញក៏បានធ្វើការប្រកាសថ្កោលទោសចំពោះសកម្មភាពយ៉ាងកំរោលខាងលើ និងសូមអំពាវនាវជនរួមជាតិ ជាពិសេសបងប្អូនកម្មករ កម្មការិនី មេត្តារក្សាភាពស្ងប់ស្ងៀម និងអញ្ជើញចូលធ្វើការងារតាមរោងចក្រ សហគ្រាសក្នុងជីវភាពធម្មតាឡើងវិញ ដើម្បីទុកពេលជូនរាជរដ្ឋាភិបាល រួមជាមួយសហជីព កម្មករ និងសមាគមកាត់ដេរធ្វើការពិគ្រោះពិភាក្សាដោះស្រាយបញ្ហាពាក់ព័ន្ធប្រាក់ឈ្នួលគោលអប្បបរមាបន្តទៀត ។
តាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍អំពើហិង្សានាថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤នេះ គឺសមត្ថកិច្ចប្រដាប់អាវុធបានផ្ទុះអាវុធ ធ្វើឲ្យជនស៊ីវិលស្លាប់ និងរងរបួសជាច្រើននាក់ ខុសពីព័ត៌មានដែលបានប្រកាសដោយសាលារាជធានីភ្នំពេញ ត្រឹមមានអ្នករបួសប៉ុណ្ណោះនោះ ៕
Source from: www.dtn7.com

Loading...
Loading...