ដំណោះស្រាយនៃវិបត្តិនយោបាយកម្ពុជា គឺការកែទម្រង់ គ.ជ.ប និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥សាជាថ្មីឡើងវិញ
ឈានចូលមកដល់ខែមករាដើមឆ្នាំ២០១៤នេះភ្លាម រូបភាពនៃការបង្ក្រាបយ៉ាងហិង្សាពីសំណាក់កងកម្លាំងសមត្ថកិច្ចមកលើក្រុមបាតុករដែលធ្វើបាតុកម្មតវ៉ាទាមទារបញ្ហាផ្សេងៗ ដូចជា ការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ កម្មការិនីខ្មែរ ឲ្យដល់ចំនួន១៦០ដុល្លារអាមេរិកក្នុង១ខែ ការទាមទារដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ ជាពិសេសគ្រូបង្រៀន ការទាមទារឲ្យមានការដោះលែងសកម្មជនសហជីព និងបាតុករដែលអាជ្ញាធរចាប់ឃុំខ្លួន ការទាមទារសុំដំឡើងហ្វ្រេកង់វិទ្យុសំបុកឃ្មុំនៅតាមបណ្តាខេត្ត និងសុំហ្វ្រេកង់បង្កើតទូរទស្សន៍របស់លោក ម៉ម សូណង់ដូ និងការបណ្តេញក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិចេញពីទីលានប្រជាធិបតេយ្យ…។ល។ បានកើតមានឡើងជាបន្តបន្ទាប់ បណ្តាលឲ្យប្រជាពលរដ្ឋស៊ីវិលស្លាប់ និងរងរបួស ព្រមទាំងជាប់ឃុំខ្លួនក្នុងពន្ធនាគារអស់ជាច្រើននាក់ ។
ដើមហេតុនៃការធ្វើមហាបាតុកម្មដោយដង្ហែក្បួនតាមដងផ្លូវផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញនាពេលកន្លងមក គឺត្រូវបានដឹកនាំដោយគណបក្សសង្គ្រោះជាតិ ដើម្បីទាមទារឲ្យមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥សាជាថ្មីឡើងវិញ ដោយគណបក្សសង្គ្រោះជាតិបានចោទប្រកាន់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ កាលពីថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ មានភាពមិនប្រក្រតី (មុនដំបូងទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យ ស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ប៉ុន្តែត្រូវបានបដិសេធគ្រប់ជំហានពីសំណាក់គណបក្សប្រជាជនកម្ពុជា ដោយគណបក្សកាន់អំណាចអះអាងថា ជាការរំលោភលើច្បាប់របស់ប្រទេស) ។
យោងតាមលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត "គ.ជ.ប" គឺបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រសរុបទូទាំងប្រទេសចំនួន៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតគាំទ្រចំនួន៥៥អាសនៈក្នុងចំណោមអាសនៈរដ្ឋសភានីតិកាលទី៥សរុបចំនួន១២៣អាសនៈ ។ បេក្ខជនជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនីតិកាលទី៥ទាំង៦៨នាក់របស់គណបក្សប្រជាជនកម្ពុជា បានចូលប្រជុំរដ្ឋសភាដំបូងរួចហើយ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ និងបានចូលកាន់តំណែងជាអ្នកតំណាងរាស្ត្រមកទល់បច្ចុប្បន្ន ខណៈដែលបេក្ខជនជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រចំនួន៥៥នាក់របស់គណបក្សសង្គ្រោះជាតិមិនទាន់ព្រមចូលប្រជុំរដ្ឋសភានៅឡើយ ដ្បិតសំណើរបស់គណបក្សសង្គ្រោះជាតិដែលទាមទារឲ្យមានការបោះឆ្នោតសាជាថ្មីឡើងវិញ ដើម្បីឲ្យគណបក្សនយោបាយឈ្នះឆ្នោតបានឈ្នះដោយថ្លៃថ្នូរ និងគណបក្សចាញ់ឆ្នោតបានចាញ់ដោយអស់ចិត្តនោះ មិនទាន់ត្រូវបានដោះស្រាយ ។
ជំហររបស់គណបក្សសង្គ្រោះជាតិដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា បានប្រកាសរួចហើយថា នឹងចូលប្រជុំ ឬចូលបម្រើការងារជាតំណាងរាស្ត្រក្នុងរដ្ឋសភាភ្លាម ប្រសិនបើគណបក្សប្រជាជនកម្ពុជាយល់ព្រមឲ្យមានការបោះឆ្នោតសាជាថ្មីឡើងវិញ បន្ទាប់ពីធ្វើការកែទម្រង់ គ.ជ.ប ឲ្យមានអព្យាក្រឹតភាពចប់សព្វគ្រប់ ។
មជ្ឈដ្ឋានអ្នកវិភាគព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា រាល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជាចាប់តាំងពីអាណត្តិទី១ ដែលរៀបចំដោយអង្គការសហប្រជាជាតិមក គឺគណបក្សនយោបាយចាញ់ឆ្នោត (កាលអាណត្តិទី១គណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតគណបក្សហ្វ៊ុនស៊ិនប៉ិច) តែងតែឡាំប៉ាមិនព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតទេ ។ ដូច្នេះ ដើម្បីកុំឲ្យមានវប្បធម៌ឡាំប៉ារបស់អ្នកនយោបាយនៅពេលចាញ់ឆ្នោតរបៀបនេះតទៅទៀត គឺគណបក្សនយោបាយធំៗទាំង២ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិ គប្បីរួបរួមធ្វើការជាមួយគ្នាកែទម្រង់ច្បាប់ស្តីពីការបោះឆ្នោត រួមទាំងរបៀបរបបការងាររបស់ គ.ជ.ប កែទម្រង់ស្ថាប័នតុលាការឲ្យមានឯករាជ្យពិតប្រាកដ កែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឲ្យឋិតនៅឯករាជ្យ មិនប្រកាន់និន្នាការនយោបាយ ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឲ្យឃើញលទ្ធផលជាក់ស្តែង…រួចហើយរៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥សាជាថ្មីឡើងវិញ ដើម្បីចាប់ផ្តើមលុបបំបាត់វប្បធម៌អាក្រក់ទាំងឡាយដែលធ្លាប់បានប្រព្រឹត្តកន្លងមក ចាប់ពីពេលលទ្ធផលនៃការបោះឆ្នោតសាជាថ្មីឡើងវិញប្រកាសដោយ គ.ជ.ប តទៅ ។
ប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោតមិនចង់ឃើញ និងមិនចង់ឮសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បណ្ឌិតសភាចារ្យ ហ៊ុន សែន ហៅបុរសខ្លាំង ជាប់ឈ្នោះជាជនកំសាក ឬជាជនកម្សោយក្នុងប្រវត្តិសាស្ត្រកម្ពុជា ព្រោះតែគ្មានសេចក្តីក្លាហានក្នុងការរៀបចំឲ្យមានការបោះឆ្នោតសាជាថ្មីឡើងវិញនោះទេ ហើយក៏មិនចង់ឃើញឈាមខ្មែរបន្តហូរតទៅទៀត ដោយសារតែមហាបាតុកម្មដឹកនាំដោយឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ប្រឆាំងនឹងអាជ្ញាធរគ្រប់គ្រងអំណាចដោយគណបក្សប្រជាជនកម្ពុជា ហើយទទួលរងការបង្ក្រាបឥតត្រាប្រណីពីសំណាក់បុរសខ្លាំងនោះដែរ ។ កម្ពុជា គួរតែដល់ពេលេវេលាបើកទំព័រប្រវត្តិសាស្ត្រថ្មីហើយ ដើម្បីវាសនាអនាគតប្រទេសជាតិយូរអង្វែង !!! ៕
Source from: www.dtn7.com

Loading...
Loading...