បុរសម្នាក់ដែលហែកដំបូលផ្ទះអ្នកជិតខាង យកទូរស័ព្ទដៃ ៥០គ្រឿង ត្រូវបញ្ជូនទៅតុលាការ
ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលបានលួចកាត់ ហែកដំបូលផ្ទះអ្នកជិតខាង ចូលយកទូរស័ព្ទដៃ ៥០ គ្រឿង និងសម្ភារៈ ដែលជាវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាល ការិយាល័យ ព្រហ្មទ័ណ្ឌកំរិតធ្ងន់ បញ្ជូនទៅកាន់តុលាការ កាលពីព្រឹកថ្ងៃទី២៧ខែមករា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យមានឈ្មោះ ឈត ម៉ាប់ អាយុ ២៣ឆ្នាំ ត្រូវសមត្ថកិច្ច ស្រុកសំពៅលូន ឃាត់ខ្លួនកាលពី៩ ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ នៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិរស្មីឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងប្រគល់ទូរស័ព្ទចំនួន ៣០គ្រឿង អោយម្ចាស់ដើមវិញ។ វត្ថុតាងដែលដកហូតបាន មានកន្ត្រៃចំនួន១ និងកូនកាំបិតសម្រាប់ ចិតបន្លែចំនួន១ ទុកធ្វើសកម្មភាព កាត់សង្ក័សីដំបូលផ្ទះ និងវត្ថុតាង ទូរស័ព្ទដៃចំនួន ៣០គ្រឿង។
ចំណែកបុរសរងគ្រោះ មានឈ្មោះ យ៉ុត ហ៊ាប អាយុ ៣៨ឆ្នាំ ជាអ្នកលក់ទូរស័ព្ទដៃ មានទីលំនៅក្នុង ភូមិកើតហេតុខាងលើ បានប្តឹងសមត្ថកិច្ចពីការបាត់ ទូរស័ព្ទដៃចំនួន ៥០គ្រឿង កាតទូរស័ព្ទប្រព័ន្ធថៃ និងខ្មែរ សរុបទឹកប្រាក់ចំនួន ១៥០ដុល្លារ ឆ្នាំងសាក និងឌុយមួយចំនួនទៀត។
ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីម៉ោង៦ ល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ ប្រពន្ធរបស់គាត់ នៅលក់ក្នុងផ្សារថៃ ហើយគាត់ក៏រៀបចំ ទៅស៊ីការគេនៅភូមិគីឡូ១៣ ឃុំសន្តិភាព លុះម៉ោង ៦និង៣០ នាទី ប្រពន្ធខ្លួនបានត្រឡប់មកដល់ផ្ទះ បើកទ្វាចូលទៅឃើញ សភាពក្នុងផ្ទះ ខុសពីប្រក្រតីដឹងថា មានចោរចូលផ្ទះ ក៏ទូរស័ព្ទប្រាប់ខ្លួន អោយទៅប្តឹងនគរបាលតែម្តង។
ជនសង្ស័យឈ្មោះ ឈិត ម៉ាប់់ បានសារភាពថា ខ្លួនរស់នៅផ្ទះជិតខាងគ្នា ជាមួយជនរងគ្រោះ ដោយឱកាសល្អ ក៏បានឡើងលើដំបូលផ្ទះ កាត់សង្ក័សីចូលយក ទូរស័ព្ទចំនួន ៣០គ្រឿង មិនមានយកអ្វីលើសពីនេះទេ ហើយលួចបានយកមកលាក់ទុក នៅក្នុងផ្ទះ បានតែមួយយប់ ដល់វេលាម៉ោង ៩ព្រឹកថ្ងៃទី២៥ ខែមករា ក៏ត្រូវនគរបាលឃាត់ខ្លួនតែម្តង៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...