អ្នកជំនួញដីធ្លីម្នាក់ត្រូវឃាតកបាញ់សម្លាប់ពេលកំពុងធ្វើដំណើរតាមផ្លូវដោយរថយន្តទំនើបម៉ាក Lexus 570
បុរសជាអ្នកជំនួញដីធ្លីម្នាក់ត្រូវបានឃាតកមិនស្គាល់មុខជិះទោចក្រយានយន្ត១គ្រឿង មានគ្នាចំនួន២នាក់ តាមបាញ់សម្លាប់នៅចំណុចផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៨និង៤០នាទីល្ងាច នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ម្សិលមិញនេះ ។
សមត្ថកិច្ចដែលបានចុះទៅពិនិត្យមើលហេតុការណ៍នៃការបាញ់ប្រហារនេះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈី ចាន់ហុង អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ៥៧ ផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរជាអ្នកជំនួញដីធ្លី ត្រូវបានជនល្មើសប្រដាប់អាវុធបាញ់ប្រហារចំនួន២គ្រាប់ ដែលមួយគ្រាប់ត្រូវចំស្មាខាងស្តាំ និងមួយគ្រាប់ទៀតត្រូវចំក្រោមក្លៀក ខណៈជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ដោយរថយន្តទំនើបមួយគ្រឿងម៉ាក Lexus 570 ជិះ២នាក់មិត្តភក្តិត្រឡប់ចូលមកលំនៅឋានវិញ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
តាមការបំភ្លឺរបស់ឈ្មោះ ជេសហ្វី ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិសិង្ហបុរី ត្រូវជាមិត្តភក្តិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុពួកខ្លួនបានបើករថយន្តម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2E-7677 ដោយខ្លួនផ្ទាល់ជាអ្នកបើកបរ ធ្វើដំណើរចេញពីកន្លែងកាត់សក់នៅម្តុំផ្សារថ្មី ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែឮសូរសំឡេងផ្ទុះចំនួន២គ្រាប់បាញ់តម្រង់មកលើមិត្តភក្តិរបស់ខ្លួន រួចហើយជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ទើបជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែត្រូវបានស្លាប់បាត់បង់ជីវិតដោយរងរបួសធ្ងន់ធ្ងរពេក ។
សមត្ថកិច្ចកំពុងតាមដានស្រាវជ្រាវស្វែងរកមុខសញ្ញាជនដៃដល់ បន្ទាប់ពីធ្វើកោសល្យវិច័យទៅលើសាកសពជនរងគ្រោះរួចរាល់ ។
នេះគឺជាសញ្ញាមួយបានបង្ហាញឲ្យឃើញថា អំពើបាញ់សម្លាប់ដោយក្រុមឃាតកមិនស្គាល់មុខចាប់ផ្តើមកម្រើកកើតមាននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទៀតហើយ ខណៈដែលស្ថានភាពនយោបាយនៅកម្ពុជាកំពុងមានវិបត្តិមិនទាន់ដោះស្រាយនៅឡើយ ៕
Source from: www.dtn7.com

Loading...
Loading...