បង្ក្រាបក្រុមចោរដែលធ្លាប់លួចយានយន្ត ២០ដង ពីខេត្តបាត់ដំបង យកមកលក់នៅភ្នំពេញ
ខេត្តបាត់ដំបង ៖ កម្លាំងអាវុធហត្ថបាត់ដំបង បានបញ្ជូនជនសង្ស័យ ២ នាក់និងវត្ថុតាង ទៅកាន់តុលាការពីបទលួច កាលពីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ រីឯរថយន្តនិងម៉ូតូ ដែលជាវត្ថុតាង រងចាំម្ចាស់មកទទួលយកទៅវិញ បន្ទាប់ពីជនសង្ស័យត្រូវបានឃាត់ខ្លួន នៅតាមផ្លូវជាតិលេខ៥ ក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង បានម្នាក់ពេលកំពុងជិះម៉ូតូ និងម្នាក់ទៀតពេលកំពុង បើករថយន្ត នៅស្រុកបាកាន ខេត្តពោធិ៍សាត់់ កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣។
ជនសង្ស័យមានឈ្មោះ ហ៊ួន វឿន អាយុ ២៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅក្នុង ភូមិឃុំអូរតាព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវសមត្ថកិច្ចអាវុធហត្ថ ស្រុកមោងឬស្សី ឃាត់ខ្លួនវេលាម៉ោង ១៨និង១០ នាទីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ពេលកំពុងបើកបរ លើដងផ្លូវជាតិលេខ៥ ឆ្ពោះមករាជធានីភ្នំពេញ ដកហូតបានម៉ូតូ ១គ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១២ គ្មានស្លាកលេខ មានលេខតួលេខម៉ាស៊ីន ND125 ME8676932 និងស្លាកលេខម៉ូតូ តាកែវ ១E-៩១៣០ ចំនួន ១ផងដែរ។
ជនសង្ស័យម្នាក់ទៀតមានឈ្មោះ ញ៉ែម សាត អាយុ ៣៥ឆ្នាំមុខរបរមិនប្រាកដ មានទីលំនៅផ្ទះជួល ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចស្ទាក់ប្រដេញចាប់ ពីរង្វង់មូលតាដំបងគ្រញូង រហូតដល់ស្រុកបាកាន ខេត្តពោធិ៍សាត់ លុះវេលាម៉ោង ២០ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ទើបចាប់បាន ដោយដកហូតរថយន្ត ម៉ាកកាម៉ារីឆ្លាម ពណ៌ឆ្លូញ ១គ្រឿង ស៊េរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ ២l-១៦៩១ កន្ត្រៃចំនួន១ ស្គុតសំរាប់បិតស្លាកលេខ១ ដុំខ្ចៅសំរាប់ចាប់ស្លាកលេខ ចំនួន៤គ្រាប់ មួកសុវត្ថិភាពចំនួន២ កាបូបប្រាក់ចំនួន១ ពន្ធផ្លូវប្រចាំឆ្នាំ២០១៣ សំរាប់ម៉ូតូចំនួន ១សន្លឹក។
ជនសង្ស័យទាំង ២នាក់ជាបក្ខពួកតែមួយ បានសារភាពថា ឈ្មោះ ញ៉ែម សាត ជាអ្នកកាច់សោរម៉ូតូកាលពីវេលាម៉ោង ៨យប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ នៅផ្សារអគ្គក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបន្ទាប់មកឈ្មោះ ហ៊ួន វឿន ជាអ្នកជិះយកទៅភ្នំពេញ លក់អោយឈ្មោះ ថុល រងចាំទទួលយកនៅម្តុំផ្សារព្រែកព្នៅ ហើយពួកគេធ្លាប់ធ្វើសកម្មភាព លួចសរុបចំនួន ២០ដងមកហើយ។ ចំពោះរថយន្តនិងម៉ូតូ រងចាំម្ចាស់មកទទួលយកទៅវិញ ជាពិសេសម៉ូតូដែលមាន លេខតួលេខម៉ាស៊ីន ND125 ME8676932 សូមម្ចាស់ប្រញាប់មកទាក់ទង នៅទីបញ្ជាការអាវុធហត្ថ ខេត្តបាត់ដំបង៕ ដោយ សុខជា
Source from: watphnom-news.com

Loading...
Loading...