ក្នុងតំណែងជាប្រធាននគរបាល អន្តោប្រវេសន៍ប្រចាំ ច្រកព្រំដែនជ្រៃធំ លោក ខឹម វិចិត្រា មានការផ្លាស់ប្តូរជីវភាពថ្មីយ៉ាងឆាប់រហ័ស
ខេត្តកណ្តាល ៖ ច្រើនឆ្នាំមកហើយដែលលោក ខឹម វិចិត្រា ហៅចិត្រ ជាប្រធានស្នាក់ការ នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកព្រំដែនទ្វេភាគីជ្រៃធំ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល មានអំណាចពេញដៃ ក្នុងការសម្របសម្រួលឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើប្រណីត ទាំងតាមផ្លូវទឹកនិងតាមផ្លូវគោក ចេញទៅស្រុកយួន យ៉ាងអនាធិបតេយ្យបំផុត។ ពេលខ្លះទៀតលោក ខឹម វិចិត្រា ក៏បានប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន ក្នុងការបំពានលើតួនាទី របស់មន្ត្រីជំនាញដទៃ ដែលចុះទៅប្រចាំការ នៅច្រកព្រំដែនជ្រៃធំ ទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលទាមទារឲ្យអង្គភាព ប្រឆាំងអំពើពុករលួយ ជាពិសេសលោកស្នងការ អ៊ាវ ចំរើន មេត្តាពិនិត្យមើលភាពអសកម្ម និងអំពើពុករលួយរបស់លោក ខឹម វិចិត្រា ឡើងវិញផងដែរ។
មន្ត្រីមួយចំនួនបានបង្ហើបឲ្យដឹងថា លោក ខឹម វិចិត្រា ហៅចិត្រ គឺជាមន្ត្រីដែលពូកែអួតអាង និងក្រអឺតក្រទមបំផុត ចាប់តាំងពីពេលដែលគាត់បានផ្តួលមេចាស់ ហើយកាន់តំណែងជា ប្រធាននគរបាលអន្តោប្រវេសន៍ ប្រចាំច្រកព្រំដែនទ្វេភាគីជ្រៃធំ គាត់ធ្វើអ្វីៗតាមតែអំពើចិត្ត គ្មានក្រែងញញើតពីច្បាប់ទម្លាប់នោះទេ តាមរយៈការឃុបឃិត ឲ្យក្រុមឈ្មួញទាំងតូចទាំងធំ រកស៊ីនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ មកពីស្រុកយួន ហើយឈើប្រណីតដែលក្រុមឈ្មួញ ដឹកជញ្ជូនយកទៅលក់នៅស្រុកយួន តាមផ្លូវទឹកដោយឆ្លងកាត់តាម ច្រកព្រំដែនជ្រៃធំ ក៏ជាប្រភពសេដ្ឋកិច្ច មិនចេះរីងស្ងួតរបស់លោក ខឹម វិចិត្រា ផងដែរ។ ដោយឡែកមន្ត្រីមួយចំនួន រកតែលុយចាក់សាំងម៉ូតូ ជិះទៅធ្វើការ ឬរកលុយធ្វើសោហ៊ុយទៅលេងប្រពន្ធកូន សឹងមិនបានផង ព្រោះតែលោក ខឹម វិចិត្រា ពូកែក្តោបប្រភពចំណូល យកទៅច្រកហោប៉ៅផ្ទាល់ខ្លួន។
ឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ទ្រង់ទ្រាយធំជាងគេ ប្រចាំច្រកជ្រៃធំនេះ មានឈ្មោះ ហេង ទឹកសុទ្ធ ឬ ហេង ស្ទឹងមានជ័យ ហើយតាហុង ក៏មានចំណែកដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យ មកពីតាមបណ្តាខេត្តនានា ជាពិសេសមកពីតាមផ្លូវជាតិលេខ៥ ឆ្លងកាត់រាជធានីភ្នំពេញ ឆ្ពោះទៅក្រុងតាខ្មៅ ឡើងតាមផ្លូវជាតិលេខ២១បេ ចេញទៅច្រកជ្រៃធំ ដោយគ្មាននរណា ហ៊ានហើបមាត់នោះទេ។ មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ច្រើនត្រូវបានដាក់ឲ្យប្រចាំការ ឬបង្កើតប៉ុស្តិ៍ជជុះ យ៉ាងអនាធិបតេយ្យតាមផ្លូវជាតិលេខ២១បេ បានត្រឹមតែអង្គុយរាប់ក្បាលឡាន ដឹកឈើយកលុយមិនដែលខ្វល់ខ្វាយ ពីការបង្ក្រាបបទល្មើសម្តងណាឡើយ ហើយគេដឹងថាឈ្មួញដែលរកស៊ី ដឹកជញ្ជូនឈើធំៗទាំងនោះ សុទ្ធតែមានទំនាក់ទំនងល្អ ជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ របស់លោក អ៊ុង តារា និងនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលប្រចាំការតាមដងផ្លូវនោះ ទើបអ្វីៗអាចដំណើរការ ដោយរលូនល្អ។
ប្រជាពលរដ្ឋក៏បានរអ៊ូរទាំផងដែរថា លោក ខឹម វិចិត្រា ក៏បានចាត់តាំងឲ្យ មន្ត្រីក្រោមឱវាទរបស់គាត់ កោសរូសប្រជាពលរដ្ឋ ឲ្យបង់លុយនៅពេលមានធុរៈ ឆ្លងដែនចូលទៅស្រុកយួន តាមច្រកជ្រៃធំ ដោយបង្ខំឲ្យបង់លុយក្នុងម្នាក់ ២ម៉ឺនទៅ៣ ម៉ឺនរៀល ចំពោះប្រជាពលរដ្ឋ ដែលមានលិខិតស្នាម សម្រាប់ឆ្លងដែន ប៉ុន្តែសម្រាប់អ្នកជំងឺ ដែលត្រូវសង្គ្រោះបន្ទាន់ នាំទៅស្រុកយួនតាមច្រកជ្រៃធំ ហើយគ្មានលិខិតស្នាម ត្រូវនគរបាលអន្តោប្រវេសន៍ របស់លោក ខឹម វិចិត្រា កោសរូសបង្ខំ ឲ្យបង់លុយចាប់ពី ២០ម៉ឺនរៀល ដល់ ៣០ម៉ឺនរៀលសម្រាប់អ្នកជំងឺម្នាក់ៗ។ ក្នុងករណីសុំបញ្ចុះតម្លៃ លោក ខឹម វិចិត្រា បានឲ្យប្រជាពលរដ្ឋ ដែលមានធុរៈទាំងនោះ ឡើងមកសុំលិខិតស្នាមពីថ្នាក់លើ ជាការផ្ចាញ់ផ្ចាល់ចំពោះ ប្រជាពលរដ្ឋយ៉ាងកំរោល។
ដោយឡែក សម្រាប់ជនជាតិយួន ឲ្យតែមានលុយបង់ឲ្យលោក ខឹម វិចិត្រា ចាប់ពី ១០ដុល្លារ ដល់២០ ដុល្លារ អាចឆ្លងដែនចេញចូលប្រទេសកម្ពុជា គ្មាននរណាត្រួតពិនិត្យលិខិតស្នាមនោះទេ ហើយក្នុងមួយថ្ងៃៗ គ្រាន់តែជនជាតិយួនដែល ញៀនល្បែងស៊ីសង នាំគ្នាមកលេងល្បែងបញ្ជល់មាន់ បៀ អាប៉ោង តៃស៊ីវ នៅក្នុងស្រុកស្អាង និងស្រុកកោះធំ ឬនៅក្នុងកាស៊ីណូជាប់ព្រំដែន មានចំនួនរាប់រយនាក់ សុទ្ធតែត្រូវបង់លុយឲ្យ មន្ត្រីនគរបាលអន្តោប្រវេសន៍ របស់លោក ខឹម វិចិត្រា តិចបំផុត ២ម៉ឺនរៀល ដល់៤ ម៉ឺនរៀល។ ក្នុងតំណែងជាប្រធាននគរបាល អន្តោប្រវេសន៍ប្រចាំ ច្រកព្រំដែនទ្វេភាគីជ្រៃធំ លោក ខឹម វិចិត្រា មានការផ្លាស់ប្តូរជីវភាពថ្មី យ៉ាងឆាប់រហ័សផ្តើមចេញ ពីអំពើពុករលួយនៃការបង្ខំ ឲ្យអ្នកដំណើរឆ្លងដែនបង់លុយ ក៏ដូចជាការឃុបឃិតឲ្យឈ្មួញ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ យ៉ាងអនាធិបតេយ្យ៕
Source from: watphnom-news.com

Loading...
Loading...