កញ្ញា ធី សុវណ្ណថា ទទួលស្គាល់ថា រងការគំរាមកំហែងជាច្រើន និងប្តឹងសុំឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រាវជ្រាវករណីមន្ត្រីការិយាល័យលិខិតឆ្លងដែនទម្លាយព័ត៌មានផ្ទាល់ខ្លួន
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤នេះ កញ្ញា ធី សុវណ្ណថា ដែលគេស្គាល់ថា ជាអ្នកលេង Facebook ដ៏ល្បីឈ្មោះ ជាសកម្មជនយុវតីគាំទ្រកម្មវិធីនយោបាយគណបក្សសង្គ្រោះជាតិយ៉ាងប្តូរផ្តាច់ និងជាយុវតីរិះគន់ទៅលើប្រព័ន្ធដឹកនាំរបស់បុរសខ្លាំងឥតសំចៃនោះ បានប្រកាសទទួលស្គាល់ថា ឯកសារពាក្យស្នើសុំលិខិតឆ្លងដែនរបស់នាងចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ គឺជាឯកសារពិត ហើយត្រូវបានមន្ត្រីការិយាល័យលិខិតឆ្លងដែនទម្លាយចេញមកក្រៅជាសាធារណៈ ។ លើសពីនេះ កញ្ញា ធី សុវណ្ណថា ក៏បានប្តឹងសុំឲ្យឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយស្រាវជ្រាវទៅលើករណីមន្ត្រីការិយាល័យលិខិតឆ្លងដែន ដែលបានទម្លាយឯកសារព័ត៌មានផ្ទាល់ខ្លួនរបស់នាងជាសាធារណៈ ។
ប្រតិកម្មតបរបស់កញ្ញា ធី សុវណ្ណថា តាមរយៈ Page របស់នាង គឺបន្ទាប់ពីគេហទំព័រសារព័ត៌មានដើមត្នោតបានចុះផ្សាយនូវអត្ថបទមួយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ម្សិលមិញ មានចំណងជើងថា "អ្នកលេង Facebook ប្រើ Account អនាមិកគំរាមជះទឹកអាស៊ីដលើរាងកាយ និងដុតរថយន្តរបស់កញ្ញា ធី សុវណ្ណថា" រួចមក ។
សូមបញ្ជាក់ជូនថា ឯកសារពាក្យសុំលិខិតឆ្លងដែនចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ របស់កញ្ញា ធី សុវណ្ណថា ដែលបានគោរពជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាឯកសារព័ត៌មានផ្ទាល់ខ្លួន ត្រូវបានអ្នកលេង Facebook ប្រើ Account អនាមិកយកមកបង្ហោះព្រោងព្រាតជាសាធារណៈ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ។ លើសពីនេះ អ្នកលេងបណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយមនៅកម្ពុជា ដែលប្រើប្រាស់ Account អនាមិកបានគំរាមថា នឹងជះទឹកអាស៊ីដដាក់លើរាងកាយ និងដុតរថយន្តម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-2545 របស់នាងចោលទៀតផង ដោយអ្នកលេង Facebook ជាអ្នកគំរាមនោះអះអាងថា បានស្គាល់ផ្ទះរបស់កញ្ញា ធី សុវណ្ណថា ហើយ ។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ថា ក្រោយពីព័ត៌មានផ្ទាល់ខ្លួនរបស់នាងដូចមាននៅក្នុងពាក្យស្នើសុំលិខិតឆ្លងដែន ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ គឺនាង និងគ្រួសាររបស់នាងមានការគំរាមកំហែងជាច្រើនតាមរយៈ Facebook ផង តាមទូរស័ព្ទផង និងគំរាមដោយផ្ទាល់ផង ។ ជាមួយគ្នានេះ កញ្ញា ធី សុវណ្ណថា ក៏បានប្តឹងសុំឲ្យឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយស្រាវជ្រាវទៅលើករណីមន្ត្រីការិយាល័យលិខិតឆ្លងដែន ដែលបានទម្លាយព័ត៌មានផ្ទាល់ខ្លួនរបស់នាងជាសាធារណៈនោះផង ។ កញ្ញា ធី សុវណ្ណថា ក៏បានបញ្ជាក់ទៀតថា នាងនឹងដាក់ពាក្យប្តឹងទៅគ្រប់អង្គការសង្គមស៊ីវិល គ្រប់ស្ថានទូត ហើយនឹងអាចឈានទៅធ្វើបាតុកម្មនៅមុខទីស្តីការក្រសួងមហាផ្ទៃ និងមុខភូមិគ្រឹះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី ប្រសិនបើសំណើតាមពាក្យប្តឹងរបស់នាងមិនត្រូវបានដោះស្រាយ ៕
Source from: www.dtn7.com

Loading...
Loading...