លោក ជា មុនី ប្រធានសហជីពសេរីកម្មករប្តឹងលោកស្នងការនគរបាលខេត្តកំពង់ស្ពឺទៅតុលាការ
កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ម្សិលមិញនេះ លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ពាក្យបណ្តឹងមួយច្បាប់គោរពជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោយប្តឹងលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមន្ត្រីនគរបាលយុត្តិធម៌ ពាក់ព័ន្ធពីបទធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅខេត្តកំពង់ស្ពឺនាពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣កន្លងមក ។
ពាក្យបណ្តឹងបណ្តឹងចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៤ របស់លោក ជា មុនី និងបានបញ្ជូនទៅដល់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺនាថ្ងៃម្សិលមិញនេះ បានបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចាប់យករថយន្តរបស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ម៉ាកតាកូម៉ា ព្រមទាំងកូនសោរថយន្ត ក្នុងហេតុការណ៍កម្មករ កម្មការិនីរោងចក្រសាប្រ៊ីណាមានទីតាំងឋិតនៅភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាំគ្នាធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារល្អប្រសើរ ហើយក៏កើតមានអំពើហិង្សាប៉ះទង្គិចគ្នារវាងកម្លាំងសមត្ថកិច្ច និងបុគ្គលិកសហជីព ព្រមទាំងកម្មករ កម្មការិនីរោងចក្រ ។ ក្រោយមក លោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺបានចេញដីកាសម្រេចលេខ២៨៤៤ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ប្រគល់វត្ថុដែលចាប់យកឲ្យម្ចាស់ដើមវិញ ក្នុងនោះក៏មានរថយន្តរបស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា១គ្រឿងម៉ាកតាកូម៉ាផងដែរ ។
លោក ជា មុនី បានប្រាប់ឲ្យដឹងថា ក្រោយពីតុលាការចេញដីកាសម្រេចប្រគល់វត្ថុដែលចាប់យកឲ្យម្ចាស់ដើមវិញនោះ គឺនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤ លោកបានដាក់ពាក្យស្នើសុំវត្ថុចាប់យកតាមនីតិវិធីនៃច្បាប់ ។ ប៉ុន្តែពេលលោកបានពិនិត្យមើលរថយន្តដែលនគរបាលខេត្តកំពង់ស្ពឺចាប់យកនោះឃើញថា មានការខូចខាតយ៉ាងច្រើនខុសពីស្ថានភាពដើមរបស់រថយន្ត ជាហេតុធ្វើឲ្យលោកមិនអាចទទួលយកបាន ទើបលោកសម្រេចចិត្តប្តឹងលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមន្ត្រីនគរបាលយុត្តិធម៌ពាក់ព័ន្ធពីបទធ្វើឲ្យខូចខាតដោយចេតនាតែម្តង ។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្រោយការចាប់យកនូវទ្រព្យសម្ភារៈរបស់សហជីព និងរបស់បុគ្គលិកសហជីព ព្រមទាំងរបស់កម្មកររោងចក្រសាប្រ៊ីណាមួយចំនួននោះ គឺសមត្ថកិច្ចនគរបាលមិនបានបញ្ជូនវត្ថុចាប់យកប្រគល់ឲ្យស្ថាប័នតុលាការសាលាដំបូងខេត្តកំពង់ស្ពឺភ្លាមៗ ជាមួយនឹងការបញ្ជូនសំណុំរឿងឡើយ លុះដឹងថាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺសម្រេចប្រគល់វត្ថុដែលចាប់យកឲ្យម្ចាស់ដើមវិញ ទើបសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺប្រគល់វត្ថុចាប់យកទាំងនោះមកឲ្យស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺតាមក្រោយទាំងខុសទំនង ។
លោក ជា មុនី ដែលជាដើមបណ្តឹងរដ្ឋប្បវេណី បានសំណូមពរឲ្យតុលាការធ្វើការផ្តន្ទាទោសទៅលើលោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមន្ត្រីនគរបាលយុត្តិធម៌ពាក់ព័ន្ធពីបទធ្វើឲ្យខូចខាតដោយចេតនាតាមច្បាប់ និងសូមឲ្យលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមន្ត្រីនគរបាលយុត្តិធម៌ពាក់ព័ន្ធរ៉ាប់រងចេញថ្លៃសងការខូចខាតរថយន្តដែលចាប់យកពីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ។
ប្រភពព័ត៌មានពីបុគ្គលិកសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅក្នុងថ្ងៃកង កម្លាំងចុះបង្ក្រាបកម្មករ កម្មការិនីរោងចក្រសាប្រ៊ីណាធ្វើកូដកម្ម និងពេលដែលសមត្ថកិច្ចនគរបាល ចាប់យករថយន្តរបស់សហជីពសេរីកម្មករនៃព្រះរាជា ណាចកក្រកម្ពុជានោះ គេក៏ឃើញមានវត្តមាន ផ្ទាល់របស់លោកវរសេនីយ៍ឯក សម សាមួន នាយនគរបាលជាតិជាន់ខ្ពស់ អត្តលេខ០១៤១៤ផងដែរ (បច្ចុប្បន្ន លោកវរសេនីយ៍ឯក សម សាមួន ត្រូវបានដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី ដោយព្រះ រាជក្រឹត្យលេខនស/រកត/០៧១៣/៨៦៦ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ គឺក្រោយពេលចុះបង្ក្រាប និងចាប់ខ្លួនកម្មកររោងចក្រ សាប៊្រីណារួចមក ) ។
នៅក្នុងករណីដែលលោក ជា មុនី ប្តឹងលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមន្ត្រីនគរបាលយុត្តិធម៌ពាក់ព័ន្ធឯទៀតៗពីបទធ្វើឲ្យខូចខាតដោយចេតនានេះ គេមិនទាន់ដឹងថា លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ឬតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ហ៊ានចោទប្រកាន់បើកការស៊ើបសួរទៅលើលោកឧត្តមសេនីយ៍ត្រី កែវ ពិសី នាយនគរបាលជាតិជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ អត្តលេខ០៣៧៦ ជាស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមន្ត្រីនគរបាលយុត្តិធម៌ឯទៀត ឬយ៉ាងណានោះទេ ៕
Source from: www.dtn7.com

Loading...
Loading...